នាយករដ្ឋមន្រ្តីសន្តអាសនៈជួបឯកអគ្គរាជទូតនានានៅតំបន់មជ្ឈិមបូព៌ា
វ៉ាទីកង់ញូវបានរាយការណ៍ថា លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន (Piertro Paroline ) នាយករដ្ឋមន្រ្តីនៃសន្តអាសនៈបានជួបពិភាក្សាជាមួយនឹងតំណាងសម្តេចប៉ាបដែលប្រចាំការនៅតំបន់មជ្ឈិមបូព៌ា។
ជំនួបនៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៥ នៅក្នុងទីក្រុង អាមមេន (Amman) ប្រទេសហ្សកដានី លោកកាឌីណាល់ បានជួបជាមួយនឹងលោកឯកអគ្គរាជទូតសន្តអាសនៈ ដែលជាតំណាងសម្តេចប៉ាប នៅ អេហ្ស៊ីប អារ៉ាប់រួម ហ្ស៊កដានី អ៊ីរ៉ង់ អ៊ីរ៉ាក់ អ៊ីស្រាអែល គុយវ៉ែត លីបង់ ស៊ុលតង់អូម៉ង់ ប៉ាឡេស្ទីន កាតា ស៊ីរី និង យេម៉ែន។
នៅក្នុងជំនួបនោះ លោកកាឌីណាល់ និង បណ្តាតំណាងសម្តេចប៉ាប ក៏បានធ្វើការអំពាវនាវឱ្យមានបទឈប់បាញ់ ដើម្បីបើកផ្លូវទៅរកការពិភាក្សាសន្តិភាពនៅមជ្ឈិមបូព៌ា។
លោកកាឌីណាល់ និង អស់លោកអគ្គអភិបាលទាំងអស់ក៏បានពិភាក្សាអំពីវិបត្តិដែលកំពុងកើតមាននៅក្នុងតំបន់ ស្ថានភាពនយោបាយ និងសាសនានៅក្នុងប្រទេសនីមួយៗ ហើយសង្ឃឹមថាបទឈប់បាញ់មួយនឹងកើតមាននៅមជ្ឈិមបូព៌ា។
ក្រុមអ្នកការទូតបុរីវ៉ាកង់បង្ហាញក្តីរំពឹងថា មជ្ឈិមបូព៌ាអាចក្លាយជាទឹកដីនៃសន្តិភាព ដែលគ្រីស្តបរិស័ទនៅតែជាធាតុផ្សំដ៏សំខាន់សម្រាប់ការរួមរស់ជាបងប្អូនក្នុងចំណោមសាសនា និងសម្រាប់វឌ្ឍនភាពនៃប្រទេសរៀងៗខ្លួន៕