បិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ១ នាថ្ងៃពុធខាងមុខនេះ

រដ្ឋបាលខេត្តកណ្តាល បានជូនដំណឹងពី​ការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីស្តុបបំបែកខ្នងផ្លូវជាតិលេខ១ កែងផ្លូវជាតិលេខ២១ប រហូតដល់ គល់ស្ពានអ្នកលឿង ត្រើយខាងលិច ចាប់ពីម៉ោង ១២:០០នាទីថ្ងៃត្រង់ រហូតដល់ម៉ោង ១៥:០០នាទីរសៀល ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤។

​ការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ១ នេះ ដើម្បីប្រារព្ធពិធីរត់ភ្លើងគប់ អបអរសាទរ ពិធីបើកកីឡាជាតិលើកទី៤ និងកីឡា ជនពិការលើកទី២ ឆ្នាំ២០២៤។

រដ្ឋបាលខេត្តកណ្តាលបានបន្តថា ពិធីរត់ភ្លើងគប់នេះ​ នឹងចាប់ផ្ដើមរត់ ពីទីតាំងបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្តាល នៅលើផ្លូវជាតិលេខ១ ឆ្ពោះទៅកាន់ពហុកីឡដ្ឋានជាតិអូឡាំពិក។

នៅពេលពិធីចាប់ផ្តើមនៅម៉ោង ១៤:០០នាទីរសៀល ការធ្វើចរាចរនឹងត្រូវបិទទាំងស្រុងក្នុងរយៈពេល១ម៉ោង ចាប់ពីទីតាំងបើកការដ្ឋាន ព្រែកជីកហ្វូណន តេជោ ឆ្ពោះមកភ្នំពេញចំងាយ ១គីឡូម៉ែត្រ បន្ទាប់មកនឹងបើកឱ្យចរាចរតែមួយ ចំហៀងផ្លូវរហូតដល់ពិធីត្រូវបានបញ្ចប់៕

Daily Program

Livesteam thumbnail