នៅអ៊ុយក្រែន ភាពតានតឹង ការដកតំណែង... ក្រសួងការពារជាតិស្ថិត នៅក្រោម ភាពតានតឹង
ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអ៊ុយក្រែន បានរាយការណ៍ថា មានការខ្វែងគំនិតគ្នានៅក្នុងក្រសួងការពារជាតិអ៊ុយក្រែនដែលរាំងស្ទះដល់ការទិញ និងការចែកចាយអាវុធ។ អនុរដ្ឋមន្រ្តីក្រសួងការពារជាតិត្រូវបានដកតំណែង។
កាលពីថ្ងៃទី២៤ ខែមករា នៅក្នុងការផ្សព្វផ្សាយមួយតាមហ្វេសប៊ុក រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ុយក្រែន លោករូស្តេម អ៊ូម៉េរ៉ូវ បានរិះគន់យ៉ាងខ្លាំងចំពោះលទ្ធផលមិនគួរជាទីពេញចិត្ត ដែលពាក់ព័ន្ធនឹងការបញ្ជូនសព្វាវុធមកឲ្យកងទ័ព។
ជាច្រើនខែមកហើយ កងទ័ពអ៊ុយក្រែនបានដកថយប្រឈមនឹងកងកម្លាំងរុស្ស៊ីដែលកាន់តែច្រើនឡើង និងបំពាក់អាវុធបានកាន់តែប្រសើរ។ លោករដ្ឋមន្រ្តីក៏បានរិះគន់យ៉ាងក្លៀវក្លាចំពោះអង្គភាពរដ្ឋាភិបាល គឺទីភ្នាក់ងារទិញអាវុធការពារជាតិ ឬ AOZ ដែលបានបង្កើតឡើងនៅខែឧសភា ឆ្នាំ២០២២ដើម្បីធ្វើឲ្យប្រសើរឡើងនូវការចំណាយខាងយោធា និងកម្រិតចំពោះអ្នករត់ការ ព្រមទាំងហានិភ័យនៃការបង្វិលមូលនិធិទៅធ្វើរឿងផ្សេងផង។
លោកស្រី ម៉ារីណា បាហ្ស្រ៊ូកូវ៉ា ដែលជាប្រមុខរបស់ទីភ្នាក់ងារនេះ បានទាត់ចោលការចោទប្រកាន់ និងបរិហារសម្រាប់សំពាធដែលដាក់ដោយក្រសួងការពារជាតិ។ មន្រ្តីជាច្រើនដែលរួមមានទាំងសកម្មជនប្រឆាំងអំពើពុករលួយផង បានគាំទ្រលោកស្រី។
គេហទំព័រព័ត៌មានដ៏មានឥទ្ធិពលរបស់អ៊ុយក្រែន អ៊ុយក្រៃអ៊ីនស្កា ប្រាវដា បានបញ្ជាក់ថា ដោយសារវិបាកនៃជម្លោះនេះ ប្រព័ន្ធទិញអាវុធគឺស្ទើតែពិការមិនដំណើរការ ហើយសម្ព័ន្ធមិត្តលោកខាងលិច ដែលការគាំទ្រខាងយោធារបស់ពួកគេគឺមានសារសំខាន់ចំពោះទីក្រុងគៀវ ក្លាយជាមិនក្លៀវក្លា។ ប្រព័ន្ធផ្សព្វផ្សាយនេះក៏បានលើកឡើងដែរថា ភាពតានតឹងកើតឡើងនៅពេលវេលាដ៏អាក្រក់គ្រោះថ្នាក់ នៅពេញរដូវកាលនៃការធ្វើសេចក្តីសន្និដ្ឋានបញ្ចប់នៃកិច្ចព្រមព្រៀងសព្វាវុធ ហើយជម្លោះទាំងនេះនឹងផ្តល់ហានិភ័យឲ្យប្រទេសអ៊ុយក្រែន គ្មានអ្វីការពារ។
កាលពីថ្ងៃអង្គារ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិម្នាក់ លោកតារ៉ាស ម៉េលនីជូក បានថ្លែងថា លោករូស្តេម អ៊ូម៉េរ៉ូវ ក៏បានសុំឲ្យដកតំណែងអនុរដ្ឋមន្រ្តីម្នាក់របស់គាត់ គឺលោកឌីមីត្រូ គ្លីម៉េកូវ ហើយការដកតំណែងនេះក៏ត្រូវបានយល់ព្រមដោយរដ្ឋាភិបាលអ៊ុយក្រែន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ និងយុទ្ធជន ក៏បានថ្លែងពីការផ្លាស់ប្តូរលោកស្រីម៉ារីណា បាហ្ស្រ៊ូកូវ៉ា នឹងនាំមកនូវហានិភ័យ និងបង្កើតបញ្ហាផ្លូវច្បាប់សម្រាប់ការទិញអាវុធ។
លោករូស្តេម អ៊ូម៉េរ៉ូវបានបញ្ជាក់ថា ៦ខែកន្លងមក ជំនួសឲ្យការផ្គត់ផ្គង់អាវុធតាមពេលចង់បាន នូវគ្រាប់រំសេវសម្រាប់ទាហានអ៊ុយក្រែន។ គេបានឃើញល្បែងនយោបាយ ការបែកធ្លាយកិច្ចសន្យា និងព័ត៌មានផ្សេងៗទៅវិញ”។
ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីនៅខែកុម្ភៈ ឆ្នាំ២០២២ រឿងអាស្រូវពុករលួយជាច្រើន ឬពាក់ព័ន្ធនឹងកង្វះខាតប្រសិទ្ធភាពបានផ្ទុះឡើងនៅអ៊ុយក្រែនមានជាអាទិ៍នៅក្នុងក្រសួងការពារជាតិ និងកងទ័ព ដែលបាននាំទៅដល់ការដកតំណែង និងការឃាត់ខ្លួនមន្រ្តីជាន់ខ្ពស់ជាច្រើន។ ក្រសួងការពារជាតិអ៊ុយក្រែនបានឲ្យដឹងទៀតថា យើងកំពុងផ្លាស់ប្តូរប្រព័ន្ធដើម្បីឲ្យទទួលបានលទ្ធផលល្អលើសមរភូមិ និងមិនមែនតែលើប្រព័ន្ធផ្សព្វផ្សាយទេ។
អ៊ុយក្រែនជាទៀងទាត់ បានសុំឲ្យសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនផ្គត់ផ្គង់សព្វាវុធ និងជំនួយដើម្បីទិញអាវុធបន្ថែម ដែលអ៊ុយក្រែនត្រូវការក្នុងបរិមាណដ៏ធំសម្រាប់សង្រ្គាមជាមួយរុស្ស៊ី និងដែលមានការចំណាយខ្ពស់ទាំងជីវិតមនុស្ស និងសម្ភារៈ។
ចាប់តាំងពីការវិលត្រឡប់របស់លោកដូណាល់ ត្រាំ មកកាន់អំណាចសាជាថ្មីនៅសេតវិមាន អាម៉េរិក រដ្ឋាភិបាលអ៊ុយក្រែនភ័យខ្លាចថានឹងមានការកាត់បន្ថយដ៏ច្រើនខ្លាំងនៃជំនួយរបស់អាម៉េរិក មកឲ្យទីក្រុងគៀវ។