បើតាមសហរដ្ឋអាម៉េរិក ទាហានកូរ៉េខាងជើងរាប់ពាន់នាក់ មានវត្តមាននៅរុស្ស៊ី
សម្រាប់ជាលើកទី១ កាលពីថ្ងៃពុធ ទី២៣ ខែតុលា សហរដ្ឋអាម៉េរិកបានអះអាងថាមានភស្តុតាងនៃវត្តមានរបស់ទាហានកូរ៉េខាងជើងនៅប្រទេសរុស្ស៊ី ដែលអាចចល័តបានសម្រាប់ធ្វើសង្រ្គាមនៅអ៊ុយក្រែន។
លោកឡយ អូស្ទីន រដ្ឋមន្រ្តីការពារជាតិអាម៉េរិក នៅក្នុងវីដេអូមួយដែលផ្សព្វផ្សាយនៅក្នុងសារព័ត៌មានវ៉ាស៊ីនតុន ប៉ុស្ត បានថ្លែងថា ៖ ”យើងមានភស្តុតាងថា កងកម្លាំងកូរ៉េខាងជើង បានមកដល់ប្រទេសរុស្ស៊ី។” នៅអំឡុងពេលជិះយន្តហោះ មកអ៊ីតាលី ដែលលោកត្រូវចូលរួមក្នុងកិច្ចប្រជុំជាមួយសមាភាគី G7 លោកឡយ អូស្ទីន បានបន្ថែមថា ៖ “តើពួកគេធ្វើអ្វីឲ្យពិតប្រាកដ? យើងចាំមើល។” ប្រសិនបើពួកគេ ចូលប្រយុទ្ធប្រកៀកស្មាគ្នា ប្រសិនបើពួកគេមានគោលបំណងចូលរួមសង្រ្គាម ក្នុងនាមរុស្ស៊ី នេះគឺជាជាបញ្ហាដ៏ធ្ងន់ធ្ងរណាស់”។
បន្ទាប់មកមន្ត្រីជាន់ខ្ពស់អាម៉េរិកមួយរូប បានបញ្ជាក់ថា ទាហានកូរ៉េខាងជើងរាប់ពាន់នាក់ បានមកដល់ប្រទេសរុស្ស៊ីដើម្បីហ្វឹកហាត់។ លោកបញ្ជាក់ថា សហរដ្ឋអាម៉េរិក មិនដឹងថាអ្វីជាបេសកកម្មរបស់ពួកគេ ឬក៏ពួកគេនឹងមកប្រយុទ្ធនៅអ៊ុយក្រែន។”
យោងតាមប្រភពពីមន្រ្តីជាន់ខ្ពស់អាម៉េរិកដែលបញ្ជាក់ក្នុងភាពអនាមិក បានឲ្យដឹងថា ៖ “ប្រសិនបើពួកគេចូលរួមប្រយុទ្ធនៅអ៊ុយក្រែន នេះបង្ហាញអំពីភាពជ្រួលច្របល់ដែលកើនឡើង របស់ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន នៅក្នុងសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។ រុស្ស៊ីរងការបាត់បង់យ៉ាងសម្បើមជារៀងរាល់ថ្ងៃនៅលើសមរភូមិប្រយុទ្ធ។”
ចំណែកនៅទីក្រុងប៊្រុចសែល លោកស្រីអ្នកនាំពាក្យនៃអង្គការណាតូ បាននិយាយថា ប្រទេសនៃសម្ព័ន្ធមិត្តអាត្លង់ទិច បានបញ្ជាក់អំពីភស្តុតាងនៃការពង្រាយរបស់ទាហានកូរ៉េខាងជើងនៅប្រទេសរុស្ស៊ី។ លោកស្រីបន្ថែមថា ប្រសិនបើទាហានទាំងនេះ មានគោលដៅប្រយុទ្ធនៅអ៊ុយក្រែន នេះវានឹងកត់សម្គាល់នៃការកើនឡើងភាពតានតឹងដ៏សំខាន់នៃការគាំទ្ររបស់កូរ៉េខាងជើងសម្រាប់សង្រ្គាមខុសច្បាប់របស់រុស្ស៊ី”។
បន្ទាប់ពីការចោទប្រកាន់ទាំងនេះ កាលពីថ្ងៃពុធ រុស្ស៊ីបានអញ្ជើញអ្នកចោទប្រកាន់ទាំងនេះឲ្យទៅសួរទីក្រុងព្យុងយ៉ាងថា តើទាហានកូរ៉េទាំងនេះស្ថិតនៅឯណា? លោកស្រីម៉ារីយ៉ា ហ្ស៉ាខារ៉ូវ៉ា អ្នកនាំពាក្យការទូតរុស្ស៊ី បានឆ្លើយថា ចូរពួកអ្នកទៅសួរទីក្រុងព្យុងយ៉ាង! កងកម្លាំងទាហានសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េមានវត្តមាននៅរុស្ស៊ី តើពួកគេនៅឯណា? លោកស្រីបានបរិហារថា នេះគឺជាសង្រ្គាមឃោសនានៃប្រព័ន្ធផ្សព្វផ្សាយ។
នេះគឺជាលើកទី១ ហើយ ដែលទីក្រុងវ៉ាស៊ីនតុន និងសម្ព័ន្ធមិត្តរបស់ខ្លួនលើកឡើងជាសាធារណៈអំពីភស្តុតាងនៃវត្តមានរបស់កងកម្លាំងកូរ៉េខាងជើងនៅប្រទេសរុស្ស៊ី។ មុនពេលនេះ ទោះបីមានការអះអាងម្តងហើយ ម្តងទៀតដោយសម្ព័ន្ធមិត្តរបស់ខ្លួន កូរ៉េខាងត្បូង មន្រ្តីអាម៉េរិកបានបង្ហាញខ្លួនប្រុងប្រយ័ត្នយ៉ាងខ្លាំងក្លាបំផុត ដោយចាប់តាំងពីច្រើនថ្ងៃមុន បាននិយាយថា មិនទាន់ស្វែងរកឃើញភស្តុតាងបញ្ជាក់អំពីព័ត៌មានទាំងនេះបាន។
បើយោងតាមទីក្រុងសេអ៊ូល លោកប៉ាក ស៊ុនវ៉ុន សមាជិកនៃគណៈកម្មាធិការសភាខាងកិច្ចការចារកម្ម បន្ទាប់ពីបានទទួលសេចក្តីសង្ខេបពីសេវាកម្មជាតិនៃចារកម្ម (NIS) បានថ្លែងប្រាប់សារព័ត៌មានថា កូរ៉េខាងជើង បានបញ្ជូនទាហាន ១៥០០នាក់ បន្ថែមទៅរុស្ស៊ី ដែលនាំឲ្យចំនួនទាហានបញ្ជូនទៅនោះ ឡើងដល់ ៣០០០នាក់។
ទំនាក់ទំនងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងសេអ៊ូល បានធ្លាក់ចុះនៅប៉ុន្មានខែចុងក្រោយនេះ។ កូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ បានខិតជិតរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តរបស់របបប្រទេសនេះតាំងពីការបង្កើតឡើងបន្ទាប់ពីសង្រ្គាមលោកលើកទី២។
ជាយូរមកហើយ កូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក បញ្ជាក់ថា មេដឹកនាំ កូរ៉េខាងជើង លោកគីម ជុងអ៊ុន បានបញ្ជូនសព្វាវុធទៅឲ្យរុស្ស៊ីដើម្បីប្រើប្រាស់ធ្វើសង្រ្គាមនៅអ៊ុយក្រែន។