ពូជស្រូវខ្មែរ ឈ្មោះ ស្រូវកូនត្រី ដែលកម្ពុជាបានតម្កល់ទុកនៅប្រទេសហ្វីលីពីនឆ្នាំ១៩៧២

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា ប្រទះឃើញពូជស្រូវខ្មែរដោយចៃដន្យឈ្មោះ «ស្រូវកូនត្រី» ដែលត្រូវបានរក្សាទុកនៅធនាគារពូជស្រូវ ក្នុងវិទ្យាស្ថានស្រូវអន្តរជាតិ (IRRI) នៅប្រទេសហ្វីលីពីន តាំងពីឆ្នាំ១៩៧២មកម្ល៉េះ។
នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៥ លោក ឃឹម ហ្វីណង់ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មបានឱ្យដឹងថា នៅទីនេះ យើងមានពូជស្រូវរបស់យើងជិត៥០០០ពូជ ដែលត្រូវបានរក្សាទុកយ៉ាងល្អ ក្នុងសីតុណ្ហភាព -២០អង្សា សម្រាប់បម្រើឱ្យគោលបំណងសិក្សាស្រាវជ្រាវ ឬស្នើសុំដើម្បីយកទៅបង្កាត់ពូជបន្ត។
លោកបានបញ្ជាក់តាមរយៈបណ្តាញសង្គមហ្វេសប៊ុកដែរថា ក្នុងចន្លោះឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៩០ កម្ពុជាក៏ធ្លាប់ស្នើសុំពូជស្រូវប្រពៃណីដែលខ្លួនបានរក្សាទុកពីវិទ្យាស្ថាននេះចំនួន ៧៦៦ពូជ ដើម្បីស្តារពូជស្រូវសំខាន់ៗដែលបានបាត់បង់នៅក្នុងសម័យកាលសង្គ្រាមផងដែរ៕


Daily Program
