នៅក្រោមបរិយាកាសនៃការចរចា តើរុស្ស៊ីនឹងត្រៀមវាយប្រហារនៅពេលខាងមុខ ទៀត​ដែរឬទេ?

កាលពីសប្តាហ៍មុន អាជ្ញាធរអ៊ុយក្រែន បានលើកឡើងថា ប្រទេសរុស្ស៊ីចង់តែធ្វើសង្រ្កាម មិន​មែន​​សន្តិភាព​ទេ។

នៅតំបន់ភាគខាងជើងអ៊ុយក្រែន ទាហានរុស្ស៊ីបានពង្រីកវិសាលភាពវាយប្រហារនៅ​ក្នុង​តំបន់​​ស៊ូមី ដែលទល់នឹងខេត្តឃឺស្ក៍របស់រុស្ស៊ី ហើយកងកម្លាំងអ៊ុយក្រែនបានវាយរុញច្រានចេញ​តាំង​​ពីដើមខែមេសា។ កាលពីថ្ងៃទី១៩ ខែឧសភា ទាហានរុស្ស៊ី បញ្ជាក់ថា បានចាប់យក​ជា​កម្មសិទ្ធ​ភូមិមួយ​នៅ ១៥គម ក្បែរព្រំដែន។

តើរឿងនេះវាគ្រប់គ្រាន់នឹងនិយាយអំពីការវាយប្រហារនៅរដូវក្តៅដែរឬទេ? លោកស្រីវ៉េរ៉ូនីកា ប៉ូនីសចាកូវ៉ា ដែលជាអ្នកឯកទេសនៃសង្រ្គាមអ៊ុយក្រែននៅសកលវិទ្យាល័យ  ផតម៉ៅ ចក្រភព​​អង់គ្លេស បានអះអាងថា គេមិនដឹងច្បាស់​អំពីរូបភាពគូសវាស​នៃការ​វាយ​ប្រហារ​រដូវ​ក្តៅ ដែលរុស្ស៊ីអាចព្យាយាមធ្វើចាប់តាំងពីដើមនៃ​ការវាយប្រហារក្នុងទ្រង់ទ្រាយធំនៅ​ឆ្នាំ​២០២២ ជាមួយនឹងការប៉ុនប៉ងដើម្បីធ្វើការវាយទម្លុះ​ខ្សែការពារអ៊ុយក្រែនឲ្យបានធំនោះទេ។

លោកហ៊ូសីអ៊ីន អាលីយ៉េវ ដែលជាអ្នកឯកទេសនៃសង្រ្គាមអ៊ុយក្រែននៅ​សកលវិទ្យាល័យ​ហ្គ្លាហ្គូវ ប្រទេសស្កុតឡេន បានទទួលស្គាល់ថា ស្ថានភាពនៅខេត្តស៊ូមី គឺគួរឲ្យចាប់​អារម្មណ៍។ ដោយសារអស់រយៈ​ជាង ១ខែ មកហើយ ដែលរុស្ស៊ីធ្វើការវាយប្រហារ​នៅក្នុង​តំបន់​នេះ និងគេមានអារម្មណ៍ថា មាន​ការពង្រីកសម្ពាធ​ខាងយោធារុស្ស៊ី​ដាក់លើខ្សែការពារ​អ៊ុយក្រែន​នៅប៉ុន្មានខែចុងក្រោយនេះ។

តំបន់ស៊ូមីលេចឡើងជាផ្ទាំងស៊ីបនៃការឆក់ឱកាសសម្រាប់ទាហានរុស្ស៊ីធ្វើការវាយប្រហារ។ ចាប់តាំងពីដើមខែមេសា ទាហានរុស្ស៊ីបានដណ្តើមយកទឹកដីភាគច្រើនដែលវាយយកបាន​ដោយទាហានអ៊ុយក្រែននៅក្នុងតំបន់ឃឺស្ក៍របស់រុស្ស៊ីតាំងពីរដូវក្តៅឆ្នាំមុន។ ចាប់តាំងពីពេល​នោះ រុស្ស៊ីបានបង្កើនជាច្រើនដងនៃការវាយប្រហារលើអ៊ុយក្រែននៅតំបន់នេះ។ លោក​ហ៊ូសីអ៊ីន អាលីយ៉េវ បញ្ជាក់ថា ទីក្រុងមូស្គូបានចល័តកងកម្លាំងក្នុងបរិមាណដ៏ធំ​ដើម្បី​ដណ្តើម​យកតំបន់​ឃឺស្ក៍មក​វិញ និងប្រើកម្លាំងទាំងនេះ​នៅក្នុងភូមិភាគនេះផងដែរ។

