ព្រះសហគមន៍អ្នកលឿង ឆ្លងទ្វារដ៏វិសុទ្ធ
នៅថ្ងៃអាទិត្យទី៣ ក្នុងរដូវធម្មតា ព្រះវិហារគ្រួសារដ៏វិសុទ្ធ(អ្នកលឿង) ក្នុងភូមិភាគកំពង់ចាម បានប្រារព្ធអភិបូជាឆ្លងទ្វារដ៏វិសុទ្ធ ដែលជាទីសក្ការដ្ឋានមួយសម្រាប់ឆ្នាំមហាករុណាទិគុណ ក្រោមអធិបតីភាពរបស់លោកបូជាចារ្យ សេរ៉ាល់ វ៉ូសាំង អ្នកទទួលខុសត្រូវនៅព្រះសហគមន៍អ្នកលឿង នាថ្ងៃទី២៦ ខែមករានេះ ដែលមានគ្រីស្តបរិស័ទចូលរួមយ៉ាងច្រើនកុះករ។
លោកបូជាចារ្យ សេរ៉ាល់ វូសាំង អ្នកទទួលខុសត្រូវព្រះវិហារគ្រួសារដ៏វិសុទ្ធបានឲ្យដឹងថា ឆ្នាំព្រះមហាករុណាទិគុណនេះ សម្តេចប៉ាបបានបានរៀបចំដើម្បីឲ្យគ្រីស្តបរិស័ទធ្វើដំណើរទៅរកសេចក្តីសង្ឃឹម ជាការសង្គ្រោះសម្រាប់យើងនៅលើផែនដីនាពេលបច្ចុប្បន្ននេះ។ ហើយសេចក្តីសង្ឃឹមរបស់យើងជាការជឿ ការផ្ញើជីវិត សេចក្តីស្រឡាញ់ចំពោះព្រះយេស៊ូ និងខិតខំបំពេញកិច្ចការរបស់ព្រះអង្គក្នុងជីវិតខ្លួនឯង។
លោកបានបញ្ជាក់ទៀតថា លោកអភិបាលព្រះសហគមន៍ភូមិភាគកំពង់ចាមបានសុំឲ្យព្រះសហគមន៍អ្នកលឿងទៅជាកន្លែងមួយសម្រាប់ធ្វើបូជនីយចរក្នុងឱកាសឆ្នាំព្រះមហាករុណាទិគុណនេះ ដោយមានមូលហេតុពីរ គឺទីមួយ ព្រះវិហារអ្នកលឿងជាព្រះវិហារមួយធំជាងគេ និងជាព្រះវិហារចាស់ជាងគេក្នុងភូមិភាគកំពង់ចាម ដែលបានបង្កើតតាំងពីឆ្នាំ១៨៦៣។ ទីពីរនោះគឺ នៅព្រះវិហារគ្រួសារដ៏វិសុទ្ធនៃព្រះសហគមន៍អ្នកលឿងនេះ មានគ្រីស្តបរិស័ទបូជាជីវិតដើម្បីជំនឿនិងសេចក្តីសង្ឃឹមរបស់គេជាច្រើននាក់។
លោកសេរ៉ាល់ បានសំដៅដល់ លោកបូជាចារ្យ សិលា ឡេ ធឿង ឌុង (Le Thuong Dung) បូជាចារ្យភូមិភាគ និងបងប្រុស ដាមីយ៉ាំង ដាំង ង៉ុក អាំង (Dang Ngoc An) ក្រុមបព្វជិតគ្រួសារដ៏វិសុទ្ធបាណាម លោកបូជាចារ្យ យ៉ូសែប វឺលីយេស (VULLIEZ Joseph) លោកបូជាចារ្យ ហ្វ្រង់ស័រ ក្លូឌែល (Francois Claulel) និងលោកបូជាចា្យ វ៉ាំងសង់ រ៉ូឡង់ (Vincent Rollin) ដែលបានបម្រើនិងបានបូជាជីវិតក្នុងពេលសង្គ្រាម។
លោកបូជាចារ្យទទួលខុសត្រូវបានបន្ថែមថា «ដូច្នេះ នៅព្រះសហគមន៍អ្នកលឿងនេះជាដីនៃមរណសាក្សីមួយ»។
ព្រះសហគមន៍អ្នកលឿង ស្ថិតក្នុងខេត្តព្រៃវែង ដែលមានអាយុកាល១៦០ឆ្នាំ ហើយសព្វថ្ងៃមានគ្រីស្តបរិស័ទមានគ្រីស្តបរិស័ទចំនួន១៣០០នាក់ ភាគច្រើនជាអាជីវករ។
