នាយករដ្ឋមន្ត្រីអំពាវនាវឱ្យមានការឆ្លើយតបដ៏សាមគ្គី និងច្នៃប្រឌិត ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ដោយបានគូសបញ្ជាក់ពីការចូលរួមយ៉ាងសកម្មពីសំណាក់សាធារណជនក្នុងឆ្នាំកន្លងទៅ ក្នុងខណៈពេលដែលកម្ពុជាបានចូលរួមប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការជួញដូរខុសច្បាប់ ឆ្នាំ២០២៦។

នៅក្នុងសារលិខិតផ្ញើជូនជនរួមជាតិ សម្តេចនាយករដ្ឋមន្ត្រីបានសម្តែងការវាយតម្លៃខ្ពស់ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានរួមចំណែកក្នុងចលនាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលត្រូវបានទទួលស្គាល់ដោយការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងបទល្មើស (UNODC) ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការបង្ការ និងលុបបំបាត់បទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន។

សម្តេចបានកត់សម្គាល់ថា ស្ថានភាពគ្រឿងញៀនសកលលោកនៅតែមានភាពស្មុគស្មាញ និងកាន់តែមានការផ្សារភ្ជាប់ទៅនឹងបទល្មើសឆ្លងដែន ដែលទាមទារឱ្យមានការឆ្លើយតបបែបច្នៃប្រឌិត និងបត់បែនជាងមុន។ សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានអនុម័តយកប្រធានបទ «រួមគ្នាឆ្លើយតបទៅនឹងបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី តាមរយៈការច្នៃប្រឌិត» ដែលស្របទៅនឹងប្រធានបទសកលរបស់ UNODC សម្រាប់ឆ្នាំ២០២៦។

សម្តេចធិបតីបានសង្កត់ធ្ងន់ថា ទោះបីជាមានបញ្ហាប្រឈមក្នុងតំបន់ និងសកលលោកក៏ដោយ ក៏កម្ពុជានៅតែបន្តផ្តល់អាទិភាពដល់សុវត្ថិភាពសាធារណៈ និងសណ្តាប់ធ្នាប់សង្គម តាមរយៈការបង្រឹងគោលនយោបាយ ការអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការទូទាំងប្រទេសក្រោមការដឹកនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ការច្នៃប្រឌិតសំខាន់ៗរួមមាន កម្មវិធីទូរស័ព្ទដៃ «NoDrug» ដែលអនុញ្ញាតឱ្យមានការរាយការណ៍ជាសម្ងាត់ ២៤ម៉ោងលើ២៤ម៉ោង និងវិធានការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងក្រោមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងលុបបំបាត់ការប្រើប្រាស់គ្រឿងញៀននៅក្នុងស្ថាប័នសាធារណៈ។

សម្តេចក៏បានគូសបញ្ជាក់ផងដែរអំពីកំណែទម្រង់ដែលកំពុងបន្ត រួមមានការបង្រឹងយុទ្ធនាការបង្ការ ប្រព័ន្ធស្តារនីតិសម្បទា និងកិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន ព្រមទាំងការត្រួតពិនិត្យកាន់តែតឹងរ៉ឹងលើសារធាតុខុសច្បាប់ និងឧបករណ៍ពាក់ព័ន្ធ។

យោងតាមទិន្នន័យផ្លូវការ ស្ថានភាពគ្រឿងញៀននៅកម្ពុជាបង្ហាញពីសញ្ញានៃការទប់ស្កាត់បាន ដោយសារធាតុញៀនប្រមាណ ១៥ ទៅ ២០ ភាគរយប៉ុណ្ណោះដែលចរាចរឆ្លងកាត់ប្រទេសត្រូវបានបង្វែរមកចែកចាយក្នុងស្រុក ខណៈដែលភាគច្រើនគឺឆ្ពោះទៅកាន់ប្រទេសទីបី។ រាជរដ្ឋាភិបាលបានថ្លែងថា នេះឆ្លុះបញ្ចាំងពីការយល់ដឹងកាន់តែប្រសើរឡើង និងការថយចុះនៃតម្រូវការក្នុងស្រុក ជាពិសេសក្នុងចំណោមស្រទាប់យុវជន។

សម្តេចនាយករដ្ឋមន្ត្រីបានជម្រុញឱ្យមានការបន្តចូលរួមពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេសតាមរយៈការអប់រំ ការរាយការណ៍ក្នុងសហគមន៍តាមរយៈកម្មវិធី NoDrug និងខ្សែទូរស័ព្ទទាន់ហេតុការណ៍ ការពង្រឹងការអនុវត្តច្បាប់នៅថ្នាក់មូលដ្ឋាន និងការពង្រីកកម្មវិធីបង្ការនានានៅទូទាំងវិស័យសាធារណៈ និងឯកជន រួមទាំងនៅតាមសាលារៀន ព្រឹត្តិការណ៍វប្បធម៌ និងកន្លែងធ្វើការ។

បន្ថែមពីនេះ សម្តេចបានអំពាវនាវដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ «សូន្យគ្រឿងញៀន» និងបានលើកទឹកចិត្តដល់យុវជនឱ្យជៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀនគ្រប់ទម្រង់ រួមទាំងបារីអេឡិចត្រូនិក (E-cigarettes) និងសារធាតុពាក់ព័ន្ធ ព្រមទាំងជំរុញការច្នៃប្រឌិត និងដំណោះស្រាយឌីជីថលនៅក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការ។

មជ្ឈមណ្ឌលស្តារនីតិសម្បទាទាំងរដ្ឋ និងឯកជន ត្រូវបានជម្រុញឱ្យអនុវត្តតាមស្តង់ដារវិជ្ជាជីវៈ និងគោលការណ៍សិទ្ធិមនុស្សឱ្យបានម៉ឺងម៉ាត់ ខណៈដែលក្រុមគ្រួសារត្រូវបានលើកទឹកចិត្តឱ្យគាំទ្រដល់ការព្យាបាល និងការធ្វើសមាហរណកម្មឡើងវិញនៃបុគ្គលដែលរងផលប៉ះពាល់។

សម្តេចនាយករដ្ឋមន្ត្រីក៏បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ពីដៃគូវិស័យឯកជន និងអង្គការសង្គមស៊ីវិលក្នុងការបង្រឹងយុទ្ធនាការបង្ការគ្រឿងញៀន ដោយបានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនគឺជាការទទួលខុសត្រូវរួមគ្នារបស់សង្គមជាតិទាំងមូល។

ជាទីបញ្ចប់ សម្តេចបានសម្តែងនូវភាពជឿជាក់ថា សកម្មភាពរួមគ្នានឹងបន្តពង្រឹងសហគមន៍គ្មានគ្រឿងញៀនរបស់កម្ពុជា ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍជាតិ និងសុខុមាលភាពសង្គម។

 

Daily Program

Livesteam thumbnail