ជាមួយនឹងការពង្រីកវិសាលភាពនៃការប្រយុទ្ធជាច្រើនដង។ លោកវីល ឃីងស្តុន ខូក ដែល​ជា​អ្នក​ឯកទេសអំពីរុស្ស៊ីនៅក្រុមសម្រាប់ការសិក្សាសន្តិសុខអន្តរជាតិ (ITSS) Verona កត់​សម្គាល់​ថា ៖ “គេអាចចោទសួរថាតើរុស្ស៊ីមិនព្យាយាមប្រើប្រាស់តំបន់ស៊ូមីជាឈ្នាន់ ដូច​រូបភាព​ឆ្នាំ២០២២ដែរឬយ៉ាងណា? នៅខណៈពេលទាហានរុស្ស៊ីអាចឆ្លងកាត់តំបន់នេះ​ដើម្បី​ព្យាយា​ម​ឆ្ពោះ​​ទៅមុខឲ្យ​បាន​កាន់​តែលឿន​មកកាន់រដ្ឋធានីគៀវ”។

លោកហ៊ូសីអ៊ីន អាលីយ៉េវ ទទួលស្គាល់ថា ៖ “ឈលើទស្សនៈយុទ្ធសាស្រ្ត វាច្បាស់ថា ការ​ចាប់​យក​តំបន់ស៊ូមីនឹងអាចបើកផ្លូវឆ្ពោះមកកាន់រដ្ឋធានីគៀវរបស់អ៊ុយក្រែន”។

សម្រាប់ពេលេនះ លោកវីល ឃីងស្តុន ខូក គិតប្លែកបន្តិចថា ៖ “រុស្ស៊ីកំពុងតែធ្វើតេស្តិ៍​ខ្សែ​ការពារ​របស់អ៊ុយក្រែនជាជាង។”

លោកស្រីវ៉េរ៉ូនីកា ប៉ូនីសចាកូវ៉ា ពន្យល់ថា ៖ “ប្រសិនបើរុស្ស៊ីពិតជាចង់បើកការវាយប្រហារដ៏ធំ​នៅក្នុងតំបន់នេះ រុស្ស៊ីនឹងត្រូវប្រមូលផ្តុំកងកម្លាំងដ៏ច្រើនបន្ថែមទៀត ហើយជាពិសេស​អ្វី​ដែល​មាន​សារសំខាន់ដែរនោះគឺត្រូវមានការគាំទ្រពីយានយន្តដឹកជញ្ជូនដ៏ច្រើន និងការស្តុក​នូវ​​គ្រាប់​​រំសេវដ៏ច្រើនផងដែរ។

សម្រាប់លោកស្រី លក្ខខណ្ឌទាំងនេះមិនអាចបំពេញបានទេ។ មួយផ្នែកពីព្រោះថា ទាហាន​រុស្ស៊ីមិនមានមធ្យោបាយដូចគ្នានឹងឆ្នាំ២០២២ទេ នៅពេលដែលពួកគេចាប់ផ្តើមយុទ្ធនាការ​ឈ្លានពាន​​អ៊ុយក្រែន។ អ្នកស្រាវជ្រាវរូបនេះ វិភាគថា ៖ “សកម្មភាព​របស់រុស្ស៊ីដូចនឹង​ការ​ពង្រីក​សង្រ្គាមដើម្បីបំផ្លិចបំផ្លាញអ៊ុយក្រែនទៅវិញទេ”។

 

Daily Program

Livesteam thumbnail