ពិធីបើក​កិច្ច​សន្ទនា​អន្តរសាសនា​អន្តរជាតិ​លើកទី​៨ ពុទ្ធ​សាសនា​និង​គ្រីស្តសាសនា

ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញនៅ​កម្ពុជា​ បាន​រៀបចំ​កិច្ច​សន្ទនា​អន្តរសាសនា​អន្តរជាតិ​លើកទី​៨ រវាង​ព្រះពុទ្ធ​សាសនា​និង​គ្រីស្តសាសនា ក្រោម​ប្រធាន​បទ «ពុទ្ធ​បរិស័ទ​និង​គ្រីស្តបរិស័ទ​រួម​គ្នា​រក្សា​សុខ​ដុមនីយកម្ម​សាសនា​ដោយ​ភាព​ធន់» ក្រោម​អធិបតី​ភាព​របស់​ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា លោកកាឌីណាល់​ចក យ៉ាកុប កូវ៉ាកាដ (Cardinal George Jacob Koovakad) រដ្ឋមន្ត្រី​ក្រសួង​កិច្ច​សន្ទនា​អន្តរសាសនា​នៃ​បុរី​វ៉ាទីកង់ រួមនិងតំណាង​សម្តេចសង្ឃទាំងពីរគណៈនៅក្នុង​ប្រទេស​កម្ពុជា​ លោក​អគ្គ​អភិបាល អភិបាល​ បូជាចារ្យ ​ភ្ញៀវជាតិ​និង​អន្តរជាតិ​ តំណាង​សាសនានានា គ្រីស្តបរិស័ទ​ និង​ពុទ្ធ​បរិស័ទ​ប្រមាណ​ជិត​២០០នាក់នាព្រឹកថ្ងៃទី​២៧ ខែ​ឧសភានេះ។

            កម្មវិធី​នេះ​រៀបចំនៅ​មណ្ឌល​សកម្មភាព​ភូមិភាគ​ភ្នំពេញ នារាជ​ធានីភ្នំពេញ ដើម្បីបន្តដំណើរការបើកចំហកិច្ចសន្ទនានៃសាសនាទាំងពីរ ក្នុងបំណងជំរុញ​សុខដុមរមនា និងសន្តិភាពជាសាធារណៈ។​

            សម្តេចឧត្តមបញ្ញាកិត្តិបណ្ឌិត​ ដួង ផង់ អនុប្រធានថេរសភានៃព្រះពុទ្ធសាសនានៅកម្ពុជា និ​ង​ជាព្រះ​រាជ​​តំណាងដ៏ខ្ពង់ខ្ពស់​​របស់​សម្តេច ព្រះមហា​សុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង សម្តេច​ព្រះសង្ឃនាយក​គណៈមហានិកាយនៃ​ព្រះរាជាណាចក្រកម្ពុជា ​មាន​សង្ឃដីកាថា ប្រសិន​បើ​បុគ្គល​គ្រប់​រូប បដិបត្តិនិងអនុវត្ត​នូវ​ធម៌​ព្រះសម្មាសម្ពុទ្ធ នោះនឹងទទួលបាននូវតម្លៃនៃការរស់នៅ ប្រកបដោយគុណធម៌ សមធម៌ សាមគ្គីធម៌ សង្គហធម៌ ការយោគយល់អធ្យាស្រ័យគ្នា និងសេចក្តីថ្លៃថ្នូរ ប្រាសចាកការប្រមាទគ្នា នោះសុខសន្តិភាព ស្ថេរភាព សុវត្ថិភាព សុខដុមនីយកម្មសាសនា សុភមង្គល វិបុលភាព ភាពរុងរឿង និងវឌ្ឍនភាពពិតជាបានស្ថិតនៅជាដរាបសម្រាប់មនុស្សជាតិ និងពិភពលោកទាំងមូល។

ក្នុងនោះ​ដែរ សម្តេច​ព្រះ​មង្គល​ទេព្វាចារ្យ​ វង្ស អានេតា សម្តេច​ព្រះសង្ឃនាយករងនៃ​គណៈ​ធម្មយុត្តិកនិកាយនៃ​ប្រទេស​កម្ពុជា ព្រះរាជ​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ព្រះសិរីសុគន្ធាមហា​សង្ឃ​រាជា​ធិបតីកិត្តិឧទ្ទេសបណ្ឌិត​ បួរ គ្រី សម្តេចព្រះមហាសង្ឃ​រាជ​នៃ​គណៈ​ធម្មយុត្តិកនិកាយ មាន​បន្ទូល​ថា ព្រះពុទ្ធសាសនាបង្រៀនអំពីមេត្តាធម៌ ការអត់ធ្មត់ និងការយល់ឃើញអំពីសភាពពិតនៃជីវិត ចំណែកគ្រីស្ត​សាសនាលើកទឹកចិត្តអំពីសេចក្តីស្រឡាញ់ ការអត់ឱន និងការលើកលែងទោស។

