ព្រះវិហារសន្តយ៉ូសែប ត្រពាំងក្រញូង សម្ពោធជាផ្លូវការណ៍
ព្រះសហគមន៍កាតូលិកសន្តយ៉ូសែប ត្រពាំងក្រញូង ត្រូវបានប្រសិទ្ធពរ និងកាត់ខ្សែបូរដាក់សម្ពោធឱ្យប្រើប្រាស់ ក្រោមអតិបតីភាពរបស់លោកអភិបាលអូលីវីយ៉េ ជី្មតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ លោកអភិបាលសិលា សួន ហង្សលី អភិបាលព្រះសហគមន៍ភូមិភាគកំពង់ចាម លោកបូជាចារ្យ បងស្រី ព្រះចៅអធិការវត្តអង្គស្ថារាមហៅវត្តអង្គសង្កែ លោកប្រធានមន្ទីរធម្មកានិងសាសនា លោកមេឃុំត្រពាំងក្រញូង និងបងប្អូនគ្រីស្តបរិស័ទ ជិតឆ្ងាយប្រមាណ៣០០នាក់ នាព្រឹកថ្ងៃ២៦ ខែតុលា ឆ្នាំ២០២៤ នេះ ។
ព្រះវិហារនេះមានទីតាំងភូមិសាស្រ្តជាប់បង្គោលគីឡូម៉ែត្រលេខ២៦ នៃផ្លូវជាតិលេខ១៣២ មានចម្ងាយប្រមាណ៩០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ក្នុងភូមិត្រពាំងក្រញូង ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ ព្រះវិហារសន្តយ៉ូសែប មានកម្ពស់១ជាន់ ជាន់ក្រោមសាងសង់ពីឥដ្ឋ និងជាន់ទី១សាងសង់អំពីឈើតាមរចនាបថខ្មែរ និងរំលេចដោយព្រះឈើឆ្កាងនៃមរណសាក្សីក្នុងប្រទេសកម្ពុជា មានរូបសំណាក សន្តបុគ្គល មានខ្លោងទ្វារ និងរបងព័ទ្ធជុំវិញ។
នៅក្នុងបរិវេណព្រះវិហារ មានស្រះទឹក សាលាមត្តេយ្យសិក្សាបណ្តោះអាសន្ន១ខ្នង ផ្ទះបាយ បន្ទប់ទឹក ព្រមទាំងសួនច្បារដែលមានដើមឈើរុក្ខជាតិបៃតងផងដែរ។
ក្នុងពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ នាក្នុងឱកាសនោះ ក្នុងសន្ទរកថារបស់លោកអភិបាល អូលីវីយេ មានប្រសាសន៍ថា ជាង២៤ ឆ្នាំមកនេះ ព្រះសហគមន៍ក្នុងតំបន់តាកែវបានយកចិត្តទុកដាក់សហការជាមួយមូលដ្ឋាន អាជ្ញាធរដែនដី សាសនាផ្សេងៗក្នុងខេត្ត ដើម្បីកសាងមិត្តភាព និងភាតរភាព។
លោកអភិបាលបានបន្ថែមថា ទីតាំងព្រះវិហារ គឺស្ថិតនៅជាប់ក្លោងទ្វារវត្ត ដែលបង្ហាញថា ទោះបីយើងសាសនាផ្សេងពីគ្នា ប៉ុន្តែយើងធ្វើដំណើររួមជាមួយគ្នានៅលើទឹកដីកម្ពុជា ការសហការគ្នា គោរពគ្នាទៅវិញទៅមក ចេះជួយគ្នា គឺដើម្បីប្រយោជន៍រួមក្នុងការកសាងសុខសន្តិភាព កសាងធនធានមនុស្សដែលជាមូលដ្ឋានគ្រឺះក្នុងការអភិវឌ្ឍន៍ប្រទេស។
លោកបានរំលេចបន្ថែមទៀតថា យើងកសាងអគាណាក៏បាន កសាងរបង វិហារស្អាតក៏បាន ប៉ុន្តែប្រសិនបើយើងមិនមានការអប់រំ ការណែនាំសីលធម៌តាមសង្គមបច្ចុប្បន្ននេះយើងមិនអាចជោគជ័យបានទេ។
លោក នួន ឃីម ជាមេឃុំត្រពាំងក្រញូងមានប្រសាសន៍ អបអរសាទរចំពោះសមិទ្ធផលថ្មីនេះ ហើយសូមឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានរើសអើងសាសនា គឺឲ្យចេះរួបរួមគ្នា។
