ថៃនឹងពិនិត្យលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃ ដល់ពលករខ្មែរ អំឡុងពេលបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៥ខាងមុខ
ក្រសួងការងារនៃព្រះរាជាណាចក្រថៃ នឹងស្នើសុំទៅគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យមើលលទ្ធភាពលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃ (Re-Entry Permit) សម្រាប់បងប្អូនពលករខ្មែរ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅខែមេសា ឆ្នាំ២០២៥ ខាងមុខ ដូចទៅនឹងឆ្នាំ២០២៤នេះដែរ តាមសំណើររបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។
សំណើនេះធ្វើឡើងក្នុងអំឡុងជំនួបពិភាក្សាការងារទ្វេភាគីរវាង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ភីផាត់ រាតចាគីតប្រាកន (Phiphat Ratchakitprakarn) រដ្ឋមន្ត្រីក្រសួងការងារនៃព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ នាឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន លើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងប្រទេសសិង្ហបុរី។
គួរបញ្ជាក់ដែរថា តបតាមសំណើរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ក៏បានអនុញ្ញាតលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូល (Re-Entry Permit) សម្រាប់បងប្អូនពលករកម្ពុជាដែលធ្វើដំណើរចេញ-ចូលប្រទេសថៃ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ រួចមកហើយដែរ៕