តើអ្នកដឹងទេថាពិភពលោកមានមនុស្សរហូតដល់ទៅ៦៧៣លាននាក់បានជួបប្រទះភាពអត់ឃ្លាននៅឆ្នាំ ២០២៤?

ទីភ្នាក់ងារអង្គការសហប្រជាជាតិបានរាយការណ៍ថា ប្រហែល ៨,២ ភាគរយនៃចំនួនប្រជាជនពិភពលោក ពោលគឺមនុស្សប្រហែល ៦៧៣លាននាក់ពិតជាបានជួបប្រទះនឹងភាពអត់ឃ្លានកាលពីឆ្នាំ ២០២៤ ។
យោងតាមរបាយការណ៍របស់អង្គការ the State of Food Security and Nutrition in the World ដែលបានចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា ភាពអត់ឃ្លានជាសកលបានធ្លាក់ចុះ ប៉ុន្តែ ទោះយ៉ាងណាក៏ដោយ វាកំពុងកើនឡើងនៅក្នុងតំបន់មួយចំនួន រួមទាំងអាហ្វ្រិក និងអាស៊ីខាងលិច។
ប្រភពដដែលបានអះអាងថា របាយការណ៍នេះគឺជារបាយការណ៍ត្រួតពិនិត្យជាសាកលប្រចាំឆ្នាំសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDG)ដែលពាក់ព័ន្ធនឹងការបញ្ចប់ភាពអត់ឃ្លាន អសន្តិសុខអាហារ និងកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់។
ប្រភពនេះ ក៏បង្ហាញពីស្ថិតិដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតស្តីពីភាពអត់ឃ្លាន អសន្តិសុខអាហារ និងកង្វះអាហារូបត្ថម្ភ ក៏ដូចជាការប៉ាន់ស្មានថ្មីអំពីលទ្ធភាពនៃរបបអាហារដែលមានសុខភាពល្អ។
នៅឆ្នាំ ២០២៤ មនុស្សប្រមាណ ២,៨ ពាន់លាននាក់បានប្រឈមមុខនឹងអសន្តិសុខអាហារកម្រិតមធ្យម ឬធ្ងន់ធ្ងរ។
ទ្វីបដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺទ្វីបអាហ្រ្វិក ដែលមានប្រជាជនប្រហែល ៣០៧ លាននាក់ ពោលគឺជាង ២០% នៃចំនួនប្រជាជនរបស់ខ្លួនបានប្រឈមនឹងភាពអត់ឃ្លាន៕
Daily Program
