ទីក្រុងប៉ារីស ទីក្រុងឡុងដ្រ៍ និងប៊ែរឡាំង គាំទ្រសំណើររបស់លោកហ្សេឡេនស្គី ក្នុង កិច្ចចរចាផ្ទាល់ជាមួយទីក្រុងមូស្គូ
កិច្ចប្រជុំនៅទីក្រុងឡុងដ្រ៍ នឹងមានសារប្រយោជន៍សម្រាប់ប្រធានាធិបតីអ៊ុយក្រែន។ ចេញពីកិច្ចប្រជុំកាលពីថ្ងៃទី៧ ខែមិថុនា មេដឹកនាំបារាំង អាឡឺម៉ង់ និងអង់គ្លេស បាននាំមកនូវការគាំទ្ររបស់ខ្លួនសម្រាប់សំណើររបស់លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន ឲ្យមានកិច្ចចរចាផ្ទាល់រវាងអ៊ុយក្រែន និងរុស្ស៊ី។
លោកអេម៉ានូអែល ម៉ាក្រុង លោកខេ ស្តាកមើ និងលោកហ្វ្រ៊ីឌ្រីច មឺហ្ស បានសាទរការអំពាវនាវរបស់លោកប្រធានាធិបតី ហ្សេឡេនស្គី សម្រាប់ការបញ្ចប់សង្រ្គាម និងបើកការចរចាតាមផ្លូវការទូត បន្ទាប់ពីលោកបានស្នើទៅកាន់លោកវ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ដើម្បីជួបលោកផ្ទាល់នៅក្នុងសំបុត្រដែលបញ្ជូនទៅកាលពីសប្តាហ៍មុន។
ប៉ុន្តែប្រធានាធិបតីរុស្ស៊ីបានឆ្លើយថា មិនឃើញថាមាន អត្ថប្រយោជន៍ សម្រាប់ការចរចា គឺ ទាល់តែមានកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាម ត្រូវបានចរចាជាមុនសិន។
យោងតាមសេចក្តីប្រកាសមួយដែលមានចុះហត្ថលេខាដោយទីក្រុងគៀវ បានឲ្យដឹងថា ទីក្រុងប៉ារីស ទីក្រុងឡុងដ្រ៍ និងប៊ែរឡាំង បាននាំមកនូវការគំាទ្រសម្រាប់សំណើរដែលជាគុណប្រយោជន៍នៃកិច្ចសន្ទនាផ្ទាល់រវាងអ៊ុយក្រែន និងរុស្ស៊ី ជាមួយនឹងការចូលរួមយ៉ាងសកម្មពីសហរដ្ឋអាម៉េរិក និងពីអឺរ៉ុប ដើម្បីឈានទៅរកបទឈប់បាញ់ និងការគាំទ្រឲ្យមានការបន្តកិច្ចចរចាបន្តទៀត។
មេដឹកនាំទាំងបួនរូប បានបញ្ជាក់ថា ៖”ខ្សែទំនាក់ទំនងសព្វថ្ងៃត្រូវបានប្រើប្រាស់ជាចំនុចចេញដំណើរសម្រាប់ការចរចា។ ព្រំដែនអន្តរជាតិមិនត្រូវបានធ្វើការផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងនោះទេ។” ម្យ៉ាងវិញទៀត ពួកគេក៏បានបញ្ជាក់អំពីសេចក្តីត្រូវការបន្ទាន់ដើម្បីពង្រីកការផលិតឧបករណ៍ទប់ស្កាត់ឲ្យមានទំហំធំ អភិវឌ្ឍសមត្ថភាពប្រឆាំងមីស៊ីលបាលីស្ទីក និងសមត្ថភាពវាយប្រហារក្នុងទីជម្រៅជាមួយគ្នា។ នេះធ្វើឡើងបន្ទាប់ពីការវាយប្រហារថ្មីៗ របស់រុស្ស៊ី ដែលបានធ្វើឲ្យមនុស្សស្លាប់ ៥នាក់ និងការខូចខាតជាច្រើនលើមណ្ឌលនុយក្លេអ៊ែរនៅប្រទេសអ៊ុយក្រែន។
លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ដែលបានប្រកាសថា លោកនឹងទៅជួបស្តេច ឆាល ទី៣ ក៏បានអំពាវនាវនៅលើបណ្តាញសង្គម អ៊ិក (X) របស់លោក មុនពេលនៃជំនួបដែលធ្វើសម្រាប់កិច្ចសហប្រតិបត្តិការដែលធំជាងមុន ដើម្បីសន្តិសុខទូទាំងអឺរ៉ុប នៅក្នុងវិស័យការពារដែនអាកាស។
ប្រធានាធិបតីអ៊ុយក្រែនប្រាថ្នាឲ្យមានការចូលរួមបន្ថែមទៀតរបស់សម្ព័ន្ធមិត្តអឺរ៉ុប នៅក្នុងការស្វែងរកដំណោះស្រាយខាងការទូត នៅខណៈដែលការផ្តោចអារម្មណ៍របស់ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ គឺបែរទៅរកសង្រ្គាមនៅអ៊ីរ៉ង់។
នៅក្នុងកិច្ចសម្ភាសន៍មួយឲ្យសារព័ត៌មាន ស្កាយញូស៍ Sky News ដែលផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យ លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានថ្លែងថា លោកបានជួបមហាសេដ្ឋីរុស្ស៊ី លោករ៉ូម៉ាន អាប្រាមូវីត នៅទីក្រុងគៀវ និងបានបញ្ជូនតាមរយៈគាត់នូវសារសំដៅឲ្យលោកវ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ដែលមានជាអាទិ៍រៀបរាប់ថា ទីក្រុងគៀវ នឹងមិនធ្វើសម្បទានតំបន់ដុនបាស ដែលជាតំបន់ឧស្សាហកម្មនៅភាគខាងកើតអ៊ុយក្រែន ដែលមួយផ្នែកត្រូវបានរុស្ស៊ីគ្រប់គ្រងនោះទេ។
ទន្ទឹមពេលជាមួយគ្នា សង្រ្គាមនៅតែបន្ត។ យោងតាមអាជ្ញាធរតំបន់ និងក្រុមអ្នកជួយសង្រ្គោះ ការវាយប្រហាររបស់រុស្ស៊ីនៅលើភូមិមួយនៅតំបន់ ហ្ស៉ាប៉ូរីហ្ស៊ីយ៉ា ភាគខាងអាគ្នេយ៍អ៊ុយក្រែន ក៏បានធ្វើឲ្យមនុស្ស ២នាក់ ស្លាប់ និង ៣នាក់ រងរបួសកាលពីថ្ងៃអាទិត្យ។ អ្នកបើកបរឡានក្រុងម្នាក់អាយុ៥៦ឆ្នាំ ត្រូវបានសម្លាប់នៅក្នុងរថយន្តលោក នៅក្នុងទីក្រុងនេះ។