ទីក្រុងកំពត ត្រៀមដាក់បេក្ខភាពចូលជា សមាជិកបណ្តាញទីក្រុង មានភាពច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ

ទីក្រុងកំពត ត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុង ដែលមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហារ (Gastronomy) របស់អង្គការយូណេស្កូ(UNESCO Creative Cities Network - UCCN)។ ការត្រៀមនេះ បន្ទាប់ពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយស្តីពីការរៀបចំឯកសារបេក្ខភាពទីក្រុងកំពត ដើម្បីចូលជាបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network - UCCN)។

សិក្ខាសាលានេះ ក៏មានការចូលរួមពីលោក ផ្លាវីអូ បូណេទី (Flavio Bonetti) នាយកអង្គការយូណេស្កូប្រចាំកម្ពុជា, រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត, រដ្ឋបាលខេត្តកំពតនិងភាគីពាក់ព័ន្ធក្នុងខេត្ត តំណាងរដ្ឋបាលខេត្តបាត់ដំបង ខេត្តមណ្ឌលគិរី ខេត្តរតនគិរី វិស័យឯកជន និងអ្នកជំនាញការ។

លោក ហួត ហាក់ បានថ្លែងអំណរគុណចំពោះអង្គការយូណេស្កូប្រចាំកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តកំពត ក្រុមការងារបច្ចេកទេសនៃក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំឯកសារបេក្ខភាពនេះ ព្រមទាំងបានកោតសរសើរចំពោះប្រជាពលរដ្ឋ សិប្បករ សហគ្រិន ផលិតករ និងចុងភៅក្នុងខេត្តកំពត ដែលបានរួមចំណែកថែរក្សា និងអភិវឌ្ឍមរតកវប្បធម៌ និងម្ហូបអាហារប្រចាំតំបន់ឱ្យមានភាពលេចធ្លោ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីទេសចរណ៍ បានគូសបញ្ជាក់ថា ទេសចរណ៍សម័យថ្មីមិនត្រឹមតែផ្តោតលើការទស្សនាទេសភាពប៉ុណ្ណោះទេ ប៉ុន្តែភ្ញៀវទេសចរចង់ទទួលបានបទពិសោធន៍ពិតប្រាកដ តាមរយៈវប្បធម៌ ម្ហូបអាហារ សិល្បៈ តន្ត្រី។ល។ ដូច្នេះ ការចូលរួមក្នុងបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់យូណេស្កូផ្នែកម្ហូបអាហារ នឹងក្លាយជាយុទ្ធសាស្ត្រសំខាន់ក្នុងការទាក់ទាញវិនិយោគិន បង្កើនការប្រកួតប្រជែង និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។

សូមបញ្ជាក់ថា ទីក្រុងបាត់ដំបងត្រូវបានទទួលស្គាល់ជាទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ (Gastronomy) កាលពីឆ្នាំ២០២៣ ដែលបានបង្ហាញយ៉ាងច្បាស់ពីសក្តានុពលវប្បធម៌ និងភាពច្នៃប្រឌិតរបស់កម្ពុជាទៅកាន់ពិភពលោក៕

Daily Program

Livesteam thumbnail