ព្រះអង្គ​ថា «គោលការណ៍ទាំងនេះអាចជួយឲ្យមនុស្សជាតិរស់នៅដោយសុខសាន្ត ទោះបីមានភាពខុសគ្នាក៏ដោយ និង​អាចក្លាយជាគំរូដ៏ល្អនៃការ​រួមរស់ដោយសន្តិភាព និងការសហការគ្នាដើម្បីប្រយោជន៍រួមរបស់មនុស្សជាតិ។»

កាឌីណាល់ ​ចក យ៉ាកុប កូវ៉ាកាដ រដ្ឋមន្ត្រី​ក្រសួង​កិច្ច​សន្ទនា​អន្តរសាសនា​​នៃបុរីវ៉ាទីកង់​ មាន​ប្រសាសន៍ថា សន្តិភាពចាប់ផ្តើមនៅក្នុងចិត្ត និងអាចផ្លាស់ប្តូរពិភពលោក ហើយ​ការផ្សះផ្សា និងការតស៊ូយ៉ាងស្វិតស្វាញ​ នឹងអាចព្យាបាលពិភពលោកដែលបែកបាក់ ហើយជំនឿទាមទារឲ្យ​មាន​ការអាណិតអាសូរចំពោះទុក្ខវេទនា និងក្លាហានប្រឆាំងនឹងភាពអយុត្តិធម៌។

​កាឌីណាល់​បន្ត​ថា «នៅពេល​ពិភពលោកស្ពឹកស្រពន់​ចំពោះ​​សម្រែក​យំសោក​របស់​ជនភៀសខ្លួន និងជនរងគ្រោះ​ដោយ​ការកេងប្រវ័ញ្ច ​ជំនួប​របស់យើងត្រូវតែជាសាក្សីដ៏រស់រវើក​មួយ គឺថា​សន្តិភាពនៅតែអាចធ្វើទៅបាន»។

            ដើម្បី​ក្លាយ​ជា​អ្នកកសាងសន្តិភាព លោក​បាន​សុំ​ឲ្យ​ម្នាក់ៗ ​បំបាត់​ភាព​ស្ពឹកស្រពន់នេះ ហើយ​រើសយក​សេចក្តីសង្ឃឹមជា​ជាង​ការបោះ​បង់​ចោល ​និងថែរក្សា​អ្នកមានបន្ទុកខណៈអ្នកផ្សេងទៀត​មិនរវីរវល់។ លោក​ថា សូម​ឲ្យយើង​ក្លាយជា​សិល្បករដែលចេះព្យាបាល​ មិនគ្រាន់តែសម្រាប់ពិភពលោក តែ​សម្រាប់អ្នកដែល​មានសេចក្តីត្រូវការ ដោយយើង​រួម​គ្នា​កំចាត់​ហិង្សា ការរើសអើង និង​ភាពលោភលន់។

            លោក​បន្ថែមថា អំណាច​ស្មារតីនៃការផ្សះផ្សារនិង​ភាពធន់ អាច​ជំនះ​រនាំងឧបសគ្គ ប្រសិនបើយើង​ហ៊ានស្តាប់​គ្នា ហ៊ានធ្វើ និង​ហ៊ានស្រឡាញ់​លើសពី​ព្រំដែន​របស់​យើង។ ប្រសិនបើ​យើង​រួម​គ្នា​ក្នុង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ និង​ចេញ​ឲ្យផុត​ពី​ច្រវ៉ាក់​នៃ​មនោគមវិជ្ជា យើង​អាច​និយាយថា «​ទេ​ចំពោះ​សង្គ្រាម និង​ឆ្លើយ​បាទ​ឬចាស​ចំពោះសន្តិភាព ​និង​ឆ្លើយថា​ទេ ចំពោះការបំផ្លិចបំផ្លាញ និង ឆ្លើយ​ថាបាទឬចាស ចំពោះការព្យាបាល»។

            ក្នុងឱកាសនោះឯកឧត្តម​បណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសកម្មភាពនាពេលកន្លងមក ​ក៏ដូចជាចក្ខុវិស័យ​នៃបេសកកម្មដែលត្រូវអនុវត្តបន្ត ដើម្បីរួមគ្នាថែរក្សាសុខដុមនីយកម្មសាសនា នៅកម្ពុជារបស់ព្រះសហគមន៍កាតូលិក។

លោក​រដ្ឋមន្ត្រី បានចាត់ទុកកិច្ចសន្ទនាអន្តរសាសនាអន្តរជាតិលើកទី៨ រវាងពុទ្ធសាសនា និងគ្រីស្តសាសនា ថាពិតជាមានសារៈសំខាន់ណាស់ ដោយមិនគ្រាន់តែបានចូលរួមចំណែកឱ្យយល់ដឹងអំពីគុណតម្លៃរួម ភាពផ្សេងគ្នា ការយោគយល់គ្នា​ ការលើកកម្ពស់​សាមគ្គីធម៌ក្នុងនាមជាបងប្អូនរួមជាតិ និងរួមចំណែក​ឱ្យមាន​សុខដុមរមនាសាសនានៅប្រទេស​កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែកិច្ចសន្ទនានេះ នឹងផ្ដល់វិភាគទានដ៏សំខាន់ដល់សុខដុមរមនាសាសនានៅក្នុងតំបន់ និងពិភពលោកផងដែរ។

