ប្រទេសកូរ៉េខាងជើង បាញ់មីស៊ីលបាលីស្ទីកជាច្រើនគ្រាប់ចូលក្នុងសមុទ្ររបស់ជប៉ុន
ទាហានកូរ៉េខាងត្បូង បានប្រកាសឲ្យដឹងថា កាលពីថ្ងៃអង្គារទី១៤ ខែមករា ប្រទេស កូរ៉េខាង ជើង បានបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយខ្លីជាច្រើនគ្រាប់ចូលសមុទ្រជប៉ុន។ កាលពី ១ សប្តាហ៍មុន ទីក្រុងព្យុងយ៉ាង បានបញ្ជាក់ថា ខ្លួននឹងសាកល្បងបាញ់មីស៊ីលល្បឿនលឿន ជាងសម្លេងប្រភេទថ្មី និងនៅមុនប៉ុន្មានថ្ងៃមុនការសម្ពោធឡើងកាន់តំណែងរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីថ្មីអាម៉េរិក។
អគ្គមេបញ្ជាការអន្តរយោធាកូរ៉េខាងត្បូង បានប្រកាសឲ្យដឹងថា កូរ៉េខាងត្បូងបានចាប់ដានមីស៊ីលបាលីស្ទីករយៈចម្ងាយខ្លីជាច្រើនគ្រាប់ ដែលត្រូវបានបាញ់ឆ្ពោះទៅកាន់សមុទ្រខាងកើត ឬសមុទ្រជប៉ុនផងដែរ។
ទាហានកូរ៉េខាងត្បូង បានបញ្ជាក់ថា ការបាញ់បានធ្វើឡើងនៅម៉ោង 9h 20mn ម៉ោងក្នុងតំបន់ និងថា មីស៊ីលបានរត់ចម្ងាយ ២៥០គម មុននឹងវាត្រូវបានបំផ្លាញខ្លួនឯងនៅក្នុងសមុទ្រ។ទាហានកូរ៉េខាងត្បូង បានបន្ថែមថា ៖ “សេវាកម្មចារកម្មរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក បានចាប់ដានវាបានភ្លាម និងតាមដាននៅខណៈដែលគ្រាប់មីស៊ីលត្រូវបានបាញ់ចេញផងដែរ។
ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោកចយ សាង ម៉ុក បានថ្កោលទោសការបាញ់នេះ និងបញ្ជាក់ថា ៖ “ការបាញ់ទាំងនេះ បានរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។ ទីក្រុងសេអ៊ូលនឹងឆ្លើយតបឲ្យកាន់តែម៉ឺងម៉ាត់ចំពោះការបង្កហេតុរបស់កូរ៉េខាងជើងលើមូលដ្ឋាននៃជំហរសន្តិសុខដ៏រឹងម៉ាំរបស់ខ្លួន និងភាពជាសម្ព័ន្ធមិត្តជាមួយសហរដ្ឋអាម៉េរិក”។
លោកយាង មូជីង ដែលជាសកលវិទ្យាធិការនៃសកលវិទ្យាល័យនៃការសិក្សាអំពីកូរ៉េខាងជើងនៅទីក្រុងសេអ៊ូល បានវាយតម្លៃថា ការបាញ់មីស៊ីលនេះអាចនឹងបង្ហាញអំពីចេតនានៃការដាក់សំពាធមុនអណត្តិទី២ របស់រដ្ឋបាលរបស់លោកដូណាល់ ត្រាំ។
ការបាញ់នេះកើតឡើងក្រោយមួយថ្ងៃនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន លោកតាកេស្ហ៊ី អ៊ីវ៉ាយ៉ា មកកូរ៉េខាងត្បូង។ ទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ ព្យាយាមពង្រឹងទំនាក់ទំនងរបស់ពួកគេមុននឹងការវិលត្រឡប់របស់ប្រធានាធិបតីមកពីគណបក្សសាធារណៈរដ្ឋមកកាន់សេតវិមាន។
នៅអំឡុងអណត្តិដំបូងរបស់លោក ពីឆ្នាំ២០១៧ ដល់ ឆ្នាំ២០២១ លោកដូណាល់ ត្រាំ បាននាំយកការប៉ុនប៉ង់ជាលក្ខណៈបុគ្គលផ្ទាល់ដើម្បីខិតជិតជាមួយលោកគីម ជុងអ៊ុន ដែលលោកបានជួបចំនួន ៣ដង។ ទោះបីជាលោកបរាជ័យក្នុងការនាំឲ្យកូរ៉េខាងជើងបោះបង់ចោលកម្មវិធីសព្វាវុធនុយក្លេអ៊ែររបស់ខ្លួន ក៏ការខិតជិតៗ គ្នានេះ បានធ្វើឲ្យបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសកូរ៉េទាំងពីរផងដែរ។
ប៉ុន្តែចាប់តាំងពីឆ្នាំ២០២២ ប្រទេសកូរ៉េខាងជើង បានប្រកាសថា មិនអាចបកក្រោយនូវលក្ខន្តិកៈខ្លួនជាមហាអំណាចនុយក្លេអ៊ែរ និងចារនៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួននៅឆ្នាំបន្ទាប់។ ទាហានកូរ៉េខាងជើង បានប្រតិបត្តិនូវការសាកល្បងអាវុធជាច្រើនដែលត្រូវបានហាមឃាត់ដោយអង្គការសហប្រជាជាតិ ដែលការសាកល្បងចុងក្រោយ កើតឡើងកាលពីខែតុលាឆ្នាំមុនដោយបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីប ICBM ជាមួយការរុញច្រានពីឥន្ធនៈរឹង។
បើតាមលោកអាន ចានអ៊ីល ដែលជាអ្នករត់គេពីកូរ៉េខាងជើង និងក្លាយជាអ្នកសិក្សាស្រាវជ្រាវ ដែលដឹកនាំវិទ្យាស្ថានសកលនៃការសិក្សាអំពីកូរ៉េខាងជើងបានឲ្យដឹងថា ការបាញ់មីស៊ីលកាលពីថ្ងៃអង្គារ ក៏អាចនឹងសំដៅធ្វើឲ្យអស្ថិរភាពដល់កូរ៉េខាងត្បូង នៅអំឡុងរយៈពេលវិបត្តិដែលទីក្រុងសេអ៊ូលជួបប្រទះ។