ប្រព័ន្ធផ្សព្វផ្សាយគួរផ្សាយនូវអ្វីដែលជាផលប្រយោជន៍រួមរបស់មនុស្សជាតិ
នៅក្នុងអំឡុងពេលចូលរួមកម្មវិធីជាមួយនឹងអ្នកគ្រប់គ្រង និងបុគ្គលិកនៃសាជីវកម្មផ្សព្វផ្សាយអ៊ីតាលីកាលពីពេលថ្មីៗកន្លងទៅនេះ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានលើកឡើងពីបេសកកម្មរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការបម្រើប្រជាពលរដ្ឋដោយផលិតកម្មវិធីដែលមានគុណភាពខ្ពស់ និងព័ត៌មានមិនលំអៀងសម្រាប់ផលប្រយោជន៍រួម។
សម្តេចប៉ាប បាននិយាយកាលពីថ្ងៃសៅរ៍ថា បេសកកម្មចម្បងរបស់អ្នកផ្សាយសាធារណៈគឺបម្រើប្រជាពលរដ្ឋដោយផ្តល់ឱ្យពួកគេនូវព័ត៌មានពិត និងត្រឹមត្រូវ ការអប់រំ និងការកម្សាន្តប្រកបដោយគុណភាពខ្ពស់។
នៅក្នុងសុន្ទរកថារបស់ទ្រង់ សម្តេចប៉ាប បានកត់សម្គាល់ថាប្រវត្តិសាស្រ្តរបស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងការផ្លាស់ប្តូរវប្បធម៌ដែលបានកើតឡើងនៅក្នុងសង្គមអ៊ីតាលីក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះដែលវាបានរួមចំណែកយ៉ាងសំខាន់។
សម្តេចប៉ាបបានមានបន្ទូល ថា ៖ «ពិតណាស់ ប្រព័ន្ធផ្សព្វផ្សាយមានឥទ្ធិពលលើអត្តសញ្ញាណរបស់យើង កាន់តែប្រសើរ ឬអាក្រក់ជាងនេះ ប៉ុន្តែត្រូវតែយល់ថាទំនាក់ទំនងគឺជាអំណោយដល់សហគមន៍ ហើយត្រូវតែផ្តល់ព័ត៌មានពិត និងពហុនិយម»។
សម្តេចប៉ាប បានកត់សម្គាល់ថា នៅក្នុងវិស័យព័ត៌មាន ការបម្រើគឺសំខាន់ណាស់អំពី «ការស្វែងរក និងផ្សព្វផ្សាយការពិត ជាឧទាហរណ៍ ដោយប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ» និងឧបាយកលមនោគមវិជ្ជាដែលរំខានដល់សង្គម៕