ប្រទេសន័រវេស អេស្បាញ និងអៀរឡង់ ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន

ប្រទេសន័រវេស អេស្បាញ និងអៀរឡង់បានប្រកាសថាពួកគេនឹងទទួលស្គាល់ប៉ាឡេស្ទីនជាផ្លូវការនៅសប្តាហ៍ក្រោយ។
នាយករដ្ឋមន្រ្តីន័រវេស លោក ចូណាស ហ្គាស្ត័រ ( Jonas Gahr Store) បាននិយាយថា វិធានការនេះគឺជាមធ្យោបាយនៃការគាំទ្រដល់កងកម្លាំងកម្រិតមធ្យម ដែលបាននិងកំពុងបាត់បង់ដីនៅក្នុងអ្វីដែលលោកហៅថា «ជម្លោះអូសបន្លាយ និងឃោរឃៅ»។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ប៉េត្រូ សាន់ឆេ ( Pedro Sanchez) បានធ្វើសេចក្តីប្រកាសពីការទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋនៅក្នុងសភា។
នៅទីក្រុង ដូប្លិន ( Dublin) នាយករដ្ឋមន្ត្រីអៀរឡង់ លោក ស៊ីមន ហារីស (Simon Harris) បាននិយាយថា លោកមានទំនុកចិត្តថា ប្រទេសជាច្រើនទៀតនឹងចូលរួមជាមួយយើងក្នុងការបោះជំហានដ៏សំខាន់នេះនៅក្នុងសប្តាហ៍ខាងមុខ។
ជាការឆ្លើយតប អ៊ីស្រាអែលបានដកឯកអគ្គរដ្ឋទូតរបស់ខ្លួន ប្រចាំប្រទេសន័រវេស អៀរឡង់ និងអេស្ប៉ាញ។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក អ៊ីស្រាអែល កាត ( Israel Katz) បានបង្ហោះនៅលើបណ្តាញសង្គមថា ៖ «ខ្ញុំកំពុងផ្ញើសារច្បាស់លាស់ មួយទៅកាន់ប្រទេសអៀរឡង់ និងន័រវេសថា អ៊ីស្រាអែលនឹងមិននៅស្ងៀមចំពោះមុខអ្នកដែលបំផ្លាញអធិបតេយ្យភាពរបស់ខ្លួន និងបង្កគ្រោះថ្នាក់ដល់សន្តិសុខរបស់ខ្លួន»។
កាលពីខែតុលាឆ្នាំមុន អ៊ីស្រាអែលបានចាប់ផ្តើមការវាយលុកយោធាទ្រង់ទ្រាយធំនៅតំបន់ហ្គាហ្សាជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយក្រុមសកម្មប្រយុទ្ធហាម៉ាសនៅភាគខាងត្បូងអ៊ីស្រាអែល ដែលមនុស្សប្រហែល ១.២០០នាក់ត្រូវបានសម្លាប់ និងជាង ២០០ នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន។
ចាប់តាំងពីពេលនោះមក ប្រជាជនប៉ាឡេស្ទីនយ៉ាងតិច ៣៥.៦០០ នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធាអ៊ីស្រាអែលបន្តនៅក្នុងតំបន់ហ្គាហ្សា៕
Daily Program
