ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង​សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ​​ជាសម្តេចព្រះមហាសង្ឃរាជ

កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤​ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ថ្វាយព្រះឋានៈ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ជាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។​

ការត្រាស់បង្គាប់នេះ បានធ្វើឡើង​​ជិត​មួយឆ្នាំ​ក្រោយពីអតីតសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បាន​យាងចូលព្រះទិវង្គត ​កាលពី​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។​

​ទន្ទឹមនឹងនេះដែរ ព្រះមហាក្សត្រនៃកម្ពុជា ក៏​បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ដំឡើង និងតែងតាំងព្រះឋានៈ សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ឡើងជា សម្តេចព្រះសង្ឃ នាយករងទី៣ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ។

ចំណែក សម្តេចព្រះឧត្តមវង្សា មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣ ត្រូវបានព្រះមហាក្សត្រ​​ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ដំឡើង និងតែងតាំងព្រះឋានៈ​ជា​សម្តេចព្រះវ័នរ័ត ព្រះរាជាគណៈថ្នាក់ឯក សម្តេចព្រះសង្ឃនាយករងទី២ គណៈមហា និកាយ នៃព្រះរាជាណាចក្រកម្ពុជា។

រីឯ​ សម្តេចព្រះវ័នរ័ត ណយ ច្រឹក ព្រះរាជាគណៈថ្នាក់ឯក សម្តេចព្រះសង្ឃនាយករងទី២ ​ត្រូវបាន​ត្រាស់បង្គាប់ ដំឡើង និងតែងតាំងព្រះឋានៈឡើងជា ​សម្តេចព្រះពោធិវ័ង្ស សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ​ក៏បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ដំឡើង និងតែងតាំងព្រះឋានៈសម្តេចព្រះពោធិវ័ង្ស អំ លឹមហេង ព្រះរាជាគណៈថ្នាក់ឯក សម្តេចព្រះសង្ឃនាយករងទី១ ឡើងជា «សម្តេចព្រះមហាសុមេធាធិបតី សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា»៕

Daily Program

Livesteam thumbnail