បន្ទាប់ពីការវាយប្រហារភេរវកម្មនៅទីក្រុងមូស្គូ លោកពូទីន ទទួលស្គាល់ថា ជា​ការ វាយ ប្រហាររបស់ក្រុមឥស្លាមជ្រុលនិយម តែចោទប្រកាន់អ៊ុយក្រែនជានិច្ច

លោកវ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានទទួលស្គាល់សម្រាប់ជាលើកទី១ កាលពីថ្ងៃទី២៥ ខែមីនា ថា ការវាយប្រហារភេរវកម្មនៅជិតទីក្រុងមូស្គូ ដែលត្រូវអះអាងកាលពី ៣ថ្ងៃ មុនថា ដោយសារក្រុម ជីហាត រដ្ឋអ៊ីស្លាម Isis គឺជាការប្រព្រឹត្តិដោយក្រុមឥស្លាមជ្រុលនិយម។ ហើយ​រឿង​នេះត្រូវបានគេឮថា មានទំនាក់ទំនងជាមួយអ៊ុយក្រែន។

ទីក្រុងគៀវ និងលោកខាងលិច បានបដិសេធយ៉ាងដាច់អហង្ការ​នូវរាល់ទំនាក់ទំនងរវាង អាជ្ញាធរអ៊ុយក្រែន និងអ្នកប្រព្រឹត្តិភេរវកម្មនេះ។ ហើយបើយោងតាមតុល្យការថ្មី ដែលប្រកាស​កាល​ពីថ្ងៃចន្ទ បានឲ្យដឹងថា ភេរវកម្មនេះបានធ្វើឲ្យមនុស្ស ១៣៩នាក់ស្លាប់ និង ១៨២នាក់ រង​រ​​បួស។

ជាង២ឆ្នាំ បន្ទាប់ពីការវាយប្រហារក្នុងទ្រង់ទ្រាយធំប្រឆាំងនឹងទីក្រុងគៀវ ដែលបង្ហាញថា វាគឺ​ជា​ជម្លោះដ៏មានសក្តានុពលសម្រាប់លោកពូទីន ការវាយប្រហារភេរវកម្មលើកនេះរំឭក​អំពី​ទ្រឹស្តីនៃការពាក់ព័ន្ធរបស់អ៊ុយក្រែន។ លោកពូទីនបានបង្ហាញដូច្នេះកាលពីសប្តាហ៍មុន ដោយ​មិន​ផ្តោចអារម្មណ៍លើក្រុមជីហាតខ្លាំងនោះទេ។

នៅអំឡុងកិច្ចប្រជុំរដ្ឋាភិបាល លោកបានថ្លែងថា ៖ “យើងដឹងថា ឧក្រិដ្ឋកម្មនេះ ត្រូវបានធ្វើ​ឡើង​​ដោយក្រុមឥស្លាមជ្រុលនិយម​ដែលមានមនោគមន៍វិជ្ជា​ ដែលនៅក្នុងនោះ​ពិភពឥស្លាម​បាន​ប្រយុទ្ធដើម្បីខ្លួនឯងតាំងពីច្រើនសតវត្សមកហើយ”។ លោកបានបន្ថែមថា ៖ ”អ្វីដែលធ្វើ​ឲ្យ​យើង​ត្រូវចាប់អារម្មណ៍ គឺអ្នកនៅពីក្រោយ”។ លោកអំពាវនាវឲ្យមាន ការស៊ើបអង្កេតដែល​មាន​វិជ្ជាជីវផងដែរ។ លោកបាននិយាយថា ៖ “ហេតុអ្វីបានជាភេរវករបន្ទាប់​ពីបានប្រព្រឹត្តិ​អំពើ​ឧក្រិដ្ឋ​កម្មហើយ បានព្យាយាមចាកចេញទៅ​អ៊ុយក្រែន? នរណារង់ចាំពួកគេនៅទីនោះ? អ្នក​ដែល​គាំទ្ររបបទីក្រុងគៀវ មិនចង់ក្លាយជា​អ្នកផ្សំគំនិតនៃការកាប់សម្លាប់ និងការគាំទ្រ​ភេរវកម្ម ប៉ុន្តែសំនួរជាច្រើនត្រូវបានចោទឡើង”។ លោក បានបញ្ជាក់ថា ៖ “យើងសួរថា នរណាបានប្រយោជន៍ពីរឿងនេះ? ភាពឃោឃៅនេះ​អាចជាភាគថ្មីនៃការប៉ុងប៉ង​ជាបន្តបន្ទាប់​របស់​អ្នកដែលប្រយុទ្ធជាមួយប្រទេសយើងតាមរយៈ​របបណាហ្ស៊ីទីក្រុងគៀវ ចាប់តាំងពី​ឆ្នាំ​២០១៤”។ លោកថ្លែងថា ៖ “ក្រុមណាហ្ស៊ី គឺត្រូវបានស្គាល់ច្បាស់ ហើយគួរឲ្យមើលងាយ​ដែល​បាន​ប្រើវិធីសាស្រ្តដែលកខ្វក់បំផុត និងអមនុស្សធម៌ដើម្បីឈានទៅដល់គោលដៅរបស់​ពួក​គេ”។ លោកបាននិទានរឿង ដោយនិយាយថា ការវាយប្រហារនៅអ៊ុយក្រែនគឺសំដៅ​ផ្តួល​រំលំរបបណាហ្ស៊ីសម័យថ្មី។”

ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី នៅក្នុងសេចក្តីថ្លែងសន្ទរកថា ប្រចាំថ្ងៃ បានប្រតិកម្មតបថា ៖ “លោកពូទីននិយាយតែខ្លួនឯងសាជាថ្មី។ គាត់គឺជាបុគ្គលឈឺ និងមិន​ចេះ​​ខ្មាស់​អៀន។”

ជនសង្ស័យ ដែលមានយ៉ាងហោចណាស់ម្នាក់គឺជាជនជាតិ តាដជីគីស្ថាន នៅអាស៊ីកណ្តាល ត្រូវបានដាក់ក្នុងឃុំឃាំងជាបណ្តោះអាសន្នរហូតដល់ថ្ងៃទី២២ ខែឧសភា។ គាត់អាចនឹងត្រូវ​កាត់ទោសជាប់​គុកមួយជីវិត។

ជនសង្ស័យបីរូបទៀតត្រូវបានចាប់ដាក់ឃុំឃាំង​ដូចគ្នា។ យោងតាមទីភ្នាក់ងារសារព័ត៌មាន រីយ៉ា ណូវ៉ូស្ទី បានឲ្យដឹងថា នោះគឺជាឪពុក និងកូនប្រុសពីរនាក់ ដែលមាន​ម្នាក់កើត​នៅ​ប្រទេស តាដជីគីស្ថាន និងមានសញ្ជាតិរុស្ស៊ី។

អាជ្ញាធររុស្ស៊ីបានថ្លែងថា បានឃាត់ខ្លួនសរុប មនុស្ស ១១នាក់។

នៅអំឡុងកិច្ចប្រជុំរដ្ឋាភិបាលជាមួយប្រធានាធិបតីរុស្ស៊ី ប្រមុខក្រុមអ្នកស៊ើបអង្កេត លោក​អាឡិចហ្សង់ បាស្ទ្រីគីន បានរៀបរាប់ថា អ្នករងរបួស ដែលមិនទាន់ដឹងច្បាស់អាច​មាន​រហូតដល់ ១៨២នាក់។ បើតាមរូបលោកអាឡិចហ្សង់ បាស្ទ្រីគីន បានឲ្យដឹង យោងតាមធាតុ​ដំបូងៗ នៃ​ការ​ស៊ើបអង្កេត មាន មនុស្ស ៤០នាក់ ត្រូវបានស្លាប់ដោយគ្រាប់កាំភ្លើង និង ៤៥​នាក់​​ទៀត បានស្លាប់នៅក្នុងភ្លើងឆេះ។ ការវាយប្រហារមានរយៈតែ ១៣នាទី។

 

Daily Program

Livesteam thumbnail