នគរបាលចាប់ខ្លួនជនសង្ស័យជនជាតិសាម៉នពីរនាក់ ពាក់ព័ន្ធនឹងករណីបាញ់ប្រហារបណ្តាលឱ្យមានមនុស្សស្លាប់នៅវៀតណាម
អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសពីការចាប់ខ្លួនជនជាតិសាម៉ន(Samoan) ចំនួនពីរនាក់ នៅក្នុងប្រទេសកម្ពុជា ដែលពាក់ព័ន្ធនឹងករណីបាញ់ប្រហារមួយបង្កឡើងលើជនជាតិអូស្ត្រាលីពីរនាក់ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។
យោងតាមសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលពីថ្ងៃទី២៧ ខែឧសភា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២១ ខែឧសភា ដោយបានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។ ក្រោយការស៊ើបអង្កេត នគរបាលវៀតណាមបានកំណត់ថា ជនសង្ស័យបានរត់គេចខ្លួនចូលមកក្នុងទឹកដីកម្ពុជា ហើយក៏បានស្នើសុំកិច្ចសហប្រតិបត្តិការពីអាជ្ញាធរកម្ពុជា។
តាមរយៈការផ្លាស់ប្តូរព័ត៌មាន និងការសម្របសម្រួលរវាងកងកម្លាំងនគរបាលនៃប្រទេសទាំងពីរ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃប្រទេសកម្ពុជា សហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ កាលពីថ្ងៃទី២៤ ខែឧសភា។
ជនសង្ស័យទាំងពីរនាក់ត្រូវបានកំណត់អត្តសញ្ញាណ រួមមានឈ្មោះ VAA VAA អាយុ ២៧ឆ្នាំ និងឈ្មោះ TAFIA STEVE អាយុ ២៣ឆ្នាំ។ ពួកគេត្រូវបានចាប់ខ្លួននៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ត្រូវបានប្រគល់ជូនអាជ្ញាធរវៀតណាមរួចរាល់ហើយ ដើម្បីបន្តនីតិវិធីច្បាប់។
អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា ប្រតិបត្តិការដ៏ជោគជ័យនេះ បានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងនគរបាលកម្ពុជា និងវៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន ក៏ដូចជាការរក្សាសន្តិសុខ និងសន្តិភាពសម្រាប់ប្រទេសទាំងពីរ និងក្នុងតំបន់ទាំងមូល។
ទន្ទឹមនឹងនេះ នគរបាលជាតិកម្ពុជាបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ទាំងក្នុងកម្រិតតំបន់ និងអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងរាល់ទម្រង់នៃបទល្មើស និងរក្សាស្ថិរភាពក្នុងតំបន់។