នាយករដ្ឋមន្រ្តីសន្តអាសនៈ បញ្ជាក់ជំហរការទូតជាថ្មីឡើងវិញ

លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីសន្តអាសនៈបានមានប្រសាសន៍បញ្ជាក់អំពីជំហរការទូតរបស់បុរីវ៉ាទីកង់ជាថ្មីម្តងទៀតថា សម្តេចប៉ាបគាំទ្រអ្វីដែលជាយន្តការពហុភាគីនិយម។

នៅក្នុងបទសំភាសន៍ជាមួយនឹងកាសែតក្នុងស្រុករបស់អ៊ីតាលី L'Eco di Bergamo លោកកាឌីណាល់ បានមានប្រសាសន៍ថា សន្តអាសនៈឬបុរីវ៉ាទីកង់គឺមានជំហរដដែលគឺពហុភាគីនិយម ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការផ្សេងៗដើម្បីឈានទៅរកដំណោះស្រាយ ចំពោះសន្តិភាពនៅលើពិភពលោក។

លោកបានមានប្រសាសន៍ថា មនុស្សគ្រប់រូបអាចរួមចំណែកដល់សន្តិភាព ប៉ុន្តែដំណោះស្រាយមិនត្រូវធ្វើឡើងតាមរយៈការដាក់ជាឯកតោភាគីដែលប្រថុយនឹងការជាន់ឈ្លីសិទ្ធិរបស់ប្រជាជនទាំងមូលឡើយ។

លោកបានបន្តថា ប្រសិនបើមានការជាន់ឈ្លីគ្នាទៅវិញទៅមក សន្តិភាពនឹងមិនអាចមានបាន និងរក្សាភាពយូរអង្វែងបានឡើយ។

នៅក្នុងបទសម្ភាសន៍នេះ លោកកាឌីណាល់ ក៏បានលើកឡើងពីបញ្ហាភូមិសាស្ត្រនយោបាយសំខាន់ៗ​មួយចំនួន រួមទាំងសង្គ្រាមនៅហ្គាហ្សា និងអ៊ុយក្រែន ស្ថានភាពផ្លាស់ប្តូរនៅមជ្ឈិមបូព៌ា និងតួនាទីរបស់អឺរ៉ុបក្នុងបញ្ហាប្រឈមភូមិសាស្ត្រនយោបាយនៅសម័យបច្ចុប្បន្ន។

លោកកាឌីណាល់ បានលើកឡើងថា យើងត្រូវការវិធីសាស្រ្តរួមមួយដើម្បីសន្តិភាព ហើយបានរំលឹកឡើងវិញពីតម្រូវការបន្ទាន់សម្រាប់ "ការទូតនៃក្តីសង្ឃឹម" ពហុភាគី និងសម្រាប់ "ភាពក្លាហាន" ដើម្បីចរចាសន្តិភាព។

ដើម្បីជម្នះបញ្ហាប្រឈមទាំងនេះ លោកបានស្នើនូវវិធីសាស្រ្តការទូតផ្សេងៗគ្នាដែលចាក់ឫសនៅក្នុងអ្វីដែលសម្តេចប៉ាប ហៅថា "ការទូតនៃក្តីសង្ឃឹម" ដែលផ្តោតលើការសន្ទនា ការអត់ធ្មត់ និងការកសាងទំនុកចិត្ត។ វិធីសាស្រ្តបែបនេះ លោកបាននិយាយថា វានឹងជាជម្រើសមួយចំពោះសក្ដានុពលនៃការប្រឈមមុខដាក់គ្នា និងការដកខ្លួនចេញ ដោយស្នើជំនួសវិញនូវក្របខណ្ឌដែលផ្តល់អាទិភាពដល់ការយល់ដឹង និងការផ្សះផ្សាយូរអង្វែង ហើយអាចមានប្រសិទ្ធភាពជាងក្នុងការលើកកម្ពស់សន្តិភាព៕

Daily Program

Livesteam thumbnail