ធនាគារអភិវឌ្ឍន៍អាស៊ី រក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ ២០២៤-២០២៥
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់កម្ពុជា នៅកម្រិត ៥,៨% សម្រាប់ឆ្នាំ ២០២៤ និង ៦,០% សម្រាប់ឆ្នាំ ២០២៥។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបន្ថែមថា ការព្យាករនេះ ឆ្លុះបញ្ចាំងពីការកើនឡើងតិចតួចនៃថ្លៃម្ហូបអាហារ និង ការធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈនៅក្នុងឆមាសទី១ ឆ្នាំ២០២៤ ធនាគារអភិវឌ្ឍន៍អាស៊ី បានបន្ថយការព្យាករ អតិផរណាពីមុនរបស់ខ្លួនពី ២,០% មក ០,៥% សម្រាប់ឆ្នាំ២០២៤។ នេះបើយោងតាម ទស្សនវិស័យ អភិវឌ្ឍន៍អាស៊ី (Asian Development Outlook ឬ ADO) ខែកញ្ញា ឆ្នាំ២០២៤។
លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានលើកឡើងថា ការស្ទុះងើបឡើងវិញនៃវិស័យវាយនភណ្ឌ ជាពិសេសសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរកំពុង ជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា។
លោកស្រីបន្តថា ៖ «វិស័យកសិកម្ម និងទេសចរណ៍កំពុងបន្តកើនឡើង ខណៈការបន្តហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស កំពុងជួយជំរុញល្បឿនសេដ្ឋកិច្ចកម្ពុជា។ ជារួម កម្លាំងចលករ ទាំងនេះ កំពុងនាំមកនូវស្ថានភាពល្អប្រសើរសម្រាប់ឆ្នាំ ២០២៤ ព្រមទាំងពង្រឹងមូលដ្ឋាន សម្រាប់កំណើន រឹងមាំនៅឆ្នាំ ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត»។
ការបន្ទាបការព្យាករអតិផរណា ឆ្លុះបញ្ចាំងពីការថយចុះថ្លៃទំនិញនិងសេវាទាក់ទឹននឹងប្រេងឥន្ធនៈ រួមជាមួយនឹងការថយចុះនៃថ្លៃ ដែលបានគាំទ្រដល់ផលិតកម្មកសិកម្ម។ ការណ៍នេះនឹងជួយសម្រាល បន្ទុកចំណាយចាំបាច់របស់ប្រជាពលរដ្ឋ ជាពិសេសក្រុមអ្នកដែលងាយរងគ្រោះបំផុត ដែលបានប្រឈម មុខនឹងបញ្ហានានាក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារការកើនឡើងនៃថ្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ។
របាយការណ៍នេះបញ្ជាក់ថា កំណើននៃការនាំចេញ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរ បានងើបឡើងវិញប្រមាណ ១៦,៩% ឆ្នាំលើឆ្នាំ ក្នុងឆមាសទី១ ឆ្នាំ ២០២៤ បន្ទាប់ពីបានធ្លាក់ ចុះ ១៨,៦% ក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៣។
កំណើនការនាំចេញផលិតផលកមន្តសាលដទ ទៀតបានថយមកត្រឹម ១,៣% ឆ្នាំលើឆ្នាំ នៅក្នុងឆមាសទី១ ពី ២១,២% ដែលសម្រេចបានក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៣។ ការនាំចូលសម្ភារៈនិងឧបករណ៍សំណង់ បានកើនឡើង ២៣,៣% ឆ្នាំលើឆ្នាំ ក្នុងឆមាសទី១ ដោយសារសំណង់ជំរុញដោយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។
វិស័យកសិកម្មត្រូវបានព្យាករថានឹងកើនឡើង ១,២% ក្នុងឆ្នាំ ២០២៤ និង ១,៣% ក្នុងឆ្នាំ ២០២៥។ វិស័យសេវាកម្ម ត្រូវបានព្យាករថានឹងកើនឡើង ៥,៤%នៅឆ្នាំ២០២៤ មុនថយមកកម្រិត ៥,២% នៅឆ្នាំ ២០២៥។
ការព្យាករនេះត្រូវបានគាំទ្រដោយការកើនឡើង ២២,៧% ឆ្នាំលើឆ្នាំ នៃការមក ដល់របស់ភ្ញៀវទេសចរ ក្នុងឆមាសទី១ ឆ្នាំ ២០២៤។ ចំនួនភ្ញៀវអន្តរជាតិសរុប បានកើនដល់ ៩៤,៨% ន កម្រិតមុនមានជំងឺរាតត្បាត ក្នុងឆមាសទី១ ឆ្នាំ២០១៩។
លំហូរវិនិយោគពីបរទេសបានបន្តកើតមាន បើទោះជាបានថយបន្តិចមកត្រឹម ២,០ ពាន់លាន ដុល្លារ ក្នុងឆមាសទី១ ឆ្នាំ ២០២៤ ពី ២,១ ពាន់លានដុល្លារ ក្នុងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន។ លំហូរ វិនិយោគនេះ ត្រូវបានគាំទ្រដោយកំណើនទុនទៅក្នុងវិស័យមិនមែនហិរញ្ញវត្ថុ ខណៈពេលដែលលំហូរ វិនិយោគទៅក្នុងវិស័យហិរញ្ញវត្ថុមានការថយចុះគួរឲ្យកត់សម្គាល់ ទំនងជាដោយសារប្រាក់ចំណេញទាបនៃវិស័យធនាគារ។
ហានិភ័យដែលអាចកើតមានសម្រាប់ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជានេះរួមមាន កំណើនសេដ្ឋកិច្ច យឺតជាងការរំពឹងទុកក្នុងប្រទេសធំៗដូចជា សាធារណរដ្ឋប្រជាមានិតចិន អឺរ៉ុប និងសហរដ្ឋអាមេរិក បំណុលឯកជនខ្ពស់ ការប្រែប្រួលថ្លៃប្រេងឥន្ធនៈសកល និងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារអាកាសធាតុ អាក្រក់។
ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវវិបុលភាព បរិយាបន្ន ភាពធន់និងនិរន្ដរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ប្រទេស ដែល ក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