ពានរង្វាន់ណូបែលសន្តិភាពលើកនេះត្រូវបាន ប្រគល់ជូនក្រុមអ្នកប្រឆាំងនុយក្លេអ៊ែរ
គណៈកម្មាធិការពានរង្វាន់ណូបែលសន្តិភាពន័រវេសនៅទីក្រុង អូស្លូបានសម្រេច ផ្តល់រង្វាន់ណូបែលសន្តិភាពឆ្នាំ ២០២៤ ជូនដល់ ក្រុមសកម្មជន នីហុ ហីដានក្យូ (Nihon Hidankyo) ដែលជាអង្គការជប៉ុនកំពុងតែធ្វើការជាមួយនឹង អ្នកនៅរស់រានមានជីវិតពីគ្រាប់បែកនុយក្លេអ៊ែ សម្រាប់សកម្មភាពរបស់ខ្លួនប្រឆាំងនឹងអាវុធនុយក្លេអ៊ែរ។
វ៉ាទីកង់ញូវបានរាយការណ៍ថា រង្វាន់ណូបែលសន្តិភាពនេះត្រូវបានប្រគល់ជូនកាលពីថ្ងៃសុក្រដោយបង្ហាញពីការទទួលស្គាល់ចំពោះកិច្ចការដ៏សកម្មរបស់អង្គការនេះសម្រាប់ជនដែលកំពុងតែ រស់រានមានជីវិតពីការទម្លាក់គ្រាប់បែកនុយក្លែអ៊ែរបស់សហរដ្ឋអាមេរិកនៅទីក្រុង ហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីសម្រេចបានពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ។
លោក ជ័ហ្សេន វេត ហ្វ្រីនេស ( Jørgen Watne Frydnes) ប្រធានគណៈកម្មាធិការពានរង្វាន់ណូបែលន័រវេសបាននិយាយថា ពានរង្វាន់នេះត្រូវបានប្រគល់ទៅឱ្យអង្គការនេះ ដោយសារ «បម្រាមប្រឆាំងនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរគឺស្ថិតនៅក្រោមសម្ពាធ»។
លោកបានមានប្រសាសន៍ថា គណៈកម្មាធិការសូមគោរពដល់អ្នកនៅរស់រានមានជីវិតទាំងអស់ ដែលទោះបីជាមានការឈឺចាប់ខាងរាងកាយ និងការចងចាំដ៏ឈឺចាប់ក៏ដោយ បានជ្រើសរើសប្រើប្រាស់បទពិសោធន៍ដ៏មានតម្លៃរបស់ពួកគេ ដើម្បីបណ្តុះក្តីសង្ឃឹម និងការចូលរួមដើម្បីសន្តិភាព។
លោកបានបន្តថា កិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរត្រូវបានផ្តល់កិត្តិយសនាពេលកន្លងមកដោយគណៈកម្មាធិការណូបែល៕