តើតំណាងសន្តអាសនៈនិយាយយ៉ាងណាអំពីសន្តិភាពនៅអង្គការសហប្រជាជាតិ?

សន្តិភាពមិនគ្រាន់តែតម្រូវឲ្យគ្មានសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែវាចាំបាច់ត្រូវមានយុត្តិធម៌ សច្ចភាព និងការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស។ នេះបើតាមសុន្ទរកថា របស់លោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័រ រដ្ឋមន្រ្តីទទួលបន្ទុកទំនាក់ទំនងជាមួយរដ្ឋនិងអង្គការក្រៅរដ្ឋាភិបាលរបស់សន្តអាសនៈ។
លោកអគ្គអភិបាលបានលើកឡើងថា នៅលើពិភពលោកដែលកំពុងតែស្ថិតនៅក្នុងស្ថានភាពពោរពេញដោយ ការបែកបាក់ ជម្លោះ និងការមិនទុកចិត្ត ការអំពាវនាវឱ្យមានសន្តិភាពត្រូវតែបន្តធ្វើបន្ថែមទៀតនិងចាំបាច់ត្រូវធ្វើដោយស្មោះអស់ពីចិត្ត។
លោកអគ្គអភិបាលបានលើកឡើងថា សន្តិភាពពិតត្រូវការសន្ទនា និងការយោគយល់គ្នាទៅវិញទៅមក តាមរយៈការជឿទុកចិត្ត និង ការផ្សះផ្សារហើយត្រូវចាំថា ជម្លោះថ្ងៃនេះមិនត្រឹមតែបំផ្លាញជីវិតប៉ុណ្ណោះទេ ថែមទាំងកំពុងបំផ្លាញនូវក្តីសង្ឃឹមរបស់មនុស្សជាតិទៀតផង។
លោកបានជំរុញឲ្យមនុស្សជាតិយកសន្តិភាពដាក់ចេញពីបេះដូង ទាំងក្នុងគ្រួសារ ក្នុងសង្គម និងក្នុងចំណោមជាតិសាសន៍ ហើយត្រូវតាំងខ្លួនជាសិប្បករនៃសន្តិភាព ដើម្បីមនុស្សជំនាន់ក្រោយអាចទទួលមរតកពិភពលោកប្រកបដោយភាពសុខដុម និងក្តីសង្ឃឹម៕
Daily Program
