នៅវៀតណាម លោកស៊ី ជីនពីង រិះគន់ខ្លាំងលទ្ធិគាំពារនិយមមិននាំទៅដល់ណាទេ

ក្នុងអំឡុងដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ីអាគ្នេយ៍ ដែលមានគោលដៅពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង កាលពីថ្ងៃទី១៤ ខែមេសា នៅប្រទេសវៀតណាម ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានបរិហារលទ្ធិគាំពារនិយម ដែលមិននាំទៅដល់លទ្ធផលល្អណាមួយទេ នៅខណៈដែលវាត្រូវបានប្រើជាមួយសង្រ្គាមពន្ធគយរបស់សហរដ្ឋអាម៉េរិក។
យោងតាមទីភ្នាក់ងារសារព័ត៌មានចិនថ្មី បានឲ្យដឹងថា លោកស៊ី បានបញ្ជាក់ថា មិនមានអ្នក ឈ្នះណាមួយដែលអាចលេចឡើងពីជម្លោះពាណិជ្ជកម្មបែបនេះនោះទេ។
នៅប្រទេសវៀតណាម ដែលលោកបានមកដល់កាលពីថ្ងៃចន្ទ សម្រាប់ជំហានដំបូងនៃដំណើរ ទស្សនកិច្ចរបស់លោកមុននឹងទៅកាន់ប្រទេសម៉ាឡេស៊ី និងកម្ពុជា។ ដំណើរទស្សនកិច្ចនេះ មានគោលដៅជាអាទិ៍ដើម្បីសម្រាលឥទ្ធិពលនៃច្បាប់ពន្ធគយហាមឃាត់ដែលចេញក្រឹត្យដោយ ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ ប្រឆាំងនឹងផលិតផលចិន។
ទីក្រុងប៉េកាំង បានថ្លែងថា លោកស៊ី ជីនពីងត្រូវជួបសមភាគីចំនួន ៣ រូបនៅតំបន់អាស៊ី អាគ្នេយ៍នៅអំឡុងការធ្វើដំណើរ ដែលគ្របដណ្តប់លើសារសំខាន់ជាចម្បងសម្រាប់តំបន់។
ដំណើរទស្សនកិច្ចនេះក៏សំដៅធ្វើឲ្យប្រទេសចិនលេចឡើងជាមួយដៃគូដ៏មានទំនុកចិត្ត ស្ថិរភាព ផ្ទុយពីសហរដ្ឋអាម៉េរិកដែលបានបង្កើតការវាយប្រហារខាងពាណិជ្ជកម្មគ្រប់ទិសជាមធ្យោបាយថ្មីដោយប្រើច្បាប់ពន្ធគយ រួមទាំងប្រឆាំងនឹងដៃគូសេដ្ឋកិច្ចផងដែរ។
នៅក្នុងអត្ថបទមួយដែលផ្សព្វផ្សាយនៅក្នុងកាសែតវៀតណាម ង៉ានដាន ដែលលើកឡើង ដោយកាសែតចិនថ្មី ប្រធានាធិបតីចិនបានផ្ញើសារទៅកាន់វៀតណាមថា ៖ “ប្រទេសយើងទាំង ពីរត្រូវការថែរក្សាឲ្យបានម៉ត់ចត់នូវប្រព័ន្ធពាណិជ្ជកម្មពហុភាគី ស្ថិរភាពនៃចង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់ពិភពលោក ព្រមទាំងបរិស្ថានអន្តរជាតិបើកចំហរ និងសហប្រតិបត្តិការ”។ លោកស៊ី ជីនពីង បានបញ្ជាក់ថា ៖ “សង្រ្គាមពាណិជ្ជកម្ម និងសង្រ្គាមតារាងពន្ធគយនឹងមិនធ្វើ ឲ្យនរណាឈ្នះទេ ហើយលទ្ធិគាំពារនិយមក៏មិននាំទៅកាន់ទីណាដែរ”។
ច្បាប់ពន្ធគយរបស់អាម៉េរិកត្រូវបានកំណត់សម្រាប់ផលិតផលចិន ១៤៥%។ នេះគឺជាវិធានការដែលធ្វើឲ្យញ័ររញ្ជួយទីផ្សារពិភពលោក និងនាំឲ្យទីក្រុងប៉េកាំងធ្វើការវាយបក។
យោងតាមទិន្នន័យពន្ធគយចិន បានឲ្យដឹងថា តំបន់អាស៊ីអាគ្នេយ៍គឺជាមជ្ឈមណ្ឌលកណ្តាលនៃការនាំចេញរបស់ចិន។ កាលពីឆ្នាំមុន ប្រទេសនានានៃប្លុកតំបន់ អាស៊ាន គឺជាគោលដៅនាំចេញទី១ ជាមួយនឹងទឹកប្រាក់ ៥៨៦,៥ ពាន់លានដុល្លារជាសរុប។ ក្នុងចំណោមប្រទេសទាំងនេះ វៀតណាមបានទទួលរហូតដល់ ១៦១,៩ ពាន់លានដុល្លារនៃការនាំចូលរបស់ចិន តាមដោយប្រទេសម៉ាឡេស៊ី ១០១,៥ ពាន់លានដុល្លារ។
ពង្រឹងឲ្យរឹងម៉ាំជាមួយអ្នកជិតខាងអាស៊ីអាគ្នេយ៍ខ្លួន នឹងអាចជួយឲ្យទីក្រុងប៉េកាំងធ្វើតុល្យភាពឥទ្ធិពលនៃការវាយប្រហារពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក ដែលជាប្រទេសទី១ នាំចូលផលិតផលចិននៅឆ្នាំ២០២៤។
លោកស៊ី ជីនពីងនឹងស្ថិតនៅប្រទេសវៀតណាមរហូតដល់ថ្ងៃអង្គារ។ ប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍នេះ ដែលបានដឹកនាំដូចប្រទេសចិនដោយគណបក្សកុំមុយនីស្ត ជាយូរមកហើយបានដឹកនាំនយោបាយការទូតឫស្ស៊ី ដែលរួមបញ្ជូលការថែរក្សាទំនាក់ទំនងល្អទាំងជាមួយមហាយក្សចិន និងទីក្រុងវ៉ាស៊ីនតុន។
ទីក្រុងប៉េកាំង និងទីក្រុងហាណយ សន្ទនាអំពីទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធ។ ប៉ុន្តែទំនាក់ទំនងនេះក៏ត្រូវបានធ្វើឲ្យល្អក់កករដោយទំនាស់ទឹកដីផ្សេងៗ ដែលចាប់ផ្តើមពីសមុទ្រចិនខាងត្បូង និងប្រជុំកោះប៉ារ៉ាសែល។
Daily Program
