ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន ធ្វើឡើងនាចុងសប្តាហ៍នេះ ក្នុង​ខេត្តសៀមរាប

ក្រសួងទេសចរណ៍ បានជូនដំណឹងឱ្យដឹងថា ក្រសួងនឹង​រៀបចំពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន (Cambodia-China Gastronomy Week) ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។

យោងតាមសេចក្តីជូនដំណឹងរបស់​ក្រសួងទេសចរណ៍ បានឱ្យដឹងថា ​ក្រសួងទេសចរណ៍ នឹងរៀបចំពិព័រណ៍ម្ហូប អាហារកម្ពុជា-ចិន ​ដែលមានការចូលរួមដាក់តាំងបង្ហាញម្ហូបអាហារល្បីៗរបស់ប្រទេសកម្ពុជា និងចិន ចំនួនប្រមាណ១០០ស្តង់។

ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ ក៏នឹងរៀបចំសិក្ខាសាលាម្ហូបអាហារ (Gastronomy Conference) ក្រោមប្រធានបទ «Good Food for All» ដែលមានវាគ្មិនល្បីៗមកចែករំលែកបទពិសោធស្ដីពីម្ហូប អាហារកម្ពុជា និងចិន។

ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយពីមុខម្ហូប និងសក្តានុពលទេស​ចរណ៍ ដ៏សម្បូរបែបរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេស៍ទីផ្សារចិន ព្រមទាំងពង្រឹងការ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជន កម្ពុជា-ចិន និងបន្តជំរុញយុទ្ធនាការ ផ្សព្វផ្សាយ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ព្រមទាំងចូលរួមជំរុញយុទ្ធនាការ «ឆ្នាំទស្សនាសៀមរាប ២០២៤» សំដៅទាក់ទាញទេសចរ និងវិនិយោគិនចិនឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាឱ្យ កាន់តែច្រើនថែមទៀត។

ក្នុងន័យនេះ ក្រសួងទេសចរណ៍ ក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ គ្រប់សមាគមទេសចរណ៍ផ្នែករដ្ឋ- ឯកជន ស្ថាប័នពាក់ព័ន្ធ សារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន ចូលរួមផ្សព្វផ្សាយអំពី ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន នេះឱ្យបានទូលំទូលាយ សំដៅទាក់ទាញការចូលរួមឱ្យបានច្រើនកុះករ ព្រមទាំងបង្កើនចំណាប់អារម្មណ៍ភ្ញៀវទេសចរ និងវិនិយោគិនចិន ឱ្យមកទស្សនា និងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា កាន់តែច្រើនថែមទៀត៕

 

Daily Program

Livesteam thumbnail