ប្រតិបត្តិការសំបុកពីងពាង អ្វីដែលគេដឹងអំពីការវាយប្រហារដ៏អស្ចារ្យនៃដ្រូនរបស់អ៊ុយក្រែននៅប្រទេសរុស្ស៊ី

ជាច្រើនខែនៃការរៀបចំ ដ្រូនសម្ងាត់អ៊ុយក្រែនដែលត្រូវបានលាក់បាំងនៅប្រទេសរុស្ស៊ី បានចេញធ្វើប្រតិបត្តិការ ដែលមានកូដសម្ងាត់ប្រតិបត្តិការថា សំបុកពីងពាង។ កាលពីថ្ងៃអាទិត្យ សេវាកម្មសន្តិសុខអ៊ុយក្រែនបានដឹកនាំការប្រតិបត្តិការវាយប្រហារ ដែលមិនធ្លាប់មានពីមុន ប្រឆាំងនឹងកងទ័ពអាកាសរុស្ស៊ី និងការវាយប្រហារចម្ងាយរាប់ពាន់គីឡូម៉ែត្រពីព្រំដែន គឺធ្វើមុនមួយថ្ងៃនៃកិច្ចសន្ទនាដែលរៀបចំឡើងរវាងរុស្ស៊ី និងអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ូល។
ប្រភពមួយនៅក្នុងសេវាកម្មសន្តិសុខអ៊ុយក្រែន (SBU) បានអះអាងថា ការវាយប្រហារបានប៉ះពាល់ដល់ យន្តហោះ ៤១គ្រឿង ដែលប្រើប្រាស់ដើម្បីទម្លាក់គ្រាប់បែកលើទីក្រុងអ៊ុយក្រែន ហើយរាប់ឃើញថា មានដូចជា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត Tu-95 និង Tu-22 រ៉ាដាចាប់សញ្ញា និងបញ្ជាការ A-50។
ក្រសួងការពារជាតិរុស្ស៊ីគ្រាន់តែបានបញ្ជាក់ថា សម្ភារៈទ័ពអាកាសជាច្រើនបានឆេះបន្ទាប់ពីមានការវាយប្រហារដោយដ្រូនទៅលើព្រលានយន្តហោះនៅតំបន់ មួម៉ានស្ក៍ និងអៀគូដស្គ៍ ដែលព្រលានយន្តហោះទាំងនេះស្ថិតនៅតំបន់អាកទិករុស្ស៊ី និងតំបន់ស៊ីបេរីខាងបូព៌ា។
ចំណែកសេវាកម្មសន្តិសុខអ៊ុយក្រែន បានអះអាងថា បានបំផ្លាញ ៣៤% នៃយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តរុស្ស៊ីដែលមានបំពាក់មីស៊ីលបណ្តែតផងដែរ និងធ្វើឲ្យខូចខាតគិតជាទឹកប្រាក់សរុបឡើងដល់ ៧ពាន់លានដុល្លារ។
យោងតាមប្រភពរបស់អ៊ុយក្រែន បានឲ្យដឹងថា ប្រតិបត្តិការនេះ ត្រូវបានរៀបចំឡើងរយៈពេលជាង ១ឆ្នាំ កន្លះ ក្រោមការត្រួតពិនិត្យរបស់ប្រធានាធិបតីវ៉ូឡូឌីមៀ ហ្សេឡេនស្គី។ ប្រតិបត្តិការទាមទារនូវការដឹកនាំជញ្ជូនដ៏ពិសេស និងស្មុគស្មាញ។
អ៊ុយក្រែនបានបង្ហោះដ្រូនជាទៀងទាត់ចេញពីទឹកដីរបស់ខ្លួនដើម្បីវាយប្រហារគោលដៅនានានៅក្នុងប្រទេសរុស្ស៊ីជាការឆ្លើយតបនឹងការឈ្លានពានរបស់រុស្ស៊ីតាំងពីឆ្នាំ២០២២។ របៀបនៃប្រតិបត្តិការដែលប្រើប្រាស់លើកនេះ គឺខុសពីមុនទាំងស្រុង។ ប្រភពសន្តិសុខអ៊ុយក្រែនបានរៀបរាប់ថា ដ្រូនត្រូវបានលាក់បាំងយ៉ាងសម្ងាត់នៅក្នុងប្រទេសរុស្ស៊ី និងលាក់នៅក្នុងសំណង់ឈើដែលដាក់នៅលើរថយន្តកាំមីញ៉ុង។ បន្ទាប់មកដំបូលរបស់វាក៏បានបើក និងអនុញ្ញាតឲ្យដ្រូនជាច្រើន ហោះសំដៅវាយប្រហារលើគោលដៅ។ រូបភាពនានាដែលចែករំលែកដោយសេវាកម្មសន្តិសុខអ៊ុយក្រែន (SBU) បានបង្ហាញដ្រូនតូចៗ ជាច្រើនដែលលាក់នៅពីក្រោមដំបូលក្លែងមួយដែលស្ថិតនៅក្នុងកុងតឺន័រដឹកជញ្ជូន។
ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា ដ្រូនទាំងនេះមិនបានបាញ់ចេញពីដែនដីអ៊ុយក្រែនទេ ប៉ុន្តែគឺចេញពីទីតាំងនៅជិតព្រលានយន្តហោះតែម្តង។
បើយោងតាមលោកហ្សេឡេនស្គី ចារបុរសអ៊ុយក្រែនរាយពាសពេញនៅក្នុងតំបន់នានាលើទឹកដីរុស្ស៊ី។ លោកបានបញ្ជាក់ថា ទីតាំងមួយក្នុងចំណោមទីតាំងជាច្រើនដែលពួកគេធ្វើការគឺនៅក្បែរការិយាល័យសេវាកម្មសន្តិសុខរុស្ស៊ី (FSB)។
កាលពីថ្ងៃអាទិត្យ ទីក្រុងមូស្គូ បានឃាត់ខ្លួនជនសង្ស័យជាច្រើន ទោះបីជាលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានអះអាងថា ជនពាក់ព័ន្ធប្រតិបត្តិការ ស្ថិតនៅកន្លែងមានសុវត្ថិភាព និងបានចាកចេញពីរុស្ស៊ីមុនមួយថ្ងៃនៃប្រតិបត្តិការ។
ព្រលានយន្តហោះពីរ ដែលអ៊ុយក្រែននិយាយថា បានវាយប្រហារ គឺអូឡេនីញ៉ា និងបេឡៃអ៊ីយ៉ា ស្ថិតនៅចម្ងាយប្រមាណ ១៩០០គម និង ៤៣០០គម ពីទឹកដីអ៊ុយក្រែន។ ព្រលានយន្តហោះដំបូងស្ថិតនៅក្នុងតំបន់អាកទិករុស្ស៊ី និងព្រលានយន្តហោះបន្ទាប់ស្ថិតនៅតំបន់ស៊ីបេរីបូព៌ាលើទឹកដីរុស្ស៊ី។
លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បាននិយាយអំពីភាពត្រឹមត្រូវថា សកម្មភាពទាំងនេះគួរតែត្រូវជម្រុញឲ្យរុស្ស៊ីមានអារម្មណ៍អំពីភាពចាំបាច់ក្នុងការបញ្ឈប់សង្រ្គាម។
Daily Program
