នាយករដ្ឋមន្រ្តីស្ត្រីជប៉ុន សានែ តាកៃជី ធ្វើឲ្យទីក្រុងប៉េកាំងព្រួយបារម្ភ

សានែ តាកៃជី បេក្ខភាពជាអ្នកជាតិនិយមដាច់ខាត គឺជាប្រមុខនៃគណបក្សប្រជាធិបតេយ្យ​​សេរី PLD ដែលជាគណបក្សអភិរក្សស្តាំនិយម និងកាន់អំណាចនៅជប៉ុន។ លោកស្រី បាន ក្លាយជានាយករដ្ឋមន្រ្តីដែលជាស្ត្រីដំបូងរបស់ជប៉ុនកាលពីពេលថ្មីៗនេះ បន្ទាប់ពីការលាលែង​របស់​នាយករដ្ឋ​មន្រ្តី ស្ហ៊ីហ្គឺរូ អ៊ីស្ហ៊ីបា។

មានអាយុ ៦៤ឆ្នាំ ជាសម្ព័ន្ធមិត្តដ៏ស្មោះត្រង់របស់អតីតនាយករដ្ឋមន្រ្តីស្ហ៊ីនហ្ស៉ូ អាបេ ដែលត្រូវ​គេធ្វើឃាតនៅឆ្នាំ២០២២ លោកស្រីសានែ តាកៃជី បានឡើងកាន់ក្បាលម៉ាស៊ីនគណបក្ស​ដែល​ផុយស្រួយដោយរឿង​អាស្រូវ បែកបាក់ និងត្រូវបង្ខំឲ្យធ្វើសម្បទាន​ដោយសារខ្វះ​សម្លេង​ភាគ​ច្រើនដាច់ខាតនៅ​ក្នុ​ង​សភា។ លើសពីនេះ ជំហរបស់លោកស្រីដែលជា​អ្នកអភិរក្សជ្រុល​និយម អាចនឹងធ្វើឲ្យ​ស្មុគស្មាញ​ដល់ការងាររបស់លោកស្រីដែរ ជាពិសេសចំពោះមហា​អំណាច​ធំៗ ជិតខាង ដែល​រួម​មានប្រទេសចិន និងកូរ៉េខាងត្បូងជាដើម។

នៅលើបណ្តាញ វីឆាត WeChat លោកលីន កានចុង អ្នកឯកទេសតៃវ៉ាន់នៃនយោបាយ​អន្តរជាតិ បានវាយតម្លៃថា សម្រាប់ទីក្រុងប៉េកាំង ការមកកាន់អំណាចរបស់សានែ តាកៃជី ជា​ការ​ប្រកាសប្រាប់អំពីសុបិន្តអាក្រក់នៃការទូតជាមួយជប៉ុន។យោងតាមអ្នកសិក្សាស្រាវជ្រាវ​រូប​នេះ អនាគតមេដឹកនាំជប៉ុនអាចនឹង​ឆ្លងបន្ទាត់ក្រហមរបស់ចិនលើសំណុំរឿងរស៊ើបចំនួន ៣ មាន ​បញ្ហាតៃវ៉ាន់ ការយល់ឃើញ​ខាងប្រវត្តិសាស្រ្ត និងជម្លោះទឹកដី។

