ផែនការសន្តិភាពថ្មីមួយទៀតរបស់អាម៉េរិក គ្រោងផ្តល់សម្បទានដីរបស់អ៊ុយក្រែន​ទៅឲ្យ​រុស្ស៊ី

យោងតាមមន្រ្តីជាន់ខ្ពស់មួយរូបរបស់អ៊ុយក្រែនបានឲ្យដឹងថា សហរដ្ឋអាម៉េរិកបានធ្វើ​សំណើរ​មកកាន់អ៊ុយក្រែននូវផែនការសន្តិភាព ដែលស្នើថា ទីក្រុង​គៀវ​ត្រូវធ្វើ​សម្បទានដីរួម​ទាំង​តំបន់​គ្រីមៀទៅឲ្យរុស្ស៊ី និងកាត់បន្ថយយោធារបស់ខ្លួន​ពាក់​កណ្តាល។ ទីក្រុង​វ៉ាស៊ីនតុន​​មិនបាន​បញ្ជាក់​អំពីព័ត៌មាននេះទេ។

កាលពីថ្ងៃពុធ ទី១៩ ខែវិច្ឆិកា អ៊ុយក្រែនបានទទួលនូវសំណើរសន្តិភាពថ្មីមួយពីភាគីសហរដ្ឋ​អាម៉េរិក ដែលទាមទារថា អ៊ុយក្រែនត្រូវប្រគល់ដីមួយចំនួនទៅឲ្យរុស្ស៊ី និងកាត់បន្ថយយោធា​របស់ខ្លួនពាក់កណ្តាល។

យោងតាមការរៀបរាប់របស់មន្រ្តីជាន់ខ្ពស់អ៊ុយក្រែនមួយរូបដោយសុំមិនបញ្ចេញឈ្មោះ បាន​ឲ្យ​ដឹងថា ផែនការរបស់អាម៉េរិកហាក់ដូចជាយកមកប្រើឡើងវិញនូវ​លក្ខខណ្ឌអតិបរមា​ដែល​​ទាមទារ​​ដោយរុស្ស៊ីតាំងពីមុនការចរចាសន្តិភាព។ ​ទាំងនេះគឹជាការទាមទារ​ដែលត្រូវ​បាន​បដិសេធ​​ចោល​ដោយទីក្រុងគៀវរួចហើយ ​ដែលវាមានន័យក្នុងការអនុវត្តថា ជាការចុះចាញ់។​

ប្រភពនេះ រៀបរាប់ដែរថា សំណើរសន្តិភាពរួមបញ្ចូលការទទួលស្គាល់ការភ្ជាប់ជា​ឧបសម្ព័ន្ធ​នៃ​តំបន់​គ្រីមៀ និង​តំបន់​ដទៃៗ ទៀតដែលកាន់កាប់យកដោយរុស្ស៊ី និងកាត់បន្ថយទាហាន​អ៊ុយក្រែន​​ឲ្យនៅត្រឹម ៤០០០០០នាក់។ អ៊ុយក្រែនក៏គួរតែបោះបង់ចោលនូវរាល់សព្វាវុធរយៈ​ចម្ងាយ​​ឆ្ងាយទាំងអស់របស់ខ្លួន។ មន្រ្តីជាន់​ខ្ពស់អ៊ុយក្រែនបានបន្ថែមថា ៖ “ភាពខុស​គ្នាតិចតួច​គឹ​ថា យើងមិនយល់ថា តើវា​គឹជាពិតជា​ផែនការរបស់លោកត្រាំ ឬមនុស្សជុំវិញលោកឬ​យ៉ាង​ណា?” លោកក៏បានវិនិច្ឆ័យថា វាដូចជាស្រពិចស្រពិលអំពីព័ត៌មានលើអាកប្បកិរិយានេះ និង​ថា រុស្ស៊ីនឹងសន្មត់ទទួលយកផែនការថ្មីនេះឬយ៉ាងណាដែរ?

ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិក អាស្យូស (Axios) កាលពីមុនធ្លាប់បានបញ្ជាក់ថា ទីក្រុងមូស្គូ និង​ទីក្រុង​វ៉ាស៊ីនតុន ធ្វើការសម្ងាត់ជាមួយគ្នា​លើផែនការដើម្បីបញ្ចប់សង្រ្គាមដែលបង្កឡើងដោយ​ទីក្រុង​​មូស្គូ​ប្រឆាំងនឹងប្រទេសជិតខាងអស់រយៈពេលជិត ៤ឆ្នាំ មកហើយ។

តើអ្វីធ្វើឲ្យមានដំណើរទស្សនកិច្ចមកកាន់ទីក្រុងគៀវ​របស់រដ្ឋលេខាធិការនៃកងទ័ពអាម៉េរិក លោកដានីញ៉ែល ឌ្រីស្កូល ដែលបានជួប​ប្រមុខមេបញ្ជាការកងទ័ពអ៊ុយក្រែន លោក​អូឡិចសានដ្រ៍ សៀស្គី។

នៅលើបណ្តាញតេឡេក្រាម ដោយមិនអធិប្បាយអំពីផែនការថ្មីរបស់អាម៉េរិក លោក​អូឡិចសានដ្រ៍ សៀស្គី បានរៀបរាប់ថា ជាថ្មីម្តងទៀត លោកបញ្ជាក់ថា ការពង្រឹង​ការ​ការពារ​ដែន​អាកាសអ៊ុយក្រែន ការពង្រីកសមត្ថភាពការវាយប្រហាររយៈចម្ងាយឆ្ងាយ​​ប្រឆាំង​នឹង​គោលដៅយោធាសត្រូវ ព្រមទាំង​ការរក្សា និងធ្វើឲ្យមានស្ថិរភាព​នៃខ្សែសមរភូមិ​ជួរមុខ ​នឹង​ធ្វើ​ឲ្យទន់ខ្សោយដល់សក្តានុពលវាយប្រហាររបស់សត្រូវ និងបង្ខំឲ្យពួកគេចុងក្រោយ​នឹង​ទទួល​យក​សន្តិភាពដែលមានយុត្តិធម៌។

ប្រទេសរុស្ស៊ី ដែលបានគ្រប់គ្រងប្រមាណ ២០% នៃទឹកដីអ៊ុយក្រែន ទាមទារថា ផែនការ​សន្តិភាព​គឺត្រូវ ប្រគល់តំបន់ ៥ និងបដិសេធការចូលណាតូ។ ចំណែកទីក្រុងគៀវបដិសេធ និង​ទាមទារ​ឲ្យ​មាន​ការពង្រាយកងកម្លាំងលោកខាងលិចលើទឹកដីអ៊ុយក្រែន​ដែលនៅសល់ក្រោម​ការ​​គ្រប់​គ្រង​​របស់ខ្លួន ដែលនេះគឺជាអ្វីដែលរុស្ស៊ីវិនិច្ឆ័យថា គឺមិនអាច​ទទួលយកបាន។

ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ស្ថិតនៅប្រទេសទួរគី​កាល​ពី​ថ្ងៃ​ពុធ ដែលលោកបានព្យាយាម​ដោយគ្មានបានផល​ឲ្យមានការចាប់ផ្តើម​ឡើង​វិញនូវ​កិច្ច​ចរចា​សន្តិភាព។ ប៉ុន្តែចេញពីជំនួបជាមួយសមភាគីទួរគី លោករ៉ឺសេព តៃយីព អៀដូហ្គង់ នៅ​អង់ការ៉ា លោកអាចគ្រាន់តែសង្ឃឹមថា នឹងមានការចាប់ផ្តើម​ការដោះដូរឈ្លើយ​សឹកបន្ថែម​ជាមួយ​រុស្ស៊ី​​​ពីពេលនេះទៅដល់ដំណាច់ឆ្នាំ។

 

Daily Program

Livesteam thumbnail