ប្រធានាធិបតីចិន ស៊ី ជីនពីង អញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ

ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអញ្ជើញមកដល់ប្រទេសកម្ពុជាដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ១៧-១៨ ខែមេសា ឆ្នាំ២០២៥។
ការអញ្ជើញមកដល់របស់លោក ស៊ី ជីនពីង នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ, ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងទទួលស្វាគមន៍ប្រធានាធិបតីចិន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីជាការផ្តល់កិត្តិយសដ៏ធំធេងដល់មហាមិត្តរបស់កម្ពុជា។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ លោកប្រធានាធិបតី ស៊ី ជីនពីង នឹងចូលគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។ បន្ថែមពីនេះ លោកនឹងជួបពិភាក្សាជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់ អំពីបញ្ហា តំបន់ និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីដែលត្រូវបាន កសាងឡើងដោយថ្នាក់ដឹកនាំជាបន្តបន្ទាប់នៃប្រទេសទាំងពីរ។ ទស្សនកិច្ចនេះក៏នឹងបង្កើនសារៈសំខាន់បន្ថែមទៀតដល់ចំណងមិត្តភាពដែកថែប និងភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រជាជាតិទាំងពីរ។
មានឯកសារជាច្រើន នឹងត្រូវបានចុះហត្ថលេខា ក្នុងឱកាសទស្សនកិច្ចនេះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យនានា៕




Daily Program
