ព្រះសហគមន៍កម្ពុជាចេញសារអំពាវនាវឲ្យមានបទឈប់បាញ់ និងសុំសន្តិភាព
នៅរសៀលថ្ងៃទី១២ ខែធ្នូនេះ ក្នុងថ្ងៃបុណ្យគោរពព្រះនាងព្រហ្មចារិនីម៉ារី នៅហ្គ័រដាឡូពេ លោកអភិបាលព្រះសហគមន៍កាតូលិកនៅកម្ពុជាទាំងបីភូមិភាគរួមមាន លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេនៃភូមិភាគភ្នំពេញ លោកសិលា សួន ហង្សលីនៃភូមិភាគកំពង់ចាមនិងជាអភិបាលឧបត្ថម្ភកៈនៃភូមិភាគភ្នំពេញ និងលោកអេនរីគេ ហ្វីការេដូនៃភូមិភាគបាត់ដំបង បានចេញសេចក្តីអំពាវនាវឲ្យមានបទឈប់បាញ់ និងសុំសន្តិភាព។
នៅក្នុងសារនោះបានសរសេរថា ក្នុងនាមថ្នាក់ដឹកនាំរបស់ព្រះសហគមន៍កាតូលិកនៅកម្ពុជា លោកសោកស្ដាយ និងមានទុក្ខព្រួយយ៉ាងខ្លាំង ចំពោះការផ្ទុះជម្លោះឡើងវិញនៅតាមព្រំដែនកម្ពុជា-ថៃ។
ក្រុមលោកអភិបាលព្រះសហគមន៍បានលើកឡើងនូវព្រះបន្ទូលរបស់ព្រះយេស៊ូដែលមានព្រះបន្ទូលថា៖ «អ្នកណាកសាងសន្តិភាព អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងមានឈ្មោះជាបុត្ររបស់ព្រះជាម្ចាស់» (ម៉ាថាយ ៥,៩)។
ដោយក្នុងនោះ ព្រះសហគមន៍បានជឿថា មនុស្សគ្រប់រូបត្រូវបានបង្កើតឡើងជារូបតំណាងរបស់ព្រះជាម្ចាស់ ហេតុនេះហើយពួកគេ «ត្រូវតែទទួលបានការគោរពដោយថ្លៃថ្នូរ និងសេចក្តីស្រឡាញ់ដ៏ពេញលក្ខណៈ»។
ក្នុងពេលវឹកវរនេះ អស់លោកបានអំពាវនាវដល់រដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា សូមបញ្ឈប់ការបាញ់ប្រហារជាបន្ទាន់ ហើយបន្តការចរចានិងកិច្ចការទូត ដើម្បីស្វែងរកដំណោះស្រាយដែលលើកកម្ពស់ប្រយោជន៍រួម និងសន្តិភាពពិតប្រាកដ ដោយគោរពនូវសេចក្តីថ្លៃថ្នូររបស់មនុស្សម្នាក់ៗ។
ជាមួយគ្នានេះដែរ លោកអភិបាលព្រះសហគមន៍ ជំរុញឲ្យ «គ្រីស្តបរិស័ទធ្វើជាភ្នាក់ងារនៃសន្តិភាព» លើកកម្ពស់ការយោគយល់គ្នា ការគោរពគ្នា ហើយជាពិសេសសូមអធិស្ឋានសម្រាប់សន្តិភាព ក្នុងអំឡុងពេលរៀបចំសម្រាប់បុណ្យព្រះយេស៊ូប្រសូតដែលជាព្រះអម្ចាស់នៃសន្តិភាព។
យ៉ាងណាមិញ លោកបានបន្ថែមថា សូមឲ្យការរួមចំណែក និងការប្តេជ្ញាចិត្តរបស់គ្រីស្តបរិស័ទចំពោះសន្តិភាពនាំទៅរកអនាគតដ៏ភ្លឺស្វាងមួយ ហើយសូមឲ្យសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណាយកឈ្នះលើសេចក្តីស្អប់ និងការបែកបាក់។
ក្នុងលិខិតដដែលនោះ ក្រុមលោកអភិបាលបានអធិដ្ឋានសម្រាប់ជនរងគ្រោះទាំងអស់ ទាំងទាហាន និងជនស៊ីវិល ដែលបានបាត់បង់ជីវិត ហើយនិងគ្រួសារជនភៀសសឹកទាំងអស់ ជាពិសេសកុមារ អ្នកជំងឺ និងជនងាយរងគ្រោះ តាមរយៈព្រះនាងព្រហ្មចារិនីម៉ារី ជាក្សត្រីនៃសន្តិភាព សូមជួយអង្វរព្រះជាម្ចាស់។