ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និងនាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសាររំលែកទុក្ខចំពោះមរណភាពសម្តេចប៉ាប Francis

ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្ញើសាររំលែកទុក្ខចំពោះមរណៈភាព របស់សម្ដេចប៉ាប ហ្រ្វង់ស័រ (Pope Francis) ជូនចំពោះគ្រីស្តបរិស័ទ្ធនិកាយកាតូលិក។
ក្នុងសាលិខិតរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរថា ៖«ក្នុងនាមខ្ញុំ និងប្រជាជនកម្ពុជាទាំងអស់! ខ្ញុំមានសេចក្តីរន្ធត់ និងសោកស្តាយជាពន្ធពេក នៃការយាងសោយទីវង្គត់របស់សម្តេចប៉ាប Francis។ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះសន្តអសនៈ និងព្រះសហគមន៍កាតូលិកទូទាំងពិភពលោក»។
សាររបស់នាយករដ្ឋមន្ត្រីកម្ពុជា ជូន Cardinal Pietro PAROLIN នាយករដ្ឋមន្ត្រីសន្តអសនៈ បន្តថា វត្តមានរបស់សម្តេចប៉ាប Francis នឹងត្រូវចងចាំចំពោះសេចក្តីអាណិតអាសូរ សន្តិភាពពិភពលោក យុត្តិធម៌ និងការយកចិត្តទុកដាក់ចំពោះជនងាយរងគ្រោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា ការដឹកនាំប្រកបដោយសីលធម៌ និងការប្តេជ្ញាចិត្ត របស់សម្តេចប៉ាប Francis ចំពោះកិច្ចសន្ទនាអន្តរជំនឿ បានបំផុសគំនិតមនុស្សជុំវិញពិភពលោក រួមទាំងនៅកម្ពុជាផងដែរ។
នៅថ្ងៃចន្ទ ទី២១ ខែមេសា សន្តអសនៈបានប្រកាសឱ្យដឹងថា សម្តេចប៉ាប Francis បានយាងចូលទិវង្គតហើយ ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា។
សម្តេចប៉ាបបានយាងចូលទិវង្គត កាលពីវេលាម៉ោង ៧៖៣៥នាទីព្រឹកថ្ងៃចន្ទនេះ។ ដំណឹងសោយទិវង្គតរបស់សម្តេចប៉ាប ហ្រ្វង់ស៉ីស គឺបន្ទាប់ពីទ្រង់ បានបង្ហាញព្រះរាជវត្តមានជាសាធារណៈ នៅទីលាន Saint Peter's Square នាឱកាសថ្ងៃបុណ្យសាសនាគ្រិស្ត Easter កាលពីថ្ងៃអាទិត្យកន្លងទៅ។
សម្ដេចប៉ាប Francis ដែលមានឈ្មោះដើមថា Jorge Mario Bergoglio គឺជាសម្ដេចប៉ាបដំបូងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រ ដែលមានដំណើកំណើតមកពីតំបន់អាមេរិកឡាទីន។ សម្ដេចប៉ាប បានប្រសូតនៅក្នុង ទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៣៦ និងប្រសូតចេញពីគ្រួសារជាជនអន្តោប្រវេសន៍អ៊ីតាលី។ ឪពុករបស់ព្រះអង្គមានឈ្មោះ Mario ជាគណនេយ្យករម្នាក់នៅក្រុមហ៊ុន ដឹកជញ្ជូនតាមផ្លូវដែក និងមានម្ដាយឈ្មោះ Regina Sivori ជាស្ត្រីមេផ្ទះម្នាក់ដែលបានលះបង់យ៉ាងធំធេងក្នុងការចិញ្ចឹមកូន៥នាក់។
សម្ដេចប៉ាបបានបញ្ចប់ការសិក្សាផ្នែកបច្ចេកទេសគីមី។ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៥៨ សម្ដេចប៉ាប បានឈានចូលជើងព្រះសហគមន៍។ សម្ដេចបានបញ្ចប់ការសិក្សាផ្នែកមនុស្សជាតិ ក្នុងប្រទេសស៊ីលី ហើយបានត្រឡប់ចូលប្រទេសអាហ្សង់ទីនវិញក្នុងឆ្នាំ១៩៦៣ ដើម្បីបន្តបញ្ចប់ការសិក្សាដោយទទួលបានសញ្ញាបត្រទស្សនវិជ្ជាពីសាកលវិទ្យាល័យ Colegio de San José ក្នុងទីក្រុង San Miguel។
ចាប់ពីឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៦៥ សម្ដេចប៉ាប បានបង្រៀនខាងអក្សរសាស្ត្រ និងចិត្តវិទ្យា នៅសាកលវិទ្យាល័យ Immaculate Conception College ក្នុងទីក្រុង Santa Fé និងនៅឆ្នាំ១៩៦៦ សម្ដេចប៉ាប Francis បានបង្រៀនមុខវិជ្ជាដូចគ្នានេះនៅឯសាកលវិទ្យាល័យ Colegio del Salvatore ក្នុងទីក្រុង Buenos Aires។ ចាប់ពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៧០ ព្រះអង្គបានសិក្សាលើមុខជំនាញបច្ចេកវិទ្យា និងទទួលបាន សញ្ញាបត្រពីសាកលវិទ្យាល័យ Colegio of San José។ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ១៩៧៣ ព្រះអង្គត្រូវបានតែងតាំងជាសង្ឃកាតូលិកជាន់ខ្ពស់នៅក្នុងប្រទេសអាហ្សង់ទីន។
សម្ដេចប៉ាប Francis បានក្លាយជាសម្ដេចសង្ឃកាតូលិក ឬសម្ដេបាបទី២៦៦ ចាប់តាំងពីឆ្នាំ២០១៣មក ក្រោយសម្ដេចប៉ាប Benedict XVI លាលែងពីតំណែងដោយសារវ័យជរា និងបញ្ហាសុខភាព៕
Daily Program
