មន្ទីរពេទ្យបំាប៊ីណូ ជេស៊ូ គឺជាមន្ទីរពេទ្យសម្តេចប៉ាបតំាងពី១០០ឆ្នាំមុន
ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះគឺជាថ្ងៃគម្រប់ខួប១០០ឆ្នាំដែលមន្ទីរពេទ្យកុមារ បាំប៊ីណូ ជេស៊ូ (Bambino Gesù ) ក្លាយជាមន្ទីរពេទ្យកុមារដ៏ល្បីល្បាញរបស់សម្តេចប៉ាប។
វ៉ាទីកង់ញូវបានរាយការណ៍ នៅពេលបង្កើតដំបូងដែលគេចាំបានថានៅក្នុងឆ្នាំ១៨៦៩ មន្ទីរពេទ្យ បាំប៊ីណូ ជេស៊ូ បានចាប់កំណើតឡើងដើម្បីសង្រ្គោះជីវិតកុមារ ។
នៅពេលបង្កើតដំបូងនៅពេលនោះមន្ទីរពេទ្យនេះមានគ្រែសម្រាប់សង្រ្គោះជីវិតមនុស្សត្រឹមតែ ១២ គ្រែប៉ុណ្ណោះ។ ដោយនៅពេលនោះ មន្ទីរពេទ្យនេះគឺជាមន្ទីរពេទ្យដំបូងគេបំផុតដែលបានបង្កើតឡើងដើម្បីសង្រ្គោះជីវិតកុមារមុនគេនៅក្នុងទីក្រុងរ៉ូម។
ក្រោយពេលដែលដំណើរការជាបន្តបន្ទាប់រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១៩២៤ គណៈគ្រប់ គ្រងមន្ទីរពេទ្យក៏បានសម្រេចប្រគល់មន្ទីរពេទ្យនេះជូនទៅសន្តអាសនៈជាអ្នកគ្រប់គ្រង ដើម្បីបន្តបេសកម្មសង្រ្គោះជីវិតកុមារដែលមានជំងឺនៅក្នុងទីក្រុងរ៉ូម និងពិភពលោក។
នៅមុនពេលមន្ទីរពេទ្យនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់សន្តអាសនៈ មន្ទីរពេទ្យនេះ ត្រូវបានគេដឹងថា បានជួយសង្រ្គោះជីវិតមនុស្ស៣៣.០០០ នាក់ ដោយរួមទាំងគ្រោះរញ្ជួយដីកាលពីឆ្នាំ១៩១៥ ដែលបានបង្កឲ្យកុមារ ៤២០ នាក់ ត្រូវចូលមកសង្រ្គោះនៅពេលតែមួយ ហើយក៏ជាមន្ទីរពេទ្យដែលបានទទលអ្នកជំងឺឆ្លងដ៏សាហាវនៅអឺរ៉ុបកាលពីឆ្នាំ១៩១៨។
រហូតមកដល់ពេលសព្វថ្ងៃនេះ ហើយជាពិសេសគឺនៅពេលស្ថិតនៅក្រោមការគ្រប់គ្រងរបស់របស់សន្តអាសនៈ មន្ទីរពេទ្យបានជួយកុមាររាប់សិបនាក់ ដោយឡែកសម្រាប់កម្ពុជាក៏មានកុមារ មួយចំនួនអាចរស់រាន្តមានជីវិតដោយសារតែមន្ទីរពេទ្យនេះផងដែរ៕