ព្រះសហគមន៍ហ្វីលីពីន ផ្តល់អនុសាសន៍ដល់ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស
នៅក្នុងអំឡុងពេលនៃការប្រារព្ធទិវាប្រឆាំងការជួញដូរពិភពលោក ព្រះសហគមន៍នៅក្នុងប្រទេសហ្វីលីពីនបានអំពាវនាវដល់គ្រីស្តបរិស័ទ ឱ្យធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីធានាថាគ្មានកុមារណាម្នាក់ត្រូវរងគ្រោះដោយសារតែការជូញដូរ។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។
ក្រុមលោកអភិបាលបានចេញសេចក្តីថ្លែងថា រួមមួយថា យើងត្រូវតែអធិស្ឋាន និងចាត់វិធានការជាបន្ទាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរកុមារ ការពារក្រុមងាយរងគ្រោះ និងផ្តល់ការគាំទ្រដល់ជនរងគ្រោះ។
នៅក្នុងសារតំណាងដោយ លោកអភិបាល រូប៉េតូ គ្រូ សាន់តូស (Ruperto Cruz Santos) អនុប្រធានគណៈកម្មាធិការគ្រឹស្តសាសនាសម្រាប់ការថែទាំជនចំណាកស្រុក នៃក្រុមអន្តរសភាលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៃប្រទេសហ្វីលីពីនបានឲ្យដឹងថា គ្រីស្តបរិស័ទគឺពិតជាមានតួនាទីសំខាន់ណាស់នៅក្នុងកិច្ចការនេះ។
មកដល់ពេលបច្ចុប្បន្ននេះ កុមារជាច្រើននៅតែបន្តរងគ្រោះដោយ ការជួញដូរមនុស្ស រួមមាន ពលកម្មដោយបង្ខំ ការកេងប្រវ័ញ្ចផ្លូវភេទ ការរៀបការដោយបង្ខំ និងការជ្រើសរើសទាហានកុមារ។
ក្នុងចំណោមជនរងគ្រោះទាំងអស់ដែលត្រូវបានជួញដូរនៅទូទាំងពិភពលោក កុមារមានចំនួនជិតមួយភាគបីនៃជនរងគ្រោះ។
យោងតាមអង្គការពលកម្មអន្តរជាតិ បានឱ្យដឹងថា មានមនុស្សប្រមាណ ៤០ លាននាក់កំពុងតែរស់នៅនៅក្នុងស្ថានភាពទាសភាពសម័យទំនើបនៅទូទាំងពិភពលោក៕