ទាហានអ៊ុយក្រែនអះអាងអំពីការបញ្ឈប់ការវាយបករបស់រុស្ស៊ីនៅក្នុងតំបន់គូស្ក៍

កាលពីថ្ងៃទី១៨ ខែកញ្ញា អ្នកនាំពាក្យនៃបញ្ជាការតំបន់របស់អ៊ុយក្រែន លោកអូឡិចស៊ីអ៊ី ឌីមីត្រាចគីវស្គី បានបញ្ជាក់ថា ការវាយបករបស់រុស្ស៊ីដែលសំដៅដណ្តើមយកមកវិញនូវតំបន់ នានានៅក្នុងខេត្តគូស្ក៍​ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន ត្រូវបានបញ្ឈប់។  អ្នកនាំ​ពាក្យ​​រូប​នេះ​បញ្ជាក់ថា ប្រជាជនស៊ីវិលរាប់ពាន់នាក់ក៏ស្ថិតនៅក្នុងតំបន់នេះ។ លោកបានថ្លែង​ទៀត​​ថា រុស្ស៊ីព្យាយាមវាយប្រហារជាច្រើនមុខព្រួញ ប៉ុន្តែពួកគេត្រូវបានបញ្ឈប់។ ស្ថានភាព​មាន​​ស្ថិរភាព ហើយឥឡូវនេះ អ្វីៗ ស្ថិតនៅក្រោមការគ្រប់គ្រង។

ចាប់តាំងពី ២ឆ្នាំ កន្លះ ប្រឈមមុខនឹងការឈ្លានពានរបស់រុស្ស៊ី និងស្ថិតនៅក្រោមសំពាធជា ច្រើនខែ​នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី៦ ខែសីហា កងកម្លាំងអ៊ុយក្រែន បានវាយប្រហារ​ដ៏គួរឲ្យភ្ញាក់ផ្អើល​នៅក្នុងតំបន់ព្រំដែនខាងដីរុស្ស៊ីតំបន់គូស្ក៍ និងដណ្តើម បាន ទឹកដីរាប់រយ គម២ និងទីប្រជុំជន​ជាង ១០។

កាលពីថ្ងៃទី១២ ខែកញ្ញា ទាហានរុស្ស៊ី បានប្រកាសថា បានដណ្តើមយកទឹកដីដោយការវាយ​បក​​នៅក្នុងតំបន់នេះ។

ចំណែកលោកអូឡិចស៊ីអ៊ី ឌីមីត្រាចគីវស្គី បានបញ្ជាក់ថា ៖ “ពួកគេបានទទួលជោគជ័យខ្លះ​តិច​តួច ប៉ុន្តែជោគជ័យនេះ បានក្លាយជាការហ៊ុមព័ទ្ធខ្លួនឯងស្ទើតែទាំងស្រុងទៅវិញ។ ទាហាន​រុស្ស៊ី បានចូលដល់ទីប្រជុំជនមួយ។ ពួកគេបានចាប់ផ្តើមវាយយកទីប្រជុំជនមួយទៀត ប៉ុន្តែ​អ្វី​ៗ ត្រូវ​បញ្ចប់ដោយទាហានអ៊ុយក្រែន។”

ម្យ៉ាងវិញទៀត អ្នកនាំពាក្យបានបញ្ជាក់ថា ជនស៊ីវិលរុស្ស៊ីរាប់ពាន់នាក់ ស្ថិតនៅជានិច្ចកាល​នៅ​ក្នុងដែនដីគ្រប់គ្រងដោយអ៊ុយក្រែន។

នៅក្នុងសេចក្តីប្រកាសមួយ ទាហានរុស្ស៊ី បានអះអាងថា កំពុងវាយប្រហារនៅក្នុងតំបន់​ខ្លះ​នៃ​តំបន់​គូស្ក៍ និងរុញច្រានការវាយប្រហាររបស់អ៊ុយក្រែននៅក្នុងតំបន់ដទៃទៀត។

