ប្រកាសផ្អាកការអនុវត្តពន្ធគយថ្មីរយៈពេល៩០ថ្ងៃ

ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសផ្អាកការអនុវត្តពន្ធគយថ្មីរយៈពេល៩០ថ្ងៃលើប្រទេសជាច្រើន លើកលែងតែប្រទេសចិន តម្លើងដល់១២៥% នេះបើយោងតាមសារព័ត៌មានធំៗ CNN និង Reuters ចេញផ្សាយមុននេះបន្តិច នាយប់ឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។
តាមរបាយការណ៍ប្រទេសដែលផ្អាកការអនុវត្តពន្ធនេះមានរហូតដល់ ៧៥ប្រទេស ប៉ុន្តែរដ្ឋបាល ដូណាល់ ត្រាំ មិនទាន់បានបញ្ចេញបញ្ជីឈ្មោះប្រទេសនៅឡើយ។
ក្នុងបណ្តាញទំនាក់ទំនងសង្គម របស់លោក Jean-François Tain រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស នៅព្រឹកនេះ បានបង្ហាញថា មូលហេតុ បើតាមសំដីលោកTrump, គឺមកពីប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសចំនួនជាង៧៥នៅក្នុងលោក បានទាក់ទងអាជ្ញាធរអាមេរិក ដើម្បីសុំចរចា។ ក្នុងនោះ កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រទេសមួយ ក្នុងចំណោមប្រទេសពីរបីផ្សេងទៀត ដែលបានផ្តួចផ្តើមគំនិតមុនគេឯង ស្នើសុំចរចាជាមួយទីក្រុង Washington។
លោក Jean-François Tain បន្តថា សង្គ្រាមពាណិជ្ជកម្មនេះដែលបាននិងកំពុងបន្តប្រព្រឹត្តទៅ មានលក្ខណៈជាសកល។ ប៉ុន្តែ រដ្ឋាភិបាលនីមួយៗ គិតពីប្រយោជន៍របស់ប្រទេសខ្លួន មុនគេ គឺជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើ ហើយយើងធ្វើ ដើម្បីការពារបណ្តារោងចក្រនិងក្រុមហ៊ុននានាក្នុងទឹកដីយើង ដើម្បីការពារប្រាក់ចំណូលរបស់កម្មករយើង និងដើម្បីការពារជីវភាពនៃប្រជាជនខ្មែរយើង។
លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ថែមថា ក្នុងអំឡុងពេល៩០ថ្ងៃខាងមុខ រាប់ពីថ្ងៃ១០មេសានេះទៅ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចបវរធិបតី នឹងបន្តដុតដៃដុតជើង ទាក់ទង ពន្យល់បំភ្លឺ និង បញ្ចុះបញ្ចូល សហរដ្ឋអាមេរិក កុំឱ្យអនុវត្តពន្ធគយថ្មី(៤៩%)មកលើកម្ពុជា៕


Daily Program
