មហាជនចាត់ទុកថ្ងៃទី ៧មករា ជាគ្រឹះសន្តិភាពសម្រាប់កម្ពុជា
រយៈពេល៤៧ឆ្នាំកន្លងមកនេះ ទោះលំបាកលាយលំនិងអំណរខ្លះ នឿយហត់រួមជាមួយភាពរីកចម្រើនក៏មានច្រើន បរាជ័យនិងការរៀនសូត្រដើម្បីជ័យជំនះក៏បានប្រសើរដែរ ដែលរួមផ្សំពីការពួតដៃគ្នាដើម្បីស្ថាបនាជាតិ ក្រោយរបបប្រល័យពូជសាសន៍បានដួលរលំ គឺនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ កម្ពុជាបានទទួលសន្តិភាព និងមានស្ថេរភាពក្នុងសង្គម ហើយបានចូលរួមក្នុងសហគមន៍ប្រជាជាតិអាស៊ីស្មើមុខមាត់នឹងគេ។ នេះជាមោទកភាពសម្រាប់ប្រជាជនទាំងអស់ ជាពិសេសយុវជនជំនាន់ក្រោយ។
យុវតី គុណ ម៉ារី ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យក្នុងទីក្រុងភ្នំពេញ បានអោយដឹងថា ទោះនាងមិនបានកើតក្នុងសម័យខ្មែរក្រហម ឬប៉ុលពត ដែលជាសម័យដែលធ្វើការសម្លាប់យ៉ាងរង្គាល និងប្រជាជនមិនមានសិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងជីវភាពប្រចាំថ្ងៃយ៉ាងណាក៏ដោយ តាមរយៈការសិក្សា យុវតីរូបនេះបានឲ្យដឹងថា របបមួយនេះ បានបន្សល់ទុកនូវទុក្ខវេទនារបស់ប្រជាជនខ្មែរ។
ស្រដៀងគ្នានេះ យុវ័ន រៀល សុផាន់ណា ជានិស្សិតសកលវិទ្យាល័យមួយក្នុងទីក្រុងភ្នំពេញ បានអោយដឹងថា ថ្ងៃ៧ មករា ជាថ្ងៃមួយរបស់ប្រជាជាតិកម្ពុជា ដែលបានរួចផុតពីរបបដ៏ខ្មៅងងឹត គុកឥតជញ្ជាំង រួចផុតពីការកាប់សម្លាប់យ៉ាងសាហាវយងឃ្នង ប្រសិនជាគ្មានថ្ងៃ ៧មករា ពិតណាស់គឺគ្មានមូលដ្ឋានគ្រឹះនៃសន្តិភាពនោះទេ។
បន្ថែមពីនេះ យុវ័ន ជួន សុផាន់ណាដែត បានបន្ថែមថា «សន្តិភាព» ពិតជាសំខាន់ណាស់សម្រាប់ពិភពលោកទាំងមូល ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។ តួយ៉ាងដូចជាពេលបច្ចុប្បន្ន សន្តិភាពពិតជាមានសារៈសំខាន់សម្រាប់កម្ពុជា ដែលកំពុងតែមានសង្គ្រាមនៅតាមបន្ទាប់ព្រំដែនកម្ពុជា និងថៃ។
ជាបុគ្គលិកក្រុមហ៊ុន ឯកជន លោក ទុយ លីហុក បានអោយដឹងថា ប្រសិនបើគ្មានសន្តិភាព ប្រជាជាតិនឹងជួបវិនាសសកម្ម ផ្ដល់នូវទុក្ខវេទនា ហើយបើយើងក្រឡេកមើលទៅសង្គ្រាមនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ ពលរដ្ឋរងទុក្ខលំបាកទោះបីជាមានស្បៀងសម្រាប់ហូបចុកក៏ដោយ។ លោក បានបន្តថា មិនត្រឹមតែប៉ុណ្ណេះ ប្រទេសជាតិត្រូវរងការបំផ្លិចបំផ្លាញលើហេដ្ឋារចនាសម្ព័ន្ធ កុមារនិងយុវជនមិនអាចទទួលបានការសិក្សាអប់រំបន្តទៀតដើម។
លោក បានសំណូមពរដល់យុវជន ដែលជាទំពាំងស្នងឫស្សីទាំងអស់ ព្យាយាមខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីវិវត្តខ្លួនជាធនធានមនុស្សដែលមានគុណភាព ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។
នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានយកឈ្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយបានប្រកាសថ្ងៃជ័យជម្នះទាំងស្រុង គឺ ៧ មករា ១៩៧៩នេះ ហើយវាបានក្លាយជាមរតកប្រវត្តិសាស្រ្ត បើកទំព័រថ្មីសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។
គិតមកត្រឹមថ្ងៃពុធ ទី០៧ ខែមករា ឆ្នាំ២០២៦ នេះ គឺមានរយៈពេល ៤៧ឆ្នាំគត់ នៃការដួលរលំរបស់របបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលត្រូវបានចាត់ទុកជាសម័យកាលដ៏ខ្មៅងងឹតបំផុតនៃព្រះរាជាណាចក្រមួយនេះ ឬអាចហៅបានថាជាកម្ពុជាឆ្នាំសូន្យ។ តាមតួលេខពីខាងរដ្ឋាភិបាល គឺមានប្រជាពលរដ្ឋខ្មែរប្រមាណជិត២លាននាក់ បានស្លាប់ដោយកត្តាផ្សេងៗ រួមមាន ការសម្លាប់ ការធ្វើទារុណកម្ម ភាពអត់ឃ្លាន ធ្វើការដោយហួសកម្លាំង និងជំងឺផ្សេងៗ។ មិនតែប៉ុណ្ណោះ ហេដ្ឋារចនាសម្ព័ន្ធជាតិត្រូវបានបំផ្លាញទាំងស្រុង ហើយក៏គ្មានការគោរពបូជាសាសនាណាមួយត្រូវបានអនុញ្ញាតដែរ៕