បុរីវ៉ាទីកង់ និងសាធារណរដ្ឋឆេក ចុះកិច្ចព្រមព្រៀងដើម្បីធានាសេរីភាពសាសនា
នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឆេក លោក ភីធ័ ហ្វាឡា ( Petr Fiala) និងលោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអសនៈ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បី "ពង្រឹងចំណងមិត្តភាព" រវាងប្រជាជាតិទាំងពីរ។
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងកិច្ចព្រមព្រៀងដែលបានចុះនោះគឺមានមាត្រាមួយដែល លើកទឹកចិត្តដល់កិច្ចសហការរវាងប្រទេសទាំងពីរ សំដៅជាពិសេសក្នុងការបម្រើ «ផលប្រយោជន៍រួម និងតម្លៃខាងវិញ្ញាណ មនុស្ស និងវប្បធម៌របស់ប្រជាជនឆេក»។
ប្រភពដដែលបានបន្តថា ឯកសារនេះធានានូវសេរីភាពខាងសាសនា និងសមត្ថភាពរបស់ព្រះសហគមន៍ ក្នុងការបំពេញបេសកកម្មរបស់ខ្លួន។
កិច្ចព្រមព្រៀងទ្វេភាគីនេះក៏បញ្ជាក់ពីសិទ្ធិសេរីភាពនៃគំនិត សាសនា និងសតិសម្បជញ្ញៈសម្រាប់មនុស្សទាំងអស់ មិនត្រឹមតែអ្នកកាន់សាសនាកាតូលិកប៉ុណ្ណោះទេ ហើយចែងថា ការគោរពបូជាសាសនាអាចត្រូវបានគ្រប់គ្រងដោយច្បាប់បានលុះត្រាតែចាំបាច់ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ សុខុមាលភាព និងសិទ្ធិអ្នកដទៃ។
នៅក្នុងកិច្ចព្រមព្រៀងនេះ រដ្ឋឆេកទទួលស្គាល់សិទ្ធិរបស់ព្រះសហគមប៍កាតូលិកក្នុងការបំពេញការងារស្របតាមច្បាប់របស់ខ្លួន គ្រប់គ្រងដោយខ្លួនឯង និងជ្រើសរើសថ្នាក់ដឹកនាំ របស់ខ្លួនដោយសេរី៕