ប្រគំតន្ត្រី​សប្បុរសធម៌​​ដើម្បីរៃអង្គាសសម្រាប់អគារសិក្សា​កុមារអូទីសឹម

សាលាអប់រំពិសេសនៃការលូតលាស់​ (GSES) រៀបចំការប្រគំតន្ត្រី​ សប្បុរសធម៌​ ស្វែងរកជំនួយដើម្បីកសាងអគាសិក្សាសម្រាប់កុមារអូទីសឹម​ នាថ្ងៃទី២៥​ ខែវិច្ឆិកា​ នៅ​ព្រះវិហារកាតូលិក​​ព្រះកុមាយេស៊ូបឹងទំពុន ដោយ​មាន​ក្រុម​តន្ត្រី​ Cambodia Opara Project Ensemble ពីប្រទេសជប៉ុន។

អ្នក​ស្រី ភោគ មានី នាយិកាសាលាអប់រំពិសេសនៃការលូតលាស់ ​​និងជាម្តាយរបស់កុមារអូទីសឹមមួយរូបបានថ្លែងប្រាប់អ្នកសារព័ត៌មានមុនកម្មវិធីថា កម្មវិធីនាថ្ងៃនេះ មានគោលបំណង  បំផុសបំផុលអាណាព្យាបាលកុមារអូទីសឹម ក៏ដូចជាបងប្អូនសប្បុរសជនដទៃទៀតចូលរួមថវិកាកសាងអគារ ព្រោះនាពេលនេះ សាលាអប់រំពិសេសនៃការលូតលាស់មិនមានអគាត្រឹមត្រូវ និងគ្រប់​គ្រាន់សម្រាប់កុមារ​អូទីសឹមឡើយ។

អ្នកស្រី​​អំពាវនាវ ឲ្យ​សប្បុរស​ជន​ចំណាយ​ប្រាក់​​បន្តិចបន្តួច​ដើម្បី​​កសាងសាលា​សម្រាប់​កុមារ​អូទីសឹម​ ដែល​សព្វ​ថ្ងៃ​មានសិស្ស ៣៣០នាក់ កំពុង​រៀន​នៅ​ក្នុង​អគារ​ជួល​​៤ល្វែងហើយ​ត្រូវការ​អគារសិក្សា​ត្រឹមត្រូវ​មួយកន្លែង​​​លើដីរបស់ព្រះសហគមន៍ព្រះកុមារយេស៊ូបឹងទំពុន។​

 ក្រៅពីការសម្តែង​របស់​ក្រុម​អូប៉េរ៉ា​ ក៏មានការសម្តែងរបស់កុមារអូទីសឹម និងការដាក់តាំងបង្ហាញរូបភាពស្នាដៃរបស់កុមារផងដែរ។

 ថ្លែងក្នុងពិធីបិទការក្រគុំតន្រ្តីសប្បុរសធម៌ លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានថ្លែងឡើងថា អ្វីដែលយើងឃើញកុមារសម្តែងនៅថ្ងៃ​នេះ ជាសក្ខីភាពមួយដែលបង្ហាញការីកចំរើនរបស់សាលាយើង។ លោកបានឃើញនូវស្នាមញញឹម នូវអំណរសប្បាយរបស់ឪពុកម្តាយកុមារ ហើយជាក្តីសង្ឃឹមរបស់ពួកគេ ដែល​អាច​ឲ្យ​កូនៗ​​​ចេញពីផ្ទះ ទទួល​ការ​​អប់រំ រីកចំរើន ដែល​ទទួល​បាន​ការ​យកចិត្តទុកដាក់ ដែលណែនាំឱ្យពួកគេ​មើលឃើញអនាគត។

ឆ្លង​តាម​តន្ត្រី​សប្បុរស​ធម៌នេះ​ លោកអភិបាល​សង្ឃឹមថា សាលានឹងអាចរកជំនួយបន្ថែមទៀតដើម្បីកសាងអគាថ្មីសម្រាប់កុមារអូទីសឹម ហើយ​លោក​ក៏សង្ឃឹម​ថា​កុមារទាំងនោះ​អាច​រស់នៅ​ក្នុងសង្គម​​ប្រកបបរិយាបន្នក្នុងគ្រួសារតែមួយ គោរពជីវិតមានតម្លៃ និងកសាងប្រទេសកម្ពុជាពោរពេញដោយសេចក្តីសុខ និងសុខដុមរម្យនា៕

 

ដោយ​សុខ កែវរតនា

Daily Program

Livesteam thumbnail