ព្រះសហគមន៍កាតូលិកកម្ពុជាទទួលបានអភិបាលខ្មែរទីពីរ បន្ទាប់ពី ៥០ ឆ្នាំ

 ភ្នំពេញ៖ ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៥ — ព្រះសហគមន៍កាតូលិកនៅកម្ពុជាកំពុងទទួលដំណឹងដ៏រីករាយ និងជាប្រវត្តិសាស្ត្រមួយទៀត គឺសម្តេចប៉ាប លេអូ ទី ១៤ បានតែងតាំង លោកអភិបាល សិលា សួន ហង្សលី ជាអភិបាលឧបត្ថម្ភកៈព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះកើតឡើង ៥០ ឆ្នាំ បន្ទាប់ពីការតែងតាំងអភិបាលខ្មែរដំបូងបង្អស់ គឺ លោកអភិបាល យ៉ូសែប ឆ្មារ សាឡាស់ កាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ១៩៧៥។

កេរដំណែលអភិបាលខ្មែរដំបូង និងការរស់ឡើងវិញរបស់ព្រះសហគមន៍ នៅខែមេសា ឆ្នាំ ១៩៧៥ លោកអភិបាល យ៉ូសែប ឆ្មារ សាឡាស់ ត្រូវបានតែងតាំងជាអភិបាលខ្មែរដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រដ៏យូរលង់របស់ព្រះសហគមន៍កាតូលិកនៅកម្ពុជា។ ទោះជាយ៉ាងណា ការតែងតាំងនេះស្របពេលដែលប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងរបបខ្មែរក្រហមដ៏ខ្មៅងងឹតបំផុត។ លោកអភិបាល យ៉ូសែប ឆ្មារ សាឡាស់ ក៏បានក្លាយជាជនរងគ្រោះម្នាក់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ លោកបានទទួលមរណភាពនៅឆ្នាំ ១៩៧៧។

 បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ និងសង្គ្រាមស៊ីវិលបានធូរស្បើយ ព្រះសហគមន៍កាតូលិកបានរស់ឡើងវិញជាបណ្តើរៗ។ នៅឆ្នាំ ១៩៩២ សន្តអសនៈ បានតែងតាំងលោកអភិបាល អ៊ីវ រ៉ាមូស ជាអភិបាលភូមិភាគភ្នំពេញឡើងវិញ។ បន្ទាប់មក លោកអភិបាល អេមីល ដេតម្ប បានបន្តវេនពីឆ្នាំ ២០០១។ ចំណែកលោកអភិបាលបច្ចុប្បន្ន អូលីវីយ៉េ ជ្មីតហស្លេ ត្រូវបានតែងតាំងជាអភិបាលឧបត្ថម្ភកៈនៅឆ្នាំ ២០០៩ និងបានទទួលមុខពេញលក្ខណៈជាអភិបាលនៅឆ្នាំ ២០១០។

ការតែងតាំងលោកអភិបាល សិលា សួន ហង្សលី: សញ្ញានៃភាពចាស់ទុំ តាមលិខិតរបស់លោកអភិបាលអូលីវីយ៉េ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៥ បានបញ្ជាក់ថា ការតែងតាំងលោកអភិបាល សិលា សួន ហង្សលី នាពេលនេះ គឺជាអំណោយដ៏អស្ចារ្យសម្រាប់ព្រះសហគមន៍កាតូលិកនៅកម្ពុជា។ ព្រះសហគមន៍ភូមិភាគភ្នំពេញ គ្រប់ដណ្តប់រាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពត កែប ព្រះសីហនុ កោះកុង និងខេត្តកំពង់ស្ពឺ។

 លោកអភិបាល លី បានប្រសូតនៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ១៩៧២ នៅភូមិពោធំ ខេត្តកណ្តាល ដែលជាភូមិកំណើតរបស់លោកអភិបាល យ៉ូសែប ឆ្មារ សាឡាស់ ផងដែរ។ លោកបានទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យនៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០០១។ ពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០០៧ លោកបានបម្រើព្រះសហគមន៍នៅតំបន់កំពត និងតាកែវ។ បន្ទាប់មក លោកឪពុក លី បានទៅសិក្សានៅវិទ្យាស្ថានកាតូលិកនាទីក្រុងប៉ារីស រហូតដល់ឆ្នាំ ២០១៥។ ក្រោយត្រឡប់មកភ្នំពេញវិញ លោកជាបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មព្រះសហគមន៍កាតូលិកភ្នំពេញថ្មី ដែលជាមណ្ឌលសកម្មភាពព្រះសហគមន៍ទើបបង្កើតថ្មី។ លោកអភិបាលអូលីវីយ៉េ ក៏បានតែងតាំងលោកជាតំណាងពេញសិទ្ធិរបស់លោកអភិបាលភូមិភាគភ្នំពេញផងដែរ។ នៅខែកក្កដា ឆ្នាំ ២០២២ លោកត្រូវបានតែងតាំងជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម។

លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ ដែលជាអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញអស់រយៈពេលជាច្រើនឆ្នាំ បានសម្តែងក្តីរីករាយ និងអរព្រះគុណព្រះអម្ចាស់ចំពោះវត្តមានរបស់លោកអភិបាល លី ជាអភិបាលឧបត្ថម្ភកៈរបស់លោក។ លោកអភិបាលអូលីវីយ៉េបន្តថា លោកអភិបាល លី ដែលស្គាល់ភូមិភាគភ្នំពេញច្បាស់ជាមួយនឹងភាពចម្រុះ ភាពស្វាហាប់ និងបញ្ហាប្រឈម នឹងបន្តបេសកកម្មរួមគ្នាជាមួយលោក ដើម្បីកសាងព្រះសហគមន៍នៅក្នុងភូមិភាគភ្នំពេញ ជាមួយអស់លោកបូជាចារ្យ និស្សិតទេវវិទ្យា ក្រុមបព្វជិត បព្វជិតា ការិយាល័យក្នុងភូមិភាគទាំងអស់ ព្រះសហគមន៍នីមួយៗ អង្គការកាតូលិកនានា និងក្រុមសាសនទូតនានាជាគ្រហស្ត

Daily Program

Livesteam thumbnail