នាយករដ្ឋមន្រ្តីនឹងជួបសំណេះសំណាលជាមួយនឹងសិស្សនិទ្ទេសA នៅដើមសប្តាហ៍ក្រោយ
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នឹងជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ សរុបចំនួន២ ២២៥នាក់ នៅថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ។
លោកអ៊ីន វីរជាតិ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បានផ្ញើលិខិតជូនឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន ស្នើសុំការអនុញ្ញាត ដើម្បីឱ្យបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ និងបេក្ខជនប្រឡងជាប់សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ ដែលទទួលបាននិទ្ទេស A បានចូលជួបសំណេះសំណាល ជាមួយសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នាសប្តាហ៍ក្រោយនេះ។
សូមរម្លឹកថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កាលពីថ្ងៃទី៨ តុលា ២០២៤ មានបេក្ខជនប្រឡងជាប់ ចំនួន ១០៦ ៣៥១ នាក់ ក្នុងនោះ និទ្ទេស A ចំនួន ២ ២១៦នាក់។
ក្រសួង បញ្ជាក់ថា ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ១០៦ ៣៥១ នាក់ ត្រូវជា ៧៩.០០ ភាគរយនៃចំនួន បេក្ខជនមកប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ២ ២១៦ នាក់, និទ្ទេស B ចំនួន ៩ ៧០១ នាក់, និទ្ទេស C ចំនួន ២២ ៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់, និងនិទ្ទេស E ចំនួន ៣៥ ០៧៦នាក់៕