មណ្ឌលសកម្មភាពភ្នំពេញខាងត្បូងរៀបចំកម្មវិធី បោះជំរំកុមារ​

មណ្ឌលសកម្មភាពភ្នំពេញខាងត្បូង បានរៀបចំកម្មវិធីបោះជំរំកុមាររយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី៨-៩ ខែវិច្ឆិកា ក្រោមប្រធានបទ «ព្រះយេស៊ូស្រឡាញ់ខ្ញុំ» នៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានកុមារចំនួន ៤០នាក់ ទាំងគ្រីស្តបរិស័ទ និងពុទ្ធបរិស័ទ មកពីតំបន់នានាក្បែរព្រះវិហារចូលរួម។

លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល ជាបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពភ្នំពេញខាងត្បូង បានឱ្យដឹងថា នេះគឺជាកម្មវិធីដំបូងដែលព្រះសហគមន៍រៀបចំឡើង ដើម្បីឱ្យកុមារដែលមានអាយុពី ៧ឆ្នាំដល់ ១៥ឆ្នាំ បានយល់ដឹងថា ព្រះយេស៊ូស្រឡាញ់ពួកគាត់ ទោះបីពេលខ្លះពួកគាត់ជួបប្រទះបញ្ហា ឬទុក្ខលំបាកនៅក្នុងគ្រួសារ ឬនៅសាលារៀន និងពេលខ្លះមានការឈ្លោះប្រកែកគ្នា តែព្រះយេស៊ូនៅតែស្រឡាញ់ពួកគេជានិច្ច។

កម្មវិធីដ៏មានអត្ថន័យនេះ មានការចូលរួមគាំទ្រពីយុវជនស្ម័គ្រចិត្តចំនួន ២០នាក់ ដើម្បីជួយរៀបចំ និងដឹកនាំកុមារទាំងនោះ។ ក្នុងអំឡុងពេលបោះជំរំរយៈពេល ២ថ្ងៃនេះ កុមារទាំងអស់បានចូលរួមសកម្មភាពជាច្រើន រួមមាន៖


ថ្ងៃទី១៖ កុមារបានមកជួបជុំគ្នាដើម្បីស្គាល់គ្នា លេងល្បែងកំសាន្ត ចូលរួមក្នុងពិធីអភិបូជានៅពេលល្ងាច និងបានបញ្ចេញទេពកោសល្យរៀងៗខ្លួន តាមរយៈការសម្តែងរឿង ការប្រលងច្រៀង និងរាំលេងកម្សាន្តជាមួយគ្នា។

ថ្ងៃទី២៖ មានការអប់រំខ្លីៗអំពីប្រធានបទ «ព្រះយេស៊ូស្រឡាញ់ខ្ញុំ» ដោយលើកទឹកចិត្តឱ្យកុមាររិះគិតអំពីអ្វីដែលខ្លួនបានជួបប្រទះ និងចេះផ្ញើគ្រប់រឿងរ៉ាវទាំងអស់ទៅកាន់ព្រះយេស៊ូ។
 

យុវតី​ ប៊ិត សុមេត្តា មកពីមណ្ឌលបងស្រីឧបការគុណ បានបង្ហាញចំណាប់អារម្មណ៍ថា កម្មវិធីនេះ​បាន​ជួយ​ឲ្យ​នាង​បានស្គាល់មិត្តភក្តិថ្មីៗ និងបានរៀនសូត្រអំពីបទពិសោធន៍របស់លោកសាខេក្នុងគម្ពីរ ដែលទោះបីជាគាត់ជាមនុស្សបាបយ៉ាងណាក៏ដោយ ក៏ព្រះយេស៊ូនៅតែស្រឡាញ់គាត់ដែរ។

យុវតី​ សេង ធីតា មកពីបឹងទំពុន បានរៀបរាប់យ៉ាង​សប្បាយរីករាយនិងរំភើប ពេលនាង​បានលេងជាមួយបង​ប្អូន និង​បាន​យល់ដឹងអំពី​ជំនឿ​ច្រើន​ជាង​មុន។ នាង​បានបញ្ជាក់ថា៖ កម្មវិធីនេះ«ធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ពេលអធិដ្ឋានយើងស្គាល់ព្រះជាម្ចាស់កាន់តែជ្រៅជាងមុន»។ នាងបានបន្ថែមថា ក្រោយការរៀនសូត្ររយៈពេលពីរថ្ងៃនេះ នាងយល់ថាបន្ទាប់ពីបានស្តាប់ព្រះបន្ទូល និងរិះគិតហើយ «ខ្ញុំគួរតែប្រែចិត្តគំនិត និងស្រឡាញ់គ្នាទៅវិញទៅមកដូចព្រះយេស៊ូដែលស្រឡាញ់ខ្ញុំដែរ»។

លោក​បូជាចារ្យ​ហ្វ្រង់ស័រ រំពឹងថា កម្មវិធីនេះ នឹង​មាន​នៅ​ឆ្នាំក្រោយៗ​ទៀត​ ប្រសិន​បើ​កម្មវិធី​លើកនេះ​ទទួល​បាន​នូវ​ពិសោធន៍ល្អៗ និង​ការ​គាំទ្រ​ពី​ឪពុកម្តាយ និង​អាណាព្យាបាល​កុមារ។ លោក​ថា ប្រហែល​លើកក្រោយ​អាច​នឹង​មាន​រយៈពេល​វែងជាងនេះ៕

ដោយ​​កែវ កញ្ញា

Daily Program

Livesteam thumbnail
khmer popup image