នៅលើកម្រិតតម្លៃមនោគមន៍វិជ្ជា លោកស្រីសានែ តាកៃជី ប្រកាន់យក​ជំហរ​បដិសេធការ​សម្លាប់​​រង្គាលនៅណាគីន ដែលជាឧក្រិដ្ឋកម្មសង្រ្គាមដ៏ចម្បង​របស់ជប៉ុននៅសង្រ្គាម​ចិនជប៉ុន​លើក​ទី២ និងបដិសេធរាល់គំនិតនៃការសោកស្តាយ។ ឥស្សរជនគណបក្ស PLD លោកស្រី​សានែ តាកៃជី ក៏ត្រូវបានស្គាល់អំពីដំណើរទស្សនកិច្ចជាទៀងទាត់របស់លោក​ស្រីទៅកាន់​វិហារ យ៉ាស៊ូគូនី ដែលជាទង្វើមានការជជែកវែកញែកជាខ្លាំង។ នេះគឺជាទីសក្ការៈ​ដែល​ឧទ្ទិស​កិត្តិយស​​ដល់ឧក្រិដ្ឋជនសង្រ្គាមលោកលើកទី២ ជាច្រើន និងត្រូវបានចាត់ទុកដោយ​ប្រទេស​អាស៊ី​ជាច្រើនថា ជានិមិត្តរូបនៃលទ្ធិយោធានិយមរបស់ជប៉ុន​កាលពីអតីតកាល។

សារព័ត៌មានគូរីយ៉េ អាំងទែណាស្យូណាល់ Courrier International បានឡើងឡើងថា ដំណើរ​ទស្សន​កិច្ចនៃមេដឹកនាំជប៉ុននៅទីសក្ការៈនេះដែលស្ថិតនៅទីក្រុងតូក្យូបានក្លាយជា​ចំនុចនៃ​ភាព​​តានតឹងជាពិសេសរវាងប្រទេសចិន និងជប៉ុន នៅក្នុងហេតុផលនៃពិធីគោរពវិញ្ញាណក្ខន្ធ សម្រាប់យោធាជប៉ុន ១០៦៨នាក់ ដែលត្រូវកាត់ទោសសម្រាប់ឧក្រិដ្ឋកម្មសង្រ្គាម និង​ឧក្រិដ្ឋ​កម្ម​​ប្រឆាំង​នឹងមនុស្សជាតិ ដែលបានប្រព្រឹត្តិធ្វើនៅក្នុងសង្រ្គាមលោកលើកទី២។​ សម្រាប់រូប​លោក​ស្រី ជប៉ុនមិនគួរអនុញ្ញាត​ឲ្យជាតិដទៃៗ លើកយកដំណើរទស្សនកិច្ចនេះ​ជា​បញ្ហា​ការ​ទូត​នោះ​ទេ។

នៅខណៈដែលបញ្ហាតៃវ៉ាន់ ស្ថិតនៅចំកណ្តាលជាពិសេសនៅក្នុងទំនាក់ទំនង​ចិនជប៉ុន លោក​ស្រី​សានែ តាកៃជី មិនដែលញញើតនឹងបង្ហាញជំហរនៃការគាំទ្រចំពោះ​កោះតៃវ៉ាន់ទេ។

កាលពីខែមេសា ក្នុងអំឡុងជំនួបរបស់លោកស្រីនៅទីក្រុងតៃប៉ិជាមួយប្រធានាធិបតីតៃវ៉ាន់ លោក​លៃ ជីងតេ លោកស្រីសានែ តាកៃជី បានបញ្ជាក់ថា ការការពារតៃវ៉ាន់ បានក្លាយជាការ​ការពារ​ពិភពលោកសេរី។ លោកស្រីក៏បានថ្លែងថា ប្រសិនបើតៃវ៉ាន់ដួល​រលំ ជប៉ុននឹង​បាត់បង់​សន្តិភាព។ នេះមិនមែនជាបញ្ហានៃការឃ្លាតឆ្ងាយខាងភូមិសាស្រ្តនយោបាយទេ ប៉ុន្តែ​វា​គឺជា​បញ្ហា​នៃការរស់រានមានជីវិត។

អ្នកឯកទេសតៃវ៉ាន់ លោកលីន កានចុង បានរៀបរាប់ទៀតថា លោកស្រីសានែ តាកៃជី ក៏​បាន​ស្នើ​​ឲ្យ​បញ្ចូលស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ ទៅចំកណ្តាលនៃយុទ្ធសាស្រ្តសន្តិសុខជាតិ​ជប៉ុន​ផង​​ដែរ។

 

Daily Program

Livesteam thumbnail