ធនាគារ ADB អនុម័តកម្ចី ៨០ លានដុល្លារ សម្រាប់កម្ពុជាបង្កើនលទ្ធភាពទទួលបាន និង គុណភាពការអប់រំថ្នាក់មធ្យមសិក្សា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៤ បានអនុម័តប្រាក់កម្ចីចំនួន ៨0 លានដុល្លារ ដើម្បីពង្រឹងការអប់រំកម្រិតមធ្យមសិក្សានៅកម្ពុជា ដោយផ្តោតលើជំនាញ «សតវត្សទី ២១» ដូចជាការគិតស៊ីជម្រៅនិងដោយភាពច្នៃប្រឌិត ការបង្រៀនដោយបរិយាបន្នសម្រាប់ទាំងសិស្សប្រុសនិងសិស្សស្រី និង ការត្រួសត្រាយផ្លូវសម្រាប់ការអប់រំក្រោយមធ្យមសិក្សា។

គម្រោងអប់រំថ្នាក់មធ្យមសិក្សា​ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងផ្នែកមូលធនមនុស្ស​នេះ​នឹងបង្កើនចំនួនអគារសិក្សា ដែលធន់នឹងអាកាសធាតុប្រកបដោយបរិយាបន្ន (រួមទាំងថ្នាក់រៀន​បន្ថែម ចំនួន​ ៤00) ដើម្បីដោះស្រាយស្ថានភាពចង្អៀតក្នុងថ្នាក់រៀន និង ពង្រីកលទ្ធភាពទទួលបាន​ការអប់រំ​មធ្យម​សិក្សាទុតិយភូមិប្រកបដោយគុណភាព។

លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មាន​ប្រសាសន៍ថា​«កម្ពុជាត្រូវពន្លឿនការផ្លាស់ប្តូរទៅរកសកម្មភាពសេដ្ឋកិច្ចដែលបន្ថែមតម្លៃខ្ពស់​ ជាពិសេសសកម្មភាព​ដែល​ជំរុញដោយបច្ចេកវិទ្យា ដើម្បីរក្សាសមត្ថភាពប្រកួតប្រជែងជាសកល និងពង្រឹងវឌ្ឍនភាព​សេដ្ឋកិច្ច​ដ៏គួរឱ្យ កត់សម្គាល់របស់ខ្លួនកន្លងមកនេះ។ កម្លាំងពលកម្មប្រកបដោយជំនាញ និង ការអប់រំ គឺជាតម្រូវការ មូលដ្ឋានដើម្បីសម្រេចបានគោលដៅនេះ។ ឈរលើសមិទ្ធផលនៃការវិនិយោគ​ជាបន្តបន្ទាប់របស់ ADB ក្នុង វិស័យអប់រំ និងអភិវឌ្ឍន៍ជំនាញ គម្រោងនេះមានគោល​បំណងពង្រីកសក្តានុពលនៃចំនួនពលរដ្ឋ​វ័យក្មេង​របស់កម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច​នាពេលអនាគត។»

ចំនួនចុះឈ្មោះពិតនៃការសិក្សាមធ្យមសិក្សាទុតិយភូមិ នៅមានអត្រាទាបត្រឹមតែ​៣៥,៥%​ នៅ​ក្នុង​ប្រទេសកម្ពុជា ដោយសារកត្តាដូចជាអគារសិក្សាមិនគ្រប់គ្រាន់ និងសេដ្ឋកិច្ចគ្រួសារ ជាពិសេស​សម្រាប់ ក្មេងប្រុសដែលត្រូវរួមចំណែកប្រាក់រកចំណូលគ្រួសារ។ គ្រូបង្រៀនត្រូវការការបណ្តុះបណ្តាល និងការ​គាំទ្រ​បន្ថែម ដើម្បីអភិវឌ្ឍជំនាញ និងសមត្ថភាពឱ្យឆ្លើយតបនឹងតម្រូវការដើម្បីបង្រៀន​សិស្ស​បច្ចុប្បន្ន។ ជាងនេះទៅទៀត សិស្សដែលត្រូវការការអប់រំពិសេសត្រូវប្រឈមនឹងឧបសគ្គកាន់តែខ្លាំង​ដើម្បី​ទទួលបាន​ការអប់រំមធ្យមសិក្សាប្រកបដោយគុណភាព។

គម្រោងនេះនឹងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការអប់រំ ជាពិសេសសម្រាប់សិស្សានុ​សិស្សដែលមានពិការភាពក្នុងការសិក្សា តាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាជំនួយ និងការគាំទ្រដល់សាលា មធ្យមសិក្សាអប់រំពិសេស។ គម្រោងនេះនឹងលើកកម្ពស់ការអប់រំលើមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដើម្បីរៀបចំក្រុមកំលាំងពលកម្មសម្រាប់ពេលអនាគត​ ដែលមានជំនាញស្រប តាមតម្រូវការឧស្សាហកម្ម។ សម្រាប់គោលដៅដូចគ្នានេះដែរ គម្រោងនឹងអភិវឌ្ឍជំនាញទន់ ដូចជាការ ទំនាក់ទំនង ការសហការ និងការគិតប្រកបដោយការរិះគន់ និង ការគិតស៊ីជម្រៅនិងដោយភាពច្នៃប្រឌិត សម្រាប់សិស្សានុសិស្ស។ គម្រោងនេះនឹងវិនិយោគលើការកែលម្អការអភិវឌ្ឍវិជ្ជាជីវៈរបស់គ្រូបង្រៀន ដើម្បី ជំរុញវិធីសាស្ត្របង្រៀនតាមបែបគម្រោង​ ដែលរួមបញ្ចូលការងារជាក្រុម ការដោះស្រាយបញ្ហា ជាក់ ស្តែង និងការចូលរួមជាមួយសហគមន៍។ គម្រោងក៏នឹងពិនិត្យ និងពង្រឹងការប្រឡងបញ្ចប់ការសិក្សាថ្នាក់ ទី១២ ដើម្បីពិនិត្យវាយតម្លៃមើលឱ្យកាន់តែច្បាស់នូវកម្មវិធីសិក្សាដែលបានធ្វើទំនើបកម្ម ក៏ដូចជាបង្កើតវគ្គសិក្សា​បំប៉នពិសេសក្នុងវិស័យអាទិភាព ដូចជាសេដ្ឋកិច្ចឌីជីថល និងគណិតវិទ្យាអនុវត្ត សំដៅពង្រឹងប្រភព ធនធានមនុស្សប្រកបដោយជំនាញ។

គម្រោងនេះគឺជាធាតុផ្សំដ៏សំខាន់នៃការគាំទ្ររបស់ ADB សម្រាប់រាជរដ្ឋាភិបាលក្នុងការលើក​កម្ពស់​ការអភិវឌ្ឍធនធានមនុស្ស។ វាស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលសម្រាប់កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក៏ដូចជា យុទ្ធសាស្ត្រភាពជាដៃគូសម្រាប់​អភិវឌ្ឍន៍កម្ពុជា​របស់​ADB ឆ្នាំ ២០២៤-២០២៨។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាបន្ន ភាពធន់​និង​និរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រ​ខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៩ ប្រទេស ដែល ក្នុងនោះ​មាន ៤៩ ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕

 

Daily Program

Livesteam thumbnail