ក្នុងនោះលោក លោក ជួន វ៉ាន់ ជាប្រធានមន្ទីរធម្មកានិងសាសនាខេត្តតាកែវ អរគុណដល់លោកអភិបាលអូលីវីយេដែលបានដឹកនាំ និងយកចិត្តទុកដាក់ទាំងខាងសាសនានិងផ្នែកអប់រំក្នុងឃុំគ្រញូងនេះ។
ក្រោយបញ្ចប់កម្មវិធីផ្លូវរដ្ឋរួចរាល់ ពិធីប្រសិទ្ធពរលើព្រះវិហារបានចាប់ផើម សំឡេងឆៃយ៉ាំងកងរំពងឡើង ប្រកដដោយភាពសប្បាយរីករាយយ៉ាងក្រៃលែង ក្បូនតង្ហែប្រទក្សិណជុំវិញព្រះវិហារ៣ជុំ ពិធីប្រសិទ្ធីរូបសំណាកសន្តយ៉ូសែបនិងព្រះនាងម៉ារី ប្រសិទ្ធីលើជួងថ្មី និងពិធីអភិបូជាបានប្រារព្ធឡើងយ៉ាងឱឡារិក។
ក្នុងធម្មទេសនា លោកអភិបាលបានលើកឡើងថា អគារថ្មីជាកន្លែងសម្រាប់ជួបជុំគ្នាថ្វាយបង្គំ អប់រំកូនក្មេង អប់រំជំនឿជាដើម ដើម្បីឲ្យព្រះសហគមន៍មានជីវិត។ លោកបន្ថែមថា «នេះជាឈើឆ្កាងនិងជាតួនាទីរបស់យើង ដែលជាគ្រូគង្វាល»។
ក្នុងនោះដែរលោកអភិបាលបានជំរុញឲ្យគ្រីស្តបរិស័ទចេះកសាងទំនាក់ទំនង ដើម្បីឱ្យព្រះវិហារនេះទៅជាព្រះសហគមន៍ដ៏មានជីវិត ជាប់ជាមួយបងប្អូននៅក្នុងទឹកដីនេះ «មិនមែនទៅជាកន្លែងខុសគេ កន្លែងដែលគេមិនមិនដឹងថាមានអ្វីក្នុងទីនេះ កន្លែងដែលគេខ្លាច កន្លែងដែលគេសង្ស័យ តែជាកន្លែងដែលបង្ហាញថា យើងជឿលើព្រះជាម្ចាស់ ដែលជាព្រះបិតាមែន»។
លោកអភិបាលអូលីវីយ៉េ បានលើកទឹកចិត្តឲ្យគ្រីស្តបរិស័ទចេះធ្វើដំណើររួមជាមួយគ្នា ដើម្បីចូលរួមក្នុងអំណរសប្បាយ និងទុក្ខលំបាក ចូលរួមក្នុងទុក្ខព្រួយ និងសេចក្តីសង្ឃឹមរបស់គ្រីស្តបរិស័ទ។
ក្នុងព្រះវិហារថ្មីនេះ លោកអភិបាលអូលីវិយ៉េក៏បានបញ្ចុះធាតុរបស់អ្នកមានសុភមង្គល កាឡូសអាគូទីស ដែលជាឧការីនៃយុវជនសម័យសម្រាប់ការផ្សាយដំណឹងល្អ ទៅក្នុងតុសក្ការបូជា។
ព្រះសហគមន៍ត្រពាំងត្រញូង បានចាប់ផ្តើមកកើតឡើងក្នុងអំឡុងឆ្នាំ២០១៥ ដោយបានប្រមូលអ្នកឈ្វេងយល់ជំនឿភាគច្រើនជាស្រ្តីប្រមាណជាង២០នាក់ និងកុមារប្រមាណ៣០នាក់ មកទទួលការអប់រំជំនឿរៀងរាល់ពីរសប្តាហ៍ម្តង។ ដោយសារសកម្មភាពចេះតែមានអ្នកចាប់អារម្មណ៍កម្មវិធីនានាបានកើតឡើង មានអភិបូជាជារៀងរាល់សប្តាហ៍ កម្មវិធីអប់រំជំនឿ កម្មវិធីអប់រំកុមារតូច និងយុវជន កម្មវិធីកាយឫទ្ធិ កម្មវិធីសង្គមកិច្ចជាដើម។
ព្រះសហគមន៍កាតូលិកសន្តយ៉ូសែប ត្រពាំងក្រញូង ត្រូវបានក្រសួងធម្មការ និងសាសនា អនុញ្ញាតឲ្យបង្កើតព្រះវិហារនិងមានសកម្មភាពកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ តាមសេចក្តីសម្រេចលេខ ១៦៣/២២ ក.ធ.ស សសរ ជាផ្លូវការ៕
ដោយសុខ កែវរតនា