លោក អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិក​ភូមិភាគភ្នំពេញនៅ​កម្ពុជា បាន​គូសបញ្ជាក់ថា ជំនួបនេះ ស្ថិតលើ​កិច្ច​សន្ទនា​ចំនួន​៤​សំខាន់ៗ គឺកិច្ច​សន្ទនា​នៃ​ជីវិត កិច្ច​សន្ទនា​នៃ​សកម្មភាព​ កិច្ច​សន្ទនានៃការ​ផ្លាស់​ប្តូរទ្រឹស្តី​និង​ជំនឿ និង​កិច្ច​សន្ទនា​ខាង​បទពិសោធនៃសាសនា។

ក្នុងឱកាសនោះ​ដែរ លោកអភិបាល​ភ្នំពេញ​បានអរគុណសន្តិភាពសម្រាប់ប្រទេសកម្ពុជាដែលជាគំរូយ៉ាងពិសេសចំពោះតំបន់និងសកលលោកដែលជាប្រទេសមួយ​មានសុខសន្តិភាព មានសុខដុមនីយកម្មខាងផ្នែកសាសនានិងសុខសុវត្ថិភាពគ្រប់ទីកន្លែង។

លោកអភិបាល អូលីវីយ៉េ បានបញ្ជាក់ថា សន្តិភាពមិនត្រឹមតែគ្មានជម្លោះប៉ុណ្ណោះទេ តែថែមទាំងជាវត្តមានយ៉ាងសកម្មនៃយុត្តិធម៌ មេត្តាករុណានិងការសន្ទនា ផ្សះផ្សាក្នុងជីវិតប្រចាំថ្ងៃ ការរស់នៅដោយភាតរភាពប្រកបដោយភាពសុខដុមរមនា។

​លោក​ថា វត្តមាន​របស់​ឯកឧត្តមរដ្ឋមន្ត្រី​​ក្នុង​ថ្ងៃនេះ និង​​តំណាងជាន់​ខ្ពស់​បំផុតនៃសម្តេចសង្ឃទាំងពីរនិកាយ គឺ​ឲ្យយើង​មើល​ឃើញ​សន្តិ​ភាព​យ៉ាង​ជាក់ស្តែង។

លោក​អភិបាល​ព្រះសហគមន៍​ភ្នំពេញ​បញ្ជាក់ថា «សព្វ​ថ្ងៃនៅក្នុងប្រទេសកម្ពុជា​ សាសនា​នីមួយៗ​ធ្វើ​ដំណើររួម​ជាមួយ​គ្នា ដើម្បី​ជួយ​ឲ្យប្រជារាស្ត្រ រស់នៅក្នុង​មេត្តា​ករុណា​ សុខដុមរមនានិង​កសាង​សង្គមដែលមើល​ឃើញ​អនាគតនិង​ពោរពេញ​ដោយសេចក្តីសង្ឃឹម។»

បន្ទាប់ពីកម្ពុជា​ឆ្លងផុត​វាលពិឃាត ទំនាក់ទំនងការទូតត្រូវបានស្ថាបនាឡើងវិញរវាងព្រះរាជាណាចក្រកម្ពុជានិងសន្តអាសនៈ ក្នុងឆ្នាំ ១៩៩៤ ព្រះសហគមន៍កាតូលិក​នៅកម្ពុជា បានអនុវត្តតួនាទីសកម្ម​ខាង​ការ​ផ្សះផ្សា និង​បង្កើត​សុខដុមនីយកម្មសាសនា។ កន្លងមក​ទំនាក់ទំនងរវាងព្រះសហគមន៍និង​សហគមន៍​ពុទ្ធសាសនា បានខិតខំរួមគ្នាក្នុង​សកម្មភាព​អប់រំ ជំនួយមនុស្សធម៌ និងការកសាងសន្តិភាព ដើម្បី​សង្គមសន្តិភាព​

កិច្ចសន្ទនាអន្តរសាសនាអន្តរជាតិនេះផ្តួចផ្តើម​ឡើង​ដោយ​បុរីវ៉ាទីកង់ នាឆ្នាំ ១៩៩៥ នៅកោះតៃវ៉ាន់ និងបានរៀបចំឡើងជាបន្តបន្ទាប់នៅប្រទេសជាច្រើនដូចជា ឥណ្ឌា ជប៉ុន អ៊ីតាលី  ថៃ និង​​ចុងក្រោយគឺប្រទេស​កម្ពុជា។

 

 

កែវ កញ្ញា

 

Daily Program

Livesteam thumbnail