លោកបូជាចារ្យរូបនេះបន្តទៀតថា ក្នុងឱកាសឆ្នាំមហាករុណាទិគុណនេះ ព្រះសហគមន៍អ្នកលឿង នឹងមានកម្មវិធីបូជនីយចររួមជាមួយភូមិភាគ ហើយគ្រីស្តបរិស័ទនឹងចូលរួមក្នុងក្រុមចំនួន២ គឺទីមួយ ក្រុមអាននិងរិះគិតព្រះបន្ទូលប្រចាំសប្តាហ៍ និងទីពីរ ក្រុមសន្តវ៉ាំងសង់ដឺប៉ូលដើម្បីធ្វើកិច្ចការធម៌មេត្កាករុណា។
នៅក្នុងវិហារលើអាសនៈ មានរៀបចំជាឃ្លាព្រះបន្ទូល «ប្រសិនបើមានអ្នកណាម្នាក់ឮសំឡេងខ្ញុំ ហើយបើកទ្វារឲ្យ ខ្ញុំនឹងចូលទៅក្នុងផ្ទះហើយរួមតុជាមួយអ្នកនោះ» (វវ ៣,១០)។ លោកបូជាចារ្យសេរ៉ាល់ បញ្ជាក់ថា ឃ្លាព្រះបន្ទូលនេះ បញ្ជាក់អំពីបេះដូងរបស់គ្រីស្តបរិស័ទម្នាក់ៗជាទ្វារដ៏វិសុទ្ធ «មិនមែនមានទ្វារតែមួយទេ តែមានទ្វារដ៏វិសុទ្ធរាប់ពាន់ រាប់ម៉ឺន រាប់លាន គឺបេះដូងរបស់យើងទៅជាទ្វារដ៏វិសុទ្ធ ដើម្បីឲ្យព្រះអង្គចូលក្នុងជីវិតរបស់យើង»។
ឆ្នាំមហាករុណាទិគុណ ជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ដែលគ្រីស្តបរិស័ទម្នាក់ៗអាចទទួលពិសោធន៍ពីធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ឥតព្រំដែន ដែលណែនាំឲ្យពួកគេអាចផ្សះផ្សារជាមួយព្រះជាម្ចាស់បាននិងទទួលការលើកលែងទោសឲ្យរួចពីអំពើបាបពេញលក្ខណៈ។
ព្រះសហគមន៍បានកំណត់យកឆ្នាំមហាករុណាទិគុណនេះ រៀងរាល់៥០ឆ្នាំម្តង ហើយក្នុងឆ្នាំនេះ សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូបានប្រកាសបើកឆ្នាំមហាករុណាទិគុណ ក្រោមប្រធានបទ «បូជនីយេសក៍ឆ្ពោះទៅកាន់សេចក្តីសង្ឃឹម» និងបានបើកទ្វារដ៏វិសុទ្ធនៅទីក្រុងរ៉ូមកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១០២៤ នៅរាត្រីបុណ្យព្រះយេស៊ូប្រសូត ដើម្បីឲ្យបូជនីយេសក៍ម្នាក់ៗអាចទទួលការសង្គ្រោះនេះ។ ហើយទ្រង់ក៏អនុញ្ញាតឲ្យភូមិភាគនីមួយៗមានទ្វារមួយ ដើម្បីឲ្យគ្រីស្តបរិស័ទអាចឆ្លងកាត់ដូចនៅទីក្រុងរ៉ូមផងដែរ។
ក្នុងភូមិភាគកំពង់ចាម លោកអភិបាល សិលា សួន ហង្សលី អភិបាលនៃភូមិភាគនេះ បានជ្រើសរើសព្រះសហគមន៍អ្នកលឿង ឲ្យបង្កើតទ្វារសក្ការមួយដើម្បីឲ្យគ្រីស្តបរិស័ទអាចឆ្លងកាត់បាន ហើយលោកបានរៀបចំកន្លែងចំនួន៣ផ្សេងទៀត ដើម្បីឲ្យគ្រីស្តបរិស័ទធ្វើបូជនីចរ រួមមាន ទីមួយព្រះសហគមន៍សន្តយ៉ូសែបក្តុលលើ ទីពីរព្រះសហគមន៍ក្រចេះ និងទីបីព្រះសហគមន៍សន្តយ៉ូហានបាទីស្តប៊ូស្រា (មណ្ឌលគិរី)៕
ដោយ៖ ម៉េង ភីឡុង