បុរីវ៉ាទីកង់និងប្រទេសចិនសម្រេចបន្តកិច្ចព្រមព្រៀងបណ្តោះអាសន្នស្តីពីការតែងតាំងលោកអភិបាល

បន្ទាប់ពី កិច្ចប្រជុំ ពិគ្រោះយោបល់ និងការពិភាក្សាការវាយតម្លៃសមស្របក្រុមមន្ត្រីនៃ​បុរីវ៉ាទីកង់និងប្រទេសចិនបានយល់ព្រមបន្តកិច្ចព្រមព្រៀងបណ្តោះអាសន្នស្តីពីការតែងតាំងលោកអភិបាលព្រះសហគមន៍កាតូលិកសម្រាប់រយៈពេល៤ ឆ្នាំបន្តទៀត។

វ៉ាទីកង់ញូវបានរាយការណ៍ថា ដោយយល់ឃើញពីការព្រមព្រៀងគ្នាដែលសម្រេចបានសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងបណ្ដោះអាសន្នទាក់ទងនឹងការតែងតាំងលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៅប្រទេសចិនជាបន្តបន្ទាប់ ក្រោយពី មានការប្រជុំពិគ្រោះយោបល់ និងការវាយតម្លៃភាពសមស្របនោះ បុរីវ៉ាទីកង់និងរដ្ឋាភិបាល ចិនបានយល់ព្រមបន្តសុពលភាពនៃកិច្ចព្រមព្រៀងនេះបន្ថែមទៀតសម្រាប់រយៈពេល៤ ឆ្នាំចាប់ពីកាលបរិច្ឆេទបច្ចុប្បន្ន។

​សេចក្តីថ្លែងការណ៍​ចេញ​ផ្សាយ​ដោយ​ការិយាល័យព័ត៌មានបុរីវ៉ាទីកង់នៅ​ថ្ងៃ​អង្គារ ទី២២ ខែ​តុលា ឆ្នាំ២០២៤បានបញ្ជាក់បន្ត បុរីវ៉ាទីកង់ នៅតែឧទ្ទិសដល់ការបន្តកិច្ចសន្ទនាប្រកបដោយការគោរព និងស្ថាបនាជាមួយភាគី ចិន ដោយមើលឃើញពីការអភិវឌ្ឍន៍បន្ថែមទៀតនៃទំនាក់ទំនងទ្វេភាគី ដើម្បីជាប្រយោជន៍ដល់ភាគីទាំងពីរ។ 

ការព្រមព្រៀងគ្នាជាថ្មីនេះ គឺជាការព្រមព្រៀងលើកទី៣ ដែលភាគីទាំងពីរអាចសម្រេចបានចាប់តាំងពី បានចុះហត្ថលេខាដំបូងកាលពី ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០១៨ ដែលបានបើកជំពូកប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងរវាង បុរីវ៉ាទីកង់និងរដ្ឋាភិបាល ចិន៕

Daily Program

Livesteam thumbnail