ទណ្ឌិតជិត ៤០០ នាក់ ត្រូវបានស្នើបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងបុណ្យឯករាជ្យជាតិ និង ពិធីបុណ្យអុំទូក​

គណៈកម្មការជាតិត្រួតពិនិត្យការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត បាន​សម្រេច​ឯកភាពលើកសំណើស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតសរុបចំនួន ៣៩០នាក់ ស្រី ៣៥នាក់ ក្នុងឱកាសបុណ្យឯករាជ្យជាតិ (៩វិច្ឆិកា) និងបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤។

ការស្នើនេះ ក្នុង​កិច្ច​​ប្រជុំពិនិត្យបញ្ជីឈ្មោះទណ្ឌិតដើម្បី​ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ​ក្រោមអធិបតីភាពលោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នាថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៤​។

សូមរម្លឹកថា ក្នុងពិធីបុណ្យទាំងពីរ​នេះ គណៈកម្មការជាតិបានទទួលសំណើពីគណៈកម្មការរាជធានី-ខេត្ត(ពន្ធនាគាររាជធានី-ខេត្ត ចំនួន ២៣) និងពីគណៈកម្មការក្រសួងមហាផ្ទៃ(មណ្ឌលអប់រំកែប្រែទាំង៤) បានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត មានចំនួនសរុប ៩០២ នាក់ (ស្រី ៦១ នាក់)។

​សូមបញ្ជក់ថា បើយោងតាមព្រះរាជក្រឹត្យ ពិធីបុណ្យ ដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត មានចំនួន ៥ដង ក្នុង១ឆ្នាំៗ ក្នុងនោះ រួមមាន ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ពិធីបុណ្យវិសាខបូជា ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះ ព្រះខែ អកអំបុក៕

អត្ថបទ៖ អមរិន្ទ ដានុត

Daily Program

Livesteam thumbnail