ទីក្រុងមូស្គូ ប្រទូស្តរាយប្រឆាំងអ្នកវិទ្យាសាស្រ្តរបស់ខ្លួន
លោកអាឡិចហ្សង់ឌើ ស្ហ៊ីព្លីយូក អ្នកសិក្សាស្រាវជ្រាវរុស្ស៊ីអំពីមីស៊ីលល្បឿនលឿនជាងសម្លេង ទើបតែត្រូវបានដាក់ទោសឲ្យជាប់គុក ១៥ឆ្នាំ ពីបទក្បត់ជាតិ។ លោកគឺជាអ្នកវិទ្យាសាស្រ្តចុង ក្រោយ ដែលត្រូវបានឃាត់ខ្លួនដោយការិយាល័យសន្តិសុខសហព័ន្ធចាប់ តាំងពីការចាប់ផ្តើម នៃសង្រ្គាមនៅអ៊ុយក្រែន។
កាលពីថ្ងៃអង្គារ ទី៣ ខែកញ្ញា លោកអាឡិចហ្សង់ឌើ ស្ហ៊ីព្លីយូក ត្រូវបានដាក់ទោសដោយតុលាការក្រុងមូស្គូ ដោយជាប់គុក ១៥ឆ្នាំ នៅក្នុងគុកសន្តិសុខកម្រិតខ្ពស់។ ចេញពីការកាត់ក្តីដែលប្រព្រឹត្តទៅដោយបិទទ្វារ អតីតនាយកវិទ្យាស្ថានយន្តការទ្រឹស្តី និងអភិវឌ្ឍ (Itam) នៅតំបន់ស៊ីបេរី ត្រូវបានទទូលស្គាល់ថាជាប់ពិរុទ្ធដោយបញ្ជូនព័ត៌មានរសើបនៅអំឡុងសន្និសីទវិទ្យាសាស្រ្តនៅប្រទេសចិននៅឆ្នាំ២០១៧។
លោកអាឡិចហ្សង់ឌើ ស្ហ៊ីព្លីយូក បាននិយាយការពារខ្លួនថា ទិន្នន័យដែលបង្ហាញនៅពេលសន្និសីទនោះគឺស្ថិតនៅក្នុងវិស័យសាធារណៈ។
សហការីរបស់លោក គឺលោកអាណាតូលី ម៉ាស្លូវ អាយុ ៧៨ឆ្នាំ ដែលមានឯកទេសខាងការបង្ហោះល្បឿនលឿនជាងសម្លេង ក៏ត្រូវបានដាក់ទោសឲ្យជាប់គុក ១៤ឆ្នាំ ផងដែរ កាលពីខែឧសភា។ គាត់ត្រូវបានគេចោទប្រកាន់ថា ក្បត់ជាតិ ដោយបានបញ្ជូនព័ត៌មានអំពីបច្ចេកវិទ្យារស៊ើបនៅអំឡុងការស្ថិតនៅឯបរទេស។
ចំណែកលោក វ៉ាឡឺរី ហ្ស្វ៉េហ្ស៊ីនសេវ មានហានិភ័យនឹងទទូលជោគវាសនាដូចគ្នា។ រូបលោកក៏មានឯកទេសខាងបង្ហោះល្បឿនលឿនជាងសម្លេងនៅ Itam និងត្រូវបានឃាត់ខ្លួនកាលពីឆ្នាំមុន ហើយកំពុងត្រូវបានដាក់ជាប់ឃុំឃាំងបណ្តោះអាសន្នដើម្បីរងចាំការកាត់ក្តី។
ការសាកសួរអ្នកវិទ្យាសាស្រ្តនេះនឹងមិនត្រូវបានបញ្ជាក់ដោយអាជ្ញាធរទេ រហូតដល់មានការផ្សព្វផ្សាយកាលពីខែឧសភា ដោយលិខិតចំហដែលចុះហត្ថលេខាដោយអ្នកវិទ្យាសាស្រ្តរុស្ស៊ី ដែលព្រួយបារម្ភអំពីជោគវាសនារបស់សហការីទាំងបីរបស់ពួកគេ។
អ្នកសិក្សាស្រាវជ្រាវនៃមជ្ឈមណ្ឌលនេះដែលមានមូលដ្ឋាននៅ ណូវ៉ូស៊ីប៊ៀស្ក៍ មិនមែនជាគោលដៅតែមួយរបស់អាជ្ញាធររុស្ស៊ីនោះទេ។ លោកអាឡិចហ្សង់ឌើ គូរ៉ាណូវ អាយុ ៧៦ឆ្នាំ វិស្វករនៅទីក្រុងសាំង ពេទែស្បួ ដែលជាអ្នកត្រួតពិនិត្យកម្មវិធីដ៏សំខាន់មួយក្នុងចំណោមកម្មវិធីនានានៃការអភិវឌ្ឍយន្តហោះល្បឿនលឿនជាងសម្លេងនៅដំណាចយុគសម័យសហភាពសូវៀត ក៏ត្រូវបានដាក់ទោសឲ្យជាប់គុក ៧ឆ្នាំ ពីបទក្បត់ជាតិកាលពីខែមេសា ឆ្នាំ២០២៤ផងដែរ។ លោកត្រូវបានជាប់ឃុំឃាំងបណ្តោះអាសន្ន ជាងពីរឆ្នាំ។
បណ្តាញទូរទស្សន៍ BBC អង់គ្លេស បានសន្និដ្ឋានថា ច្បាស់ណាស់ ការងារធ្វើមិនបានល្អទេ នៅលើយុទ្ធសាស្រ្តបច្ចេកវិទ្យាបង្ហោះល្បឿនលឿនជាងសម្លេងនៅរុស្ស៊ី។ ជាសរុប អ្នកកាន់អំណាចរុស្ស៊ីបានឃាត់ខ្លួន អ្នកឯកទេស ១១នាក់ នៅក្នុងវិស័យនេះតាំងពីឆ្នាំ២០១៨។ គឺនៅឆ្នាំ២០១៨នោះ ដែលលោកវ្លាឌីមៀ ពូទីន ជាលើកទី១ ធ្លាប់បានបញ្ជាក់ថា ប្រទេសរបស់លោក មានមីស៊ីលល្បឿនលឿនជាងសម្លេង ដែលពិនិត្យឃើញថា បានបង្ហាញនូវអនុភាពខ្លាំងក្លាខាងបច្ចេកវិទ្យារបស់យោធារុស្ស៊ីនេះ និងនាំមុខសហរដ្ឋអាម៉េរិក។
សារព័ត៌មាន BBC បានវាយតម្លៃទៀតថា ការបង្រ្កាបប្រឆាំងនឹងអ្នកវិទ្យាសាស្រ្តរុស្ស៊ី កើនឡើងក្រោយពីមានការវាយប្រហារដ៏ធំប្រឆាំងនឹងអ៊ុយក្រែនចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២។ លោកជេននី ម៉ាធើ អ្នកឯកទេសនៃបញ្ហាសន្តិសុខនៅរុស្ស៊ីនៅសកលវិទ្យាល័យ អាបឺរីស្តវីធ នៅប្រទេសវ៉េល សន្និដ្ឋានថា ៖ “ការសងសឹករបស់របបពូទីនប្រឆាំងនឹងអ្នកវិទ្យាសាស្រ្តក្លាយជាកាន់តែឃោរឃៅ”។