មូលនិធិសម្តេចប៉ាបបានចំណាយអស់ប្រមាណជា ២២៥ លានដុល្លារ
វ៉ាទីកង់ញូវបានរាយការណ៍ថា មូលនិធិសម្តេចប៉ាបដែលបានបង្កើតឡើងកាលពីឆ្នាំ ១៩៨៨បានចំណាយថវិកាសរុបប្រមាណជា ២២៥លានដុល្លារ ។
ទឹកប្រាក់ទាំងនេះត្រូវបានចំណាយ សម្រាប់បុព្វហេតុនានា ដែលជាផ្នែកមួយនៃបេសកកម្មរបស់ខ្លួនដើម្បីគាំទ្រសម្តេចប៉ាបក្នុងកិច្ចខិតខំប្រឹងប្រែងអប់រំជំនឿ និងសប្បុរសធម៌របស់ព្រះសហគមន៍ នៅទូទាំងពិភពលោក។
មូលនិធិដែលមានកំណើតនៅសហរដ្ឋអាមេរិកនេះ បានពង្រីកកម្មវិធីផ្តល់អាហារូបករណ៍នៅទូទាំងពិភពលោក ដោយផ្តល់ជំនួយក្នុងផ្នែកដូចជាការកសាងសាលារៀននៅទ្វីបអាហ្រ្វិក ការផ្តល់ការថែទាំសុខភាពនៅអាមេរិកឡាទីន និងការផ្តល់អាហារូបករណ៍។
នៅក្នុងឆ្នាំ ២០២៤ តែមួយ មូលនិធិនេះ បានគាំទ្រគម្រោងសរុបចំនួន ១១៨ គម្រោង នៅក្នុងប្រទេស ជាង ៦០។ គម្រោងទាំងនេះគឺកំពុងតែឆ្លើយតបនឹងតម្រូវការសំខាន់ៗ រួមទាំង ទឹកស្អាត ការសាងសង់សាលារៀន ការជួសជុលសាលារៀន និង ការផ្តល់អាហារូបករណ៍ ។
សម្រាប់កម្មវិធីផ្តល់អាហារូបករណ៍វិញមូលនិធិនេះបានផ្តល់ដល់និស្សិតជាគ្រហស្ថ និង និស្សិតទេវវិទ្យាល័យមកសិក្សានៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី បានសរុបចំនួន ប្រមាណជា ២០០០ នាក់ ។
មូលនិធិនេះក៏ត្រូវបានរៀបចំឡើង សម្រាប់ការងារបកប្រែ ការបង្រៀននិងកម្មវិធីអប់រំរបស់ព្រះសហគមន៍ ក្នុងការប្រកាសដំណឹងល្អ ការស្ដារព្រះវិហារ រៀបចំសិក្ខាសាលា និង ការចំណាយលើបរិក្ខារពេទ្យដើម្បីសង្រ្គោះជីវិតមនុស្សជាដើម៕