ពិធីតម្កល់អដ្ឋិធាតុលោកបូជាចារ្យ ហ្វ្រង់ស្វ័រ ប៉ុងសូដ៍ នៅព្រះវិហារចម្លាក់ ស្រុកអូររាំងឪ

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នេះ ព្រះសហគមន៍កាតូលិកចម្លាក់ ស្រុកអូររាំងឪ (ភូមិភាគកំពង់ចាម) បានប្រារព្ធពិធីដ៏មានសារៈសំខាន់មួយ គឺ ពិធីអភិបូជា និងតម្កល់អដ្ឋិធាតុ របស់លោកបូជាចារ្យ ហ្វ្រង់ស្វ័រ ប៉ុងសូដ៍ (François Ponchaud)។
ពិធីដ៏ឧឡារិកនេះ កំពុងប្រារព្ធឡើងក្រោមអធិបតីភាពផ្ទាល់របស់ លោកអភិបាល សិលា សួន ហង្សលី ដែលជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម ដោយមានលោកបូជាចារ្យ និងគ្រីស្តបរិស័ទចូលរួមយ៉ាងច្រើនកុះករ។
លោកបូជាចារ្យ ហ្វ្រង់ស្វ័រ ប៉ុងសូដ៍ (១៩៣៩ – ២០២៥) ជាសាសនទូតបារាំងមកពីក្រុម MEP (Missions Étrangères de Paris) ដែលត្រូវបានចាត់ទុកជាសាក្សីប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជា៖
• វត្តមាននៅកម្ពុជា៖ លោកបានមកដល់ប្រទេសកម្ពុជាដំបូងនៅឆ្នាំ១៩៦៥ ហើយបានបម្រើការងារនៅក្នុងព្រះសហគមន៍អស់ជាច្រើនឆ្នាំ ជាពិសេសនៅភូមិភាគកំពង់ចាម។
• សាក្សីខ្មែរក្រហម៖ លោកគឺជាជនបរទេសចុងក្រោយម្នាក់ដែលត្រូវបានបណ្ដេញចេញពីស្ថានទូតបារាំងបន្ទាប់ពីខ្មែរក្រហមចូលកាន់កាប់ក្រុងភ្នំពេញនៅឆ្នាំ១៩៧៥។
• ស្នាដៃល្បី៖ ក្រោយពេលនិរទេសខ្លួន លោកបាននិពន្ធសៀវភៅល្បីឈ្មោះ "កម្ពុជា ឆ្នាំសូន្យ (Cambodia: Year Zero)" (១៩៧៧) ដែលជាឯកសារដំបូងៗគេបង្អស់ដែលបានលាតត្រដាងការពិតអំពីអំពើប្រល័យពូជសាសន៍ និងភាពសាហាវយង់ឃ្នងរបស់របបខ្មែរក្រហមទៅកាន់ពិភពលោក។ មានកិច្ចការជាច្រើនទៀត ដែលលោកបានបម្រើប្រជាជន និងសង្គមកម្ពុជា។
• ក្នុងព្រះសហគមន៍៖ លោកបង្រៀនវប្បធម៌និងប្រវត្តិសាស្ត្រខ្មែរ ដល់សាសនទូតថ្មីៗ អប់រំជំនឿ បកប្រែព្រះគម្ពីរ រៀបចំឯកសារព្រះសហគមន៍ជាច្រើនជាភាសាខ្មែរ។ល។
• មរណភាព៖ លោកបានទទួលមរណភាពកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅប្រទេសបារាំង ក្រោយពេលដែលលោកបានចូលនិវត្តន៍។
ពិធីតម្កល់ធាតុនេះ គឺជាការបង្ហាញនូវសេចក្ដីស្រឡាញ់ គោរពដឹងគុណ និងការចងចាំជាអចិន្ត្រៃយ៍របស់គ្រីស្តបរិស័ទខ្មែរចំពោះការលះបង់ដ៏ធំធេងរបស់លោកតាបូជាចារ្យ ហ្វ្រង់ស្វ័រ ប៉ុងសូដ៍ ដែលបានរួមសុខរួមទុក្ខ និងជួយផ្សព្វផ្សាយដំណឹងល្អនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាងកន្លះសតវត្សរ៍។




Daily Program
