យុទ្ធនាការ«កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក»មានអ្នកចូលរួមជាង៩លាននាក់
យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ត្រូវបានអនុវត្ត ចាប់តាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។ រហូតបច្ចុប្បន្ន យុទ្ធនាការនេះ មានសាធារណជន និងព្រះសង្ឃចូលរួមសរុបចំនួន ៩,៥៣៥,៤៨៥អង្គ/នាក់។
មកដល់ពេលបច្ចុប្បន្ន យុទ្ធនាការ«កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក» មានការចូលរួមពីសាលារៀន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស វត្តអារាម ព្រះសង្ឃ និងមន្ត្រីរាជការ ជាដើម។ នៅក្នុងនោះ សាលាចំនួន ១២,១៩៩ សាលា អនុវត្តបាន ១០០%, លោកគ្រូ អ្នកគ្រូ ១០៤,៣៧៨នាក់ អនុវត្តបាន ១០០%, សិស្សានុសិស្សចំនួន ៣,៦៦១,៧៥២ នាក់ អនុវត្តបាន ១០០%, វត្តអារាម ២០០វត្ត, ព្រះសង្ឃ ៨,៤៨៩អង្គ, មន្ត្រីរាជការ ៨៥,៣៧១នាក់, ប្រជាពលរដ្ឋ/និយោជិតចំនួន ៥,៦៧៥,៤៩៥នាក់។
ក្រសួងបរិស្ថានបានបង្កើតយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ក្រោមគំនិតផ្តួចផ្តើម របស់លោក អ៊ាង សុផល្លែត ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ សោភ័ណភាពទីក្រុង និងមូលដ្ឋាន ឱ្យបានប្រសើរឡើងបន្ថែមទៀត ព្រមទាំងលើកស្ទួយសេដ្ឋកិច្ចជាតិផងដែរ តាមរយៈការលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសថង់ប្លាស្ទិក។
សូមជម្រាបថា បន្ទាប់ពីជោគជ័យនូវការអនុវត្តយុទ្ធនាការ«កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក» ក្រសួងបរិស្ថាន បានអនុវត្តយុទ្ធនាការមួយទៀត គឺយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលយុទ្ធនាការនេះ បានអនុវត្តកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ និងរហូតមកដល់បច្ចុប្បន្ននេះ មានសិស្សានុសិស្ស ព្រះសង្ឃ ប្រជាពលរដ្ឋ និងនិយោជិត ប្រមាណ ២,៣៦៩,៩៧៧ អង្គ/នាក់ បានចូលរួមយុទ្ធនាការនេះ៕