អ៊ុយក្រែនដែលវាយជ្រៀតចូលនៅក្នុងដែនដីរុស្ស៊ី គឺជាទាហានបរទេសទី១ ដែលឈ្លាន​ពាន​រុស្ស៊ី​ចាប់តាំងពីសង្រ្គាមលោកលើកទី២។ នេះបង្កជាការបាក់មុខសម្រាប់​លោក​​វ្លាឌីមៀ ពូទីន។

លើសពីនេះ ដ្រូនរបស់អ៊ុយក្រែនបានបំផ្លាញដេប៉ូមួយដែលផ្ទុកដោយមីស៊ីល និងគ្រាប់កាំភ្លើង​ធំ​នៅក្នុងភាគខាងលិចនៃប្រទេសរុស្ស៊ី គឺនៅទីក្រុង តូរ៉ូប៉េត នៅក្នុងតំបន់ទ្វើ។

យោងតាមប្រភពដដែល បានឲ្យដឹងថា មីស៊ីលបាលីស្ទីក គ្រាប់បែកអាកាសមានទូរគបញ្ជា និង​គ្រាប់កាំភ្លើងធំជាច្រើន បានស្តុកនៅទីនោះ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី រីយ៉ា ណូវ៉ូស្ទី បានឲ្យដឹងថា នៅឆ្នាំ ២០១៨ លោក​ឌីមីទ្រី ប៊ូលហ្គ៉ាកូវ សម័យនោះ ជាអនុរដ្ឋមន្រ្តីការពារជាតិរុស្ស៊ី បានបញ្ជាក់ថា មានឃ្លាំងមួយ​ដែល​ស្តុកគ្រាប់មីស៊ីល គ្រឿងផ្ទុះ និងសម្ភារៈបំផ្ទុះ នឹងត្រូវដាក់ឲ្យដំណើរការ​ឆាប់ៗ​​នៅ​​​ទីក្រុង តូរ៉ូប៉េត។ ទីក្រុងនេះ ស្ថិតនៅចម្ងាយប្រមាណ ៤០០ គម ភាគខាងពាយព្យ​នៃ​ទីក្រុង​មូស្គូ។

នៅលើបណ្តាញតេឡេក្រាម អាជ្ញាធរតំបន់ ទ្វើ បានប្រកាសថា អគ្គីភ័យមួយ កំពុងត្រូវ​បាន​ពន្លត់​​នៅទីកន្លែងដែលមានសំណល់ដ្រូនធ្លាក់នៅទីក្រុងតូរ៉ូប៉េត ដោយមិនបានបញ្ជាក់ថា វាជា​ឃ្លាំង​អាវុធនោះទេ។

អាជ្ញាធររុស្ស៊ីបានបញ្ជាក់ថា ប្រព័ន្ធការពារអាកាសបានបន្តវាយទប់ស្កាត់ការវាយប្រហារដោយ​ដ្រូន​ដ៏សម្បើមមកលើទីក្រុងនេះ។

ជាទៀងទាត់អ៊ុយក្រែនបានដឹកនាំការវាយប្រហារដោយប្រើដ្រូនមកលើដែនដីរុស្ស៊ី ដែលជួន​កាល​ប៉ះពាល់ដល់គោលដៅដែលនៅសែនឆ្ងាយពីព្រំដែនរបស់ខ្លួនផង។ អ៊ុយក្រែនជារឿយៗ វាយសំដៅលើហេដ្ឋារចនាសម្ព័ន្ធយោធា ឬថាមពល ដើម្បីបង្កការខូចខាតដល់ប្រព័ន្ធប្រយុទ្ធ និង​ដឹកជញ្ជូនរបស់ទាហានរុស្ស៊ី។

ទីក្រុងគៀវដឹកនាំការវាយប្រហាររបស់ខ្លួនជាការវាយតបនឹងការទម្លាក់គ្រាប់របស់រុស្ស៊ី​ដែល​បាន​​បំផ្លាញ​ទឹកដីខ្លួនជារៀងរាល់ថ្ងៃ។

 

Daily Program

Livesteam thumbnail