ព្រះសហគមន៍នៅមីយ៉ាន់ម៉ាព្រមានពីទុក្ខលំបាករបស់ជនស៊ីវិល ហើយអរគុណសម្តេចប៉ាបសម្រាប់ការគាំទ្រ

មេដឹកនាំព្រះសហគមន៍កាតូលិកក្នុងប្រទេសមីយ៉ាន់ម៉ាបានស្វាគមន៍ការអំពាវនាវជាថ្មីរបស់សម្តេចប៉ាប ឡេអូទី១៤ សម្រាប់សន្តិភាព ដោយសារតែអំពើហិង្សា និងការផ្លាស់ទីលំនៅបន្តបំផ្លិចបំផ្លាញសហគមន៍នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះ ជាពិសេសនៅតំបន់ ភាគខាងជើងនិង ភាគកណ្តាលប្រទេស។
លោក បូជាចារ្យ សិលា សី ហ្លាំង អូ (Peter Sein Hlaing Oo)នាយកផ្នែករដ្ឋបាលនៃអគ្គភូមិភាគ មេនដាឡេ បានអះអាងថា នៅទូទាំងប្រទេសមីយ៉ាន់ម៉ាមានតំបន់ដែលការប្រយុទ្ធគ្នាកំពុងកើតឡើង ជាកន្លែងដែលមនុស្សត្រូវភៀសខ្លួន និងជាកន្លែងដែលជនស៊ីវិលកំពុងរងទុក្ខលំបាកយ៉ាងខ្លាំង។
លោកបូជាចារ្យបានបន្ថែមថា នៅក្នុងអគ្គភូមិភាគ មេនដាឡេ របស់យើង ជាពិសេស តំបន់ សាហ្គាំង (Sagaing) គឺរងផលប៉ះពាល់ខ្លាំងបំផុតដោយការប៉ះទង្គិច ការបំផ្ទុះគ្រាប់បែក និងការរងទុក្ខដ៏ធំធេងរបស់ប្រជាជនស៊ីវិល"។
លោកបូជាចារ្យក៏បានឆ្លៀតឱកាសនោះថ្លែងអំណរគុណដល់សម្តេចប៉ាបឡេអូទី១៤ ដែលទ្រង់បានមានបន្ទូលកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ រំលឹកពីអំពើហិង្សាដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានបន្តលើកទឹកចិត្តឲ្យបុព្វជិតនិងគ្រិស្តបរិស័ទនៅក្នុងប្រទេស បន្តផ្តល់នូវការលើកទឹកចិត្តដល់សហគមន៍ដែលមានអារម្មណ៍ឯកោកាន់តែខ្លាំងឡើងដោយសារវិបត្តិ។
លោកបូជាចារ្យបានបន្តថា មកដល់ពេលនេះ អស់លោកបូជាចារ្យរបស់យើងធ្វើការយ៉ាងក្លាហានដើម្បីប្រជាជន ជាពិសេសមនុស្សចាស់ ស្ត្រី និងកុមារ ដែលជារឿយៗខ្វះសូម្បីតែសម្ភារៈចាំបាច់ សម្រាប់ផ្គត់ផ្គង់ខ្លួនឯង។
លោកបានមានប្រសាសន៍ថា យើងបានធ្វើការរួមជាមួយនឹងអ្នកកាន់សាសនា និងគ្រូបង្រៀន នានាពួកគេកំពុងផ្តល់សេវាសង្គមនៅក្នុងតំបន់ដែលមានគ្រោះថ្នាក់ខ្លាំង ដោយសារពួកគេបានរងផលប៉ះពាល់ដោយសង្រ្គាមនិងដោយគ្រោះមហន្តរាយផ្សេងៗ៕
